ភ្នំពេញៈ​ រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ណែនាំ​ឱ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា​ធ្វើការ​ថែ​រក្សា និង​រៀបចំ​ផ្ទៃដី​កៅស៊ូ​ចាស់ៗ ឱ្យ​ក្លាយជា​សារមន្ទីរ​កៅស៊ូ​ឱ្យបាន​ល្អ និង​ត្រូវ​សិក្សា​ពី​ទីផ្សារ​កៅស៊ូ​ដើម្បី​ទទួលបាន​តម្លៃ​ល្អ មាន​ស្ថិរភាព​សំដៅ​បង្កើន​ចំណូល​ឡើងវិញ​។

​ការណែនាំ​របស់​រដ្ឋមន្ត្រី​កសិកម្ម ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្ដីព្រាង​​ប្រកាស​អន្តរក្រសួង ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​របស់​ការិយាល័យ និង​អង្គភាព ចំណុះ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CARDI) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា ​(CRRI) នៅ​ទីស្ដីការ​​ក្រសួងកសិកម្ម នៅ​ថ្ងៃទី ​៩ ខែមីនា​។

​លោក ឌិ​ត ទីណា បានផ្តល់​អនុសាសន៍​ដ​ល់​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា ត្រូវ​ផ្តល់​ពូជ​ថ្មី និង​បំបៅ​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ ដោយ​ធ្វើការ​គាំទ្រ​ដល់​ប្រតិបត្តិ​ការអភិវឌ្ឍន៍​កៅស៊ូ​លើ​ខ្សែ​ចង្វាក់​ផលិតកម្ម​ទាំងមូល​។

​លោក​ថ្លែងថា​៖ «​ដើម្បី​សម្រេច​ការងារ CRRI ត្រូវធ្វើ​យ៉ាង​ណា​ឱ្យមាន​ការទទួលខុសត្រូវ​រួមគ្នា​ក្នុងការ​ការពារ​កៅស៊ូ​តំបន់ ទាំង​បច្ចេកទេស និង​ការ​​ឆ្លើយតប​នឹង​បញ្ហា​អាកាសធាតុ ដោយ​ក្នុងនោះ​ត្រូវធ្វើ​ការថែរក្សា ព្យាបាល និង​ជួសជុល​កៅស៊ូ​ឱ្យបាន​ល្អ​។ បន្ថែម​លើ​នេះ​ទៀត ត្រូវ​សិក្សា​ពី​ទីផ្សារ​កៅស៊ូ ដើម្បី​ទទួលបាន​តម្លៃ​ល្អ មាន​ស្ថិរភាព បង្កើន​ចំណូល​មកវិញ​»​។​

​ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​កសិកម្ម ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​វិទ្យាស្ថាន CARDI ក៏ដូចជា CRRI ធ្វើការ​ពិនិត្យ​បន្ថែមទៀត​លើ​ការប្រើប្រាស់​ពាក្យ​ខ្មែរ ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ក្បួន ដើម្បីឱ្យ​អ្នកអាន​ងាយ​យល់​ពី​គោលបំណង និង​ខ្លឹមសារ​ឱ្យបាន​ច្បាស់លាស់​ចំពោះ​ប្រកាស​អន្តរក្រសួង ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ការិយាល័យ និង​អង្គភាព ចំណុះ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅ​ស៊ូ​កម្ពុជា​។

​ក្រសួងកសិកម្ម​បានឱ្យ​ដឹងថា វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា និង​វិទ្យា​ស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា អង្គភាព​នីមួយៗ​មាន​ការិយាល័យ​ចំនួន​ ១០ និង​មជ្ឈមណ្ឌល​ចំនួន ​១ ដូចគ្នា​។ យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​បង្ហាញថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ចំនួន ៤០៤ ៥៧៨​ ហិកតា ក្នុងនោះ កៅស៊ូ​ដែល​អាចចៀរ​ជ័រ​បាន​មាន​ផ្ទៃដី ៣១៥ ៣៣២ ​ហិកតា ស្មើនឹង​ ៧៨​ ភាគរយ និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៨៩ ២៤៦​ ហិកតា ស្មើនឹង​ ២២​ ភាគរយ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​កៅស៊ូ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ ​២០២៣ លោក ឌិ​ត ទីណា ឱ្យដឹងថា ក្រសួងកសិកម្ម គ្រោង​បង្កើត​សារមន្ទីរ​កៅ​​ស៊ូ​នៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​និង​បានលើកឡើង​ពី​ការគួរ​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ចំពោះ​ដើម​កៅស៊ូ​ជិត ៥០០ ​ដើម​ដែលមាន​អាយុ​ជាង​១០០​ឆ្នាំ​។​

​លោក​លើកឡើងថា ដំណាំ​កៅស៊ូ​ក្នុង​ចម្ការកៅស៊ូ​ជប់ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ជី​រោ​រ៍​ទី ​២ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ ដែល​បច្ចុប្បន្ន នៅ​សេសសល់​ជិត ៥០០ ​ដើម និង​មាន​អាយុ​ជាង ១០០ ​ឆ្នាំ​ទៅហើយនោះ គួរ​ត្រូវ​ចាត់​​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។​

​យោងតាម​ឯកសារ​របស់​ក្រសួងកសិកម្ម ចម្ការកៅស៊ូ​ជប់ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​ ១៩២២ ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ Campagnie du Cambodge ដោយបាន​ដាំ​កៅស៊ូ​នៅលើ​ដី​សម្បទាន​ទំហំ​ជិត ១៧ ០០០ ​ហិកតា​។

​បច្ចុប្បន្ន​ដើម​កៅស៊ូ​ចាស់ៗ ក្នុង​ចម្ការកៅស៊ូ​នេះ ដែល​ត្រូវបាន​ដាំ​តាំងពី​ដំបូង​ទី​មក ត្រូវបាន​គេ​កត់ត្រា​ថា មាននៅ​សេសសល់​ចំនួន ៤៧៧​ ដើម លើ​ផ្ទៃដី​ប្រមាណ​ ១៤​ ហិកតា ហើយ​ដើម​នីមួយៗ​មាន​ទំហំ​មុខកាត់​ចាប់ពី ០,៧៥​ ម៉ែត្រ ទៅ ១,៥ ​ម៉ែត្រ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ​៕