
លោក ហ៊ុន សែន ពេលជួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក Frank Walter Steinmeier កាលពីថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០២៣។ រូបថត SPM
ភ្នំពេញៈ កម្ពុជា តាមរយៈក្រសួងទេសចរណ៍ បាននិងកំពុងខិតខំ ជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍នៅលើទីផ្សារអាល្លឺម៉ង់ ក្នុងពិព័រណ៍ទេសចរណ៍ ITB Berlin 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧-៩ ខែមីនា ឆ្នាំ ២០២៣ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
លោកថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ និងជាសមាជិកក្រុមការងារការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការចូលរួមរបស់កម្ពុជា គឺដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ដំណាក់កាលទី២(២០២០-២០២៥) និងបន្តផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដោយផ្ដោតសំខាន់ទៅលើកីឡា និង MICE។
លោកអគ្គនាយកបញ្ជាក់ថា៖«កិច្ចសហការនេះ ធ្វើឡើង ដោយយោងតាមជំនួបពិភាក្សាការងារ រវាងនាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានាធិបតីអាល្លឺម៉ង់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នាឱកាសដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាលើកដំបូង បន្ទាប់ពីវិបត្តិកូវីដ១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-អាល្លឺម៉ង់»។
លោកថោង រដ្ឋសក្តិ បានបន្តថា កម្ពុជាក៏បានផ្សព្វផ្សាយអំពីការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ កាន់តែច្រើនមកទស្សនាកម្ពុជា ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយដៃគូឯកជនលើទីផ្សារអឺរ៉ុប ជាពិសេសអាល្លឺម៉ង់»។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATACC)លោកធួន ស៊ីណាន ឱ្យដឹងថា ការតាំងពិព័រណ៍ទេសចរណ៍ ITB Berlin 2023នេះ មិនមែនផ្តោតតែលើទីផ្សារអាល្លឺម៉ង់នោះទេ ព្រោះវាជាព្រឹត្តការណ៍ប្រចាំឆ្នាំដ៏ធំមួយរបស់ពិភពលោក។ ការចូលរួមលក់កញ្ចប់ទេសចរណ៍នៅទីនោះមិនត្រឹមសម្រាប់ទីផ្សារអាល្លឺម៉ងមួយនោះទេ ថែមទាំងទីផ្សារសហភាពអឺរ៉ុបទាំងមូលផងដែរ។
លោកប្រាប់ថា៖«ការចូលរួមរបស់រដ្ឋាភិបាល និងវិស័យឯកជននៅក្នុងពិព័រណ៍ទេសចរណ៍នេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍មួយដែលមានភាពសម្បូរបែប ដោយមិនត្រឹមតែការលក់កញ្ចប់ទស្សនកិច្ចប៉ុណ្ណោះនោះទេ»។
បើតាមលោកថោង រដ្ឋសក្តិ នាព្រឹត្តិការណ៍នោះដែរ ប្រតិភូក្រសួងទេសចរណ៍ នឹងចូលរួមសិក្ខាសាលា និងកិច្ចប្រជុំសំខាន់ៗមួយចំនួនជាមួយអង្គការទេសចរណ៍ពិភពលោក(UNWTO) ដូចជា កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីទេសចរណ៍ ដោយផ្ដោតសំខាន់ទៅលើការធ្វើជាម្ចាស់នៃការផ្លាស់ប្តូរលើមាត្រដ្ឋានសកល (ITB Ministers Roundtable: Mastering Transformation on a Global Scale) កិច្ចប្រជុំតុមូលឧស្សាហកម្មក្នុងការផ្លាស់ប្តូរក្នុងការធ្វើដំណើរ (Industry Roundtable: Transition in Travel)។ សិក្ខាសាលាស្ដីពីការរំពឹងទុក និងការព្យាករពីទស្សនៈរបស់អតិថិជនសម្រាប់ឧស្សាហកម្មទេសចរណ៍នៃថ្ងៃស្អែក(Expectations and Forecasts from the Customers’ Perspective for the Travel Industry of Tomorrow) សិក្ខាសាលាស្ដីពីការចាប់ផ្តើមនៃការសិក្សាសកម្មភាពអាកាសធាតុនៃវិស័យទេសចរណ៍ ការពិនិត្យឡើងវិញអំពីវិធីសាស្រ្ត និងឧបករណ៍វាស់វែងបច្ចុប្បន្ន និងអនុសាសន៍សម្រាប់ផ្លូវឆ្ពោះទៅមុខ (Launch of Study: Tourism Sector’s Climate Action - A Review of Current Measurement Methodologies and Tools and Recommendations for the Way Forward)។
របាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេលពេញ១ឆ្នាំ២០២២កន្លងទៅ មានភ្ញៀវទេសចរអន្តរជាតិ បានមកលេងកម្សាន្តនៅកម្ពុជាប្រមាណ ២,២លាននាក់។ ក្នុងនោះភ្ញៀវទេសចរថៃឈរនៅលំដាប់លេខរៀងទី១ បន្ទាប់មកភ្ញៀវទេសចរវៀតណាម ឈរនៅលំដាប់លេខរៀងទី២ និងភ្ញៀវទេសចរអាមេរិក ឈរនៅលំដាប់លេខរៀងទី៣។
ក្រសួងបានបន្តថា ភ្ញៀវទេសចរអន្តរជាតិ ២,២លាននាក់នេះ ក្នុងនោះភ្ញៀវទេសចរថៃ មានជិត១៣ម៉ឺននាក់ ភ្ញៀវទេសចរវៀតណាម មានជិត ៦ម៉ឺននាក់ និងភ្ញៀវទេសចរអាមេរិកមានចំនួន១៥ ៧៦៧នាក់។ ក្រៅពីនេះភ្ញៀវទេសចរឡាវ មានចំនួន១៤ ៩៥៩នាក់ ចិនមាន១៤ ៧៣៣នាក់ បារាំងមាន៩ ៥៤៥នាក់ ឥណ្ឌូនេស៊ីមាន ៩ ០៤៥នាក់ កូរ៉េខាងត្បូងមាន ៨ ៨៤៧នាក់ អង់គ្លេសមាន ៨ ០៦៩នាក់ និងម៉ាឡេស៊ីមានចំនួន ៦ ៤៧២នាក់។ ចំណែកភ្ញៀវទេសចរប្រទេសផ្សេងៗមានការកើនតិចតួចតែប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២១៕