​កំពង់ឆ្នាំងៈ គម្រោង​ស្ថាបនា​ផ្លូវ​ ១​ ខ្សែ ដែលមាន​ប្រវែង ៥៧ ​គីឡូម៉ែត្រ និង​ស្ពាន​ដែល​ឆ្លង​កាត់​ដៃទន្លេ ដែល​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង ទៅ​ខេត្តកំពង់ធំ នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​ ២០២៤ ខាងមុខ​ដោយ​អន្តរ​​ក្រសួង​អះអាងថា គម្រោង​នេះ មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​បឹង​ទន្លេសាប​ឡើយ​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​កំពង់ផែ​ពហុ​បំណង និង​មណ្ឌល​ភ័ស្តុភា​រកម្ម​កំពង់ឆ្នាំង​របស់​អន្តរក្រសួង កាល​ថ្ងៃទី​ ៩ ខែមីនា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅពេល​ដ៏​ខ្លី​ខាងមុខនេះ គម្រោង​ស្ថាបនា​ផ្លូវ​ ១​ ខ្សែ​ដែលមាន​ប្រវែង ៥៧ ​គីឡូម៉ែត្រ​នឹង​ចាប់​សាងសង់​ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។ ជាមួយនឹង​ការស្ថាបនា​ផ្លូវ​ ១ ​ខ្សែ​នេះ ក៏មាន​ការសាងសង់​ស្ពាន​ឆ្លងកាត់​ដៃ​​ទន្លេ​ប្រវែង​រហូតដល់​ទៅ ៣ ៣០០ ម៉ែត្រ ដែលជា​ស្ពាន​វែង​ជាងគេ នៅក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក​ ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា​៖ «​ក្រោយ​ការប្រកាស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ឆ្នាំ​ ២០១៩ ដើម្បី​កសាង​ផ្លូវ​ ៥០​ សេ ​(50C)​ ប្រវែង ៥៨​ គីឡូម៉ែត្រ ដែលមាន​ទាំង​ផ្លូវ និង​ស្ពាន​ឆ្លងទន្លេ ដោយ​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​នោះ ផ្លូវ​មួយ​នេះ​នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ២០២៤ ដោយ​មិនមាន​ការពន្យារពេល​ឬ​យឺតយ៉ាវ​ទៀតឡើយ​»​។​

​គម្រោង​នេះ​គឺ​បាន​សិក្សា​រួចរាល់​ហើយ បន្ទាប់ពី​លោក​ សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​សិក្សា​យ៉ាង​លម្អិត​ទៅលើ​ក្រុមហ៊ុន​សាងសង់ សាវ៉ា​ក់ ខុន​ស៊ុ​ល​ថិ​ន ឃើញថា មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​ដល់​បរិស្ថាន ធនធានធម្មជាតិ បញ្ហា​បង្វែរ​ចរន្តទឹក ការ​បំ​ផ្លាស់​ទី​របស់​ត្រី​នៅក្នុង​ទន្លេ និង​សង្គម​នោះឡើយ​។​

​លើសពីនេះ គម្រោង​សាងសង់​ផ្លូវ​ ៥០​ សេ​ប្រវែង​ជាង ៥៨ ​គីឡូម៉ែត្រ​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​បឹង​ទន្លេសាប​ប្រមាណ ១៥០​ ហិកតា ដែល​ផ្លូវ​នេះ ភ្ជាប់​ពី​ក្រុង​កំពង់ឆ្នាំង ឆ្លងកាត់​ស្រុក​កំពង់លែង នៃ​ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ក្រុង​ស្ទឹងសែន នៃ​ខេត្តកំពង់ធំ​។ គម្រោង​ផ្លូវ​នេះដែរ​ក៏មាន​លូ​ប្រមាណ ​១០០​ លូ​និង​ស្ពាន​ចំនួន​៥​។​

​ជាមួយគ្នានេះដែរ លោក សាយ សំ​អាល់ ក៏បាន​បញ្ជាក់ដែរថា ក្រោយពី​បាន​សិក្សា​យ៉ាង​លម្អិត និង​ច្បាស់លាស់​ពី​ផល​ប៉ះ​​ពាល់​នៃ​គម្រោង​សាងសង់​ផ្លូវ និង​ស្ពាន​នេះ រួចមក​ឃើញថា ទីតាំង​គម្រោង​ផ្លូវ និង​ស្ពាន​ឆ្លងទន្លេ​នេះ​គឺ​មិនមាន​ផលប៉ះពាល់ ដល់​មុខងារ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​ធ្ងន់ធ្ងរ​ទេ បើ​យើង​ប្រៀបធៀប​ទៅ​ហ្នឹង​ទំហំ​បឹង​ទន្លេសាប​ទាំងមូល​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ផ្លូវ និង​ស្ពាន​នេះដែរ លោក​ស៊ុន សុ​វណ្ណា​រិ​ទ្ធិ​អភិ​​បាល​ខេត្តកំពង់ឆ្នាំង​បានបង្ហាញ​ការគាំទ្រ និង​ស្វាគមន៍​ចំពោះ​វត្ត​មាននៃ​សមិទ្ធផល​ថ្មីៗ​របស់​ខេត្តកំពង់ឆ្នាំង​នាពេលខាងមុខ​។ លោក​រំពឹងថា គម្រោង​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង និង​ខេត្ត​នានា​ឆ្ពោះទៅ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ ស្ទុះ​ឡើង​ថែមទៀត​។​

​បច្ចុប្បន្ន ស្ពាន​ដែល​វែង​ជាងគេ​នៅ​កម្ពុជា​គឺ​ស្ពាន​អ្នក​លឿង​មាន​ប្រវែង ​២ ២១៥ ម៉ែត្រ ដែល​ចំណាយ​ថវិកា​សាងសង់​ប្រ​មាណ​ជា ១៣០​ លាន​ដុល្លារ​អាមេរិក​។ គម្រោង​ផ្លូវ ៥០​ សេ​នេះ មាន​ប្រវែង ៥៨​ គីឡូម៉ែត្រ ក្នុងនោះ​មាន​ស្ពាន ៣ ៣០០​ ម៉ែត្រ ដែល​ត​ភ្ជាប់​រវាង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​នេះ វា​នឹង​ក្លាយជា​ស្ពាន​វែង​ជាងគេ​នៅ​កម្ពុជា ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ក្នុង​ការសាងសង់​ជាង​ ២៥០​ លាន​ដុល្លារ​ដោយ​បែងចែក​ទៅ​ផ្លូវ​ប្រហែល ១៥០ ​លាន​ដុល្លារ និង​ស្ពាន​ប្រហែលជា ១០០​ លាន​ដុល្លារ​។​

​នេះ​បើតាម​លោក ស៊ុន ចាន់ថុល​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា គម្រោង​នេះ​ត្រូវបាន​លោក​ធ្វើលិខិត​គោរព​ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី នាពេល​ថ្មីៗ​នេះ ធ្វើយ៉ាងណា​ស្នើសុំ​ថវិកា​ពី​ប្រទេស​ចិន ដើម្បី​ឈានទៅ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ២០២៤ ដោយ​លោក​ហ៊ុន សែន​ក៏បាន​ចារ​ឯកភាព​យក​ជម្រើស​នេះ​ផងដែរ​៕