
វិភាគដោយ៖ លោក ញឹម កុសល ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

ចាប់ផ្តើមនៅខែមករា ឆ្នាំ ២០២៣ តម្លៃមាសបានបន្តកើនឡើងពីកម្រិតតម្លៃទាបនៅតម្លៃ ១ ៦១៧ ដុល្លារ (ក្នុង ១ អោនស៍) នៅដើមខែវិច្ឆិកា ឆ្នាំ ២០២២ ដល់កម្រិតខ្ពស់ដ៏សំខាន់នៅតម្លៃ ១ ៩៥៩,៥៧ ដុល្លារ នៅដើមខែកុម្ភៈ។ នៅពេលនោះ បើក្រឡេកមើលតារាងតម្លៃមាសក្នុងកម្មវិធីជួញដូរពេញ ១ ខែមករា ឆ្នាំ ២០២៣ គឺស្ថិតក្នុងនិន្នាការកើនឡើងជាមួយនឹងតម្លៃបើកផ្សារ ១ ៨២៦,៣០ និងតម្លៃបិទផ្សារ ១ ៩៤៩,៨៨ ដុល្លារ។
ជាមួយគ្នាដែរ ទីផ្សារបានរំពឹងថា ធនាគារកណ្ដាលសហរដ្ឋអាមេរិក (Fed) នឹងមិនដំឡើងអត្រាការប្រាក់បន្ថែមទៀតទេ ហើយរក្សារហូតដល់ឆ្នាំ ២០២៣ បន្ទាប់មកនឹងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅចុងឆ្នាំ ២០២៣។ ប៉ុន្ដែ ជាក់ស្ដែងថ្ងៃទី ២ ខែកុម្ភៈ Fed បានដំឡើង អត្រាការប្រាក់ ០,២៥% បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងអតិផរណា។
លើសពីនេះទៅទៀត ទិន្នន័យការងារនៅសហរដ្ឋអាមេរិក ដែលបានចេញផ្សាយសម្រាប់ ខែមករា ឆ្នាំ ២០២៣ បានកើនចំនួន ៥១៧ ពាន់នាក់ ខណៈការព្យាករមានត្រឹម ១៩៣ ០០០ ពាន់នាក់។ ប្រធាន Fed លោក Jerome Powell បាននិយាយថា៖ «ធនាគារកណ្តាលនឹងពិចារណាការដំឡើងអត្រាការប្រាក់បន្ថែមក្នុងខែមីនា»។
លើសពីនេះទៅទៀត ទីផ្សារកំពុងរង់ចាំការចេញផ្សាយទិន្នន័យការងារសម្រាប់ខែកុម្ភៈ នៅថ្ងៃសុក្រ សប្តាហ៍នេះ។ ប្រសិនបើទិន្នន័យ ដូចការរំពឹងទុក ឬល្អជាង នោះ Fed នឹងដំឡើងអត្រាការប្រាក់តាមការរំពឹងទុកដើម្បីដោះស្រាយបញ្ហាអតិផរណា។
យោងតាមបច្ចេកទេស តម្លៃមាសកំពុងជួញដូរក្រោមតម្លៃមធ្យមរយៈពេល ២០០ ថ្ងៃ ដែលបង្ហាញថា វានៅតែស្ថិតក្នុងទិសដៅធ្លាក់ចុះ។ ដូច្នេះ វិនិយោគិនគួរតែចាំលក់មាសនៅតម្លៃចន្លោះ ១ ៨១៥ ទៅ ១ ៧៩០ ដុល្លារ ដោយដាក់មុខងារការពារហានិភ័យនៅតម្លៃ ១ ៨២៥ ដុល្លារ៕
