
លោក អឿ សុធារ័ត្ន (ស្តាំ) និងលោក William Lim។ រូបថត សហការី
ភ្នំពេញៈ ក្រុមហ៊ុនត្រួតពិនិត្យព័ត៌មានឥណទានកម្ពុជា និងសិង្ហបុរី បានសហការគ្នាដាក់ដំណើរការជាផ្លូវការលើគម្រោងការផ្តល់សេវាចែករំលែកព័ត៌មានឥណទានឆ្លងតំបន់ក្នុងគោលបំណងបម្រើជាប្រយោជន៍យ៉ាងសំខាន់ដល់អាជីវកម្ម និងបុគ្គលមួយចំនួនមកពីប្រទេសទាំង ២។
ពិធីសម្ពោធជាផ្លូវការបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ នៅប្រទេសសិង្ហបុរីក្នុងកម្មវិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រវាងលោក William Lim ប្រធាននាយកប្រតិបត្តិស៊ីប៊ីអេស និងលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីតប្យួរ៉ូខេមបូឌា (ស៊ីប៊ីស៊ី) ដោយមានការចូលរួមពីធនាគារកណ្តាលនៃប្រទេសទាំង ២។
យោងតាមសេចក្តីប្រកាសព័ត៌មានទាំងក្រុមហ៊ុនស៊ីប៊ីអេស និងស៊ីប៊ីស៊ី នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថា គម្រោងនេះដំណើរការស្របទៅតាមក្របខ័ណ្ឌ ផែនការការងារ ក៏ដូចជាលក្ខខណ្ឌផ្សេងៗរបស់និយតករ។
ក្រុមហ៊ុនទាំង ២ នឹងផ្តល់ទិដ្ឋភាពកាន់តែច្បាស់លាស់លើលទ្ធភាពទទួលបានឥណទានសម្រាប់អ្នកទើបចូលទៅប្រទេសថ្មីៗ ហើយក៏ដើម្បីផ្សារភ្ជាប់នូវចន្លោះប្រហោងរវាងអ្នកផ្តល់ឥណទាន និងនិយោជកដែលកំពុងជួបប្រទះបញ្ហាលើដំណើរការត្រួតពិនិត្យលើព័ត៌មានរបាយការណ៍របស់បុគ្គលម្នាក់ដែលទើបផ្លាស់ប្តូរទៅប្រទេសណាមួយ។
លោក William Lim បាននិយាយថា៖ «ស៊ីប៊ីអេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រយ៉ាងពេញទំហឹងលើការទទួលបានឥណទាននៅក្នុងប្រទេសសិង្ហបុរី រយៈពេល ២ ទសវត្សរ៍កន្លងមក។ កិច្ចសហការនេះ គឺជាជំហានវិជ្ជមានដំបូងនៅក្នុងដំណើរការផ្លាស់ប្តូរទិន្នន័យឆ្លងដែនទៅវិញទៅមក ដើម្បីការទទួលបានឥណទានកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋទាំង ២ ប្រទេស ទាំងក្នុងស្រុក ក៏ដូចជាក្រៅប្រទេសផងដែរ។
លោកថ្លែងថា៖ «យើងជឿថា គំនិតផ្តួចផ្តើមគម្រោងថ្មីនេះនឹងជួយកសាង និងពង្រឹងប្រព័ន្ធគ្រងគ្រងឥណទានរបស់ការិយាល័យឥណទានទាំង ២ ឱ្យកាន់តែមានវឌ្ឍនភាព។ យើងសង្ឃឹមថា នេះជាគម្រោងមួយក្នុងការត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការទ្វេភាគីផ្សេងៗទៀតដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងហានិភ័យរបស់ស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិកយើង នៅពេលអនុលោមតាមលក្ខខណ្ឌត្រឹមត្រូវ»។
លោក អឿ សុធារ័ត្ន បានឱ្យដឹងថា ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីជំហានវិជ្ជមានរវាងស្ថាប័នទាំង ២ ដើម្បីលើកកម្ពស់ការរាយការណ៍ឥណទានឆ្លងដែនដែលមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ប្រទេសទាំង ២។
លោកថ្លែងថា៖ «នេះជាសមិទ្ធផលដ៏ធំមួយរបស់យើងក្នុងការសម្ពោធជាផ្លូវការលើគម្រោងប្រព័ន្ធចែករំលែកឥណទានឆ្លងតំបន់ ដែលយើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចែករំលែកព័ត៌មានឥណទានរបស់សិង្ហបុរី។
យើងជឿថា គម្រោងនេះនឹងអាចផ្តល់ជាប្រយោជន៍ទាំងចំពោះអ្នកខ្ចី ក៏ដូចជាអ្នកផ្តល់កម្ចីនៅប្រទេសទាំង ២។ គម្រោងមួយនេះដែរនឹងក្លាយជាគំនិតផ្តួចផ្តើមគំរូនៅក្នុងតំបន់»៕