អគ្គ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម បានសហការ​ជាមួយ​ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដ​គម្រោង​ជំរុញការលក់​ផលិតផល​ខ្មែរ​ក្រោម​កម្មវិធី​ស្ដីពី​កិច្ចសហការ​ជំរុញ និង​បង្កើនការលក់​ផលិតផល​ខ្មែរ​នៅស្ថានីយ​ប្រេងឥន្ធនៈ ភីធីធី តាម​បណ្តា​រាជ​ធានី-ខេត្ត​ចំនួន ១៦ បន្ថែមទៀត ខណៈគម្រោង​នេះ​ត្រូវបាន​អនុវត្ត​ក្នុងឆ្នាំ ២០២២ កន្លងទៅ​ទទួលបាន​ជោគជ័យ។

តាមសេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី៩ ខែមីនា បញ្ជាក់​ថា ការលក់​ផលិតផល​ខ្មែរ​ក្រោម​កម្មវិធី​ស្ដីពី​កិច្ចសហការ​ជំរុញ និង​បង្កើន​ការលក់​ផលិតផល​ខ្មែរ​នៅស្ថានីយ​ប្រេងឥន្ធនៈ ភីធីធី តាម​បណ្តា​រាជធានី-ខេត្ត​ក្នុងគោលបំណង​ជួយជ្រោមជ្រែង​លើកកម្ពស់​ផលិតផល​ខ្មែរ​ដែលជាផលិតផល​លក្ខណៈ​គ្រួសារ​តូចៗ លើ​ទីផ្សារ​ក្នុងស្រុក ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា នៅលើ​មូលដ្ឋាន​នៃ​តម្លាភាព និង​ផល​ប្រយោជន៍​សហគមន៍។

ក្រសួង​បន្តថា​គម្រោង​នេះបាន​អនុវត្ដ​ដោយជោគជ័យ​ក្នុង​ឆ្នាំ២០២២ រួចមក​ហើយ នៅ​រាជ​ធានី-ខេត្ដ​ចំនួន ១១ តាម​បណ្ដា​ស្ថានីយ​ប្រេងឥន្ធនៈ ភីធីធី(PTT)ចំនួន ២០​។

នៅឆ្នាំ២០២៣​នេះ ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹង​សហការ​ពង្រីក​ការអនុវត្ដ​គម្រោង​ដដែល​នៅក្នុង​រាជធានី-ខេត្ដ​ចំនួន ១៦ តាមបណ្ដា​ស្ថានីយ​ប្រេងឥន្ធនៈភីធីធី ចំនួន ១៩ គឺ​មាននៅរាជ​ធានី​ភ្នំពេញ ខេត្ដ​កំពង់ចាម ខេត្ដ​ក្រចេះ ខេត្ដ​ស្ទឹងត្រែង ខេត្ដ​ព្រៃវែង ខេត្ដ​ស្វាយរៀង ខេត្ដ​កំពង់ឆ្នាំង ខេត្ដ​ពោធិ៍សាត់ ខេត្ដ​បាត់ដំបង ខេត្ដ​សៀមរាប ខេត្ដ​បន្ទាយមានជ័យ ខេត្ដ​កំពង់ស្ពឺ ខេត្ដ​តាកែវ ខេត្ដ​កំពត និង​ខេត្ដ​ព្រះសីហនុ។

បើតាម​ក្រសួង​ពាណិជ្ជកម្ម ការលក់​ផលិតផល​ខ្មែរ​ក្រោមកម្មវិធី​ស្ដីពី​កិច្ចសហការ​ជំរុញ និង​បង្កើន​ការលក់​ផលិតផល​ខ្មែរ​នៅស្ថានីយ​ប្រេងឥន្ធនៈភីធីធី តាមបណ្តា​រាជធានី-ខេត្ត នេះ​ផងដែរ ដោយ​យោងតាម​សារលិខិត​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រធាន​កិត្ដិយស​គណៈ​កម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិមួយ​ផលិតផលមួយ ក្នុង​ឱកាស​អបអរសាទរ​ទិវា​ជាតិ​លើក​កម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ ៩ មេសា លើក​ទី៥ ឆ្នាំ២០២២ ក្រោម​ប្រធានបទ “គាំទ្រ​ផលិតផល​ខ្មែរ គឺ​ថែរក្សា​សេដ្ឋកិច្ច​ជាតិ” ដាក់ឱ្យ​ប្រើ​ពាក្យ​ស្លោក “ប្រជាជន​ម្នាក់​ទិញ​ផលិតផល​ខ្មែរ​យ៉ាងតិច​មួយ​មុខ”។

ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់ទៀត​ថា ការដាក់តាំង​បង្ហាញ​លក់​នៅតាម​ស្ថានីយ​ប្រេងឥន្ធនៈ ភីធីធី នឹង​ចាប់ផ្ដើម​នៅរៀងរាល់​ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុង​ខែមីនា ខែ​ឧសភា ខែ​កញ្ញា និង​ខែវិច្ឆិកា ឆ្នាំ២០២៣​ខាងមុខ​នេះ។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានស្វាគមន៍​ពីគម្រោង​នេះ ព្រោះវា​ជាចំណុច​ល្អ ក្នុងការលើក​កម្ពស់ និង​ផ្លាស់ប្តូរ​ផ្នត់​គំនិត របស់​អ្នក​ប្រើប្រាស់​ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ កុំឱ្យ​ទៅទិញ​ផលិតផល​របស់​បរទេស យក​មក​ប្រើប្រាស់ ហើយ​ងាក​មក​រក​ទិញ​ផលិតផល​របស់​ខ្មែរ​វិញ។

លោក​បន្ត​ថា ផលិតផល​ខ្មែរ មិនមែន​មានន័យ​ថា​គ្មាន​គុណភាព និង​ស្តង់ដា​នោះទេ ប៉ុន្ត​គ្រាន់តែ​បាត់​ទំនុក​ចិត្ត​ពី​ប្រជាជន។ ដូច្នេះ នៅពេល​ដែលមាន​ការដាក់​លក់​បែបនេះ នឹង​បញ្ជ្រាប​ការយល់ដឹង​បន្តិចម្តងៗ ដល់​ស្រទាប់​យុវជន ជាពិសេស អ្នក​ដំណើរ​ការឆ្លងកាត់​នៅតាម​ស្ថានីយ​លក់​ប្រេង​ ភីធីធី (PTT) ដែលភាគ​ច្រើន​ជាយុវជន នឹង​ធ្វើ​ឱ្យ​ពួកគេ ឱ្យ​តម្លៃ​លើ​ផលិតផល​ខ្មែរ​ទាំងនេះ។

លោកថ្លែង​ថា៖«វាជា​កត្តា​សំខាន់ សម្រាប់​ជំរុញ​ឱ្យ​ការបង្វែរ​ទិស​នៃ​គំនិត​របស់​យុវជន​ទាំងនោះ ឱ្យ​មក​ស្រឡាញ់​ផលិតផល​ខ្មែរ​មកវិញ ហើយ​ក៏វា​បានរួម​ចំណែក​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក ឱ្យ​មាន​ដំណើរការ​ល្អ​ប្រសើរ​ជាងមុន​ផងដែរ»៕