
ការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាពេលកន្លងទៅ។ រូបថត ហុង មិនា
ភ្នំពេញៈ ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) លោក អួន ស៊ីឡុត បានលើកឡើងថា ជាមួយនឹងសក្តានុពលនៃទិន្នផលគ្រាប់ស្វាយចន្ទីឆៅដែលកម្ពុជាប្រមូលបានជារៀងរាល់ឆ្នាំ ក្រុមហ៊ុនជប៉ុន Top Planning Co., Ltd (TPJ) កំពុងពិចារណាចុងក្រោយលើលទ្ធភាពសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំៗចំនួន ២ កន្លែងនៅកម្ពុជា ដើម្បីដណ្តើមយកចំណែកទីផ្សារជប៉ុនឱ្យបាន ៣០ ភាគរយ និងការនាំចេញទៅទីផ្សារប្រទេសគោលដៅផ្សេងៗទៀត។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ៨ ខែមីនា លោក ស៊ីឡុត ឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាទៅទីផ្សារជប៉ុនតាមរយៈក្រុមហ៊ុន Top Planning Co.,Ltd(TPJ) បានធ្វើឡើងតាំងពីឆ្នាំ ២០១៩ ដោយកាលពីឆ្នាំ ២០២២ ការនាំចេញរបស់ក្រុមហ៊ុននៅទីផ្សារជប៉ុនសម្រេចបានជាង ១០០ តោន និងបានដាក់តាំងលក់នៅផ្សារទំនើប OK Supermarket ចំនួនប្រហែល ៣០០ នៅក្នុងប្រទេសជប៉ុន។
ផែនការរយៈពេល ៥ ឆ្នាំទៅមុខរបស់ TPJ គឺពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាទៅជប៉ុនឱ្យបានប្រមាណ ៣ ០០០ តោនក្នុង ១ ឆ្នាំ ឬស្មើនឹង ៣០ ភាគរយនៃតម្រូវការសរុបក្នុងប្រទេសជប៉ុន ខណៈបច្ចុប្បន្នផលិតផលគ្រាប់ស្វាយចន្ទីដែលកំពុងដាក់លក់នៅទីផ្សារជប៉ុនភាគច្រើននាំចូលពីវៀតណាម និងឥណ្ឌា។
លោកប្រាប់ទៀតថា កាលពីខែមុន (កុម្ភៈ) អ្នកជំនាញក្រុមហ៊ុន TPJ បានមកសិក្សាលើកចុងក្រោយពីលទ្ធភាពបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីបង្កើនចង្វាក់ផលិតតាមរយៈការវិនិយោគលើរោងចក្រចំនួន ២ ដែលរោងចក្រនីមួយៗអាចកែច្នៃគ្រាប់ស្វាយចន្ទីឆៅបាន ២ ម៉ឺនតោនក្នុង ១ ឆ្នាំ (ជាមធ្យមគ្រាប់ស្វាយចន្ទីឆៅ ១ ម៉ឺនគីឡូក្រាម គេអាចទទួលបានគ្រាប់ស្វាយចន្ទីកែច្នៃរួចប្រហែល ២ ៥០០ គីឡូក្រាម)។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ក្រុមហ៊ុន TPJ នឹងមកវិនិយោគលើការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាក្នុងពេលឆាប់ៗ ព្រោះកម្ពុជាគឺជាប្រទេសមានទិន្នផលគ្រាប់ស្វាយចន្ទីឆៅច្រើនជាងគេលើពិភពលោក (ឆ្នាំ២០២១)»។
បើតាមលោក ស៊ីឡុត រោងចក្រទាំង ២ គឺ ១ អាចជាការដំឡើងសមត្ថភាពផលិតរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ (ខេត្តកំពង់ធំ) និង ១ ទៀតអាចស្ថិតក្នុងស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ដែលជាព្រំប្រទល់រវាងខេត្តកំពង់ចាម ក្រចេះ និងកំពង់ធំ។
យោងតាមទិន្នន័យសមាគមស្វាយចន្ទីកម្ពុជា (សសក) ក្នុងឆ្នាំ ២០២១ ពិភពលោកប្រមូលផលគ្រាប់ស្វាយចន្ទីឆៅបានប្រហែល ៥លានតោន ក្នុងនោះកម្ពុជា ឈរលើគេដោយមានបរិមាណ ១,១៨ លានតោន ស្មើនឹង ២៤ ភាគរយ, កូឌីវ័រ ១,១ លានតោន ស្មើ ២២ ភាគរយ, ឥណ្ឌា ៨០០ ០០០តោន ស្មើ ១៦ ភាគរយ, វៀតណាម ៣៩៩ ០០០ តោន ស្មើ ៨ ភាគរយ និងប្រទេសផ្សេងៗទៀតជាង ១,៥២ លានតោន ស្មើ ៣០ ភាគរយ។
ទោះយ៉ាងណា ដោយសារវិបត្តិអាកាសធាតុ ផលគ្រាប់ស្វាយចន្ទីដែលកម្ពុជាប្រមូលបានក្នុងឆ្នាំ ២០២២ គឺធ្លាក់មកនៅត្រឹមជាង ៦៩០ ០០០ តោនតែប៉ុណ្ណោះ។ ផ្ទៃដីដាំដុះស្វាយចន្ទីនៅកម្ពុជាក្នុងឆ្នាំ ២០២៣ មានទំហំ ៧០ ម៉ឺនហិកតា ធ្លាក់ចុះប្រហែល ១០ ម៉ឺនហិកតា បើធៀបឆ្នាំ ២០២២។ គ្រាប់ស្វាយចន្ទីឆៅកម្ពុជាប្រហែល ៩៥ភាគរយត្រូវបាននាំចេញទៅលក់ឱ្យប្រទេសជិតខាង (វៀតណាម) ជារៀងរាល់ឆ្នាំ។
លោកប្រាប់ថា៖ «ដោយសារកម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទីឆៅបានច្រើនតោនរៀងរាល់ឆ្នាំ ដូច្នេះបើមានរោងចក្រកែច្នៃក្នុងស្រុកដោយផ្ទាល់ គឺវានឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារឱ្យប្រជាជន។ កាលពីឆ្នាំ ២០២១ ផលិតផលគ្រាប់ស្វាយចន្ទីរកចំណូលចូលជាតិ បានប្រមាណ ១,៦ ពាន់លានដុល្លារ និងឆ្នាំ ២០២២ បាន ១,០៧ ពាន់លានដុល្លារ»។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ លោកស្រី អ៊ិន ឡៃហ៊ួត បាននិយាយថា ដោយសារសមត្ថភាពកែច្នៃក្នុងស្រុកមានកម្រិត បានធ្វើឱ្យជាង ៩០ ភាគរយនៃផលិតផលគ្រាប់ស្វាយចន្ទីឆៅដែលប្រមូលបានត្រូវក្រុមឈ្មួញយកទៅលក់បន្តនៅប្រទេសវៀតណាម។ តម្លៃគ្រាប់ស្វាយចន្ទីឆៅក្នុងឆ្នាំ ២០២៣ ល្អប្រសើរជាងឆ្នាំមុន ដោយបច្ចុប្បន្នគ្រាប់ស្វាយចន្ទីឆៅ មានតម្លៃប្រមាណ ៥ ៥០០ រៀលក្នុង ១ គីឡូក្រាម ខណៈកាលពីឆ្នាំ ២០២២ តម្លៃតែជាង ៤ ០០០ រៀលប៉ុណ្ណោះ។ ជាធម្មតា ការប្រមូលផលគ្រាប់ស្វាយចន្ទីចាប់ពីចុងខែមករា ដល់ចុងខែឧសភា នៃឆ្នាំនីមួយៗ។
លោកស្រីអះអាងថា៖ «បើកម្ពុជា មានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតធំ គឺនឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ ព្រោះបច្ចុប្បន្នដោយសារមិនសូវមានរោងចក្រកែច្នៃក្នុងស្រុក វាបានបង្ខំឱ្យមានការនាំចេញយ៉ាងច្រើនទៅលក់នៅប្រទេសជិតខាង»។
កម្ពុជាបានរៀបចំគោលនយោបាយស្វាយចន្ទី ឆ្នាំ ២០២២-២០២៧ ក្នុងការពង្រឹងសមត្ថភាពដាំដុះ និងការនាំចេញបន្ថែមទៅទីផ្សារអន្តរជាតិ។
របាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិ ៦៧ ម៉ឺនតោន គិតជាទឹកប្រាក់ ១,៧៧ ពាន់លានដុល្លារ ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានដូចជា វៀតណាម ជប៉ុន និងចិន ខណៈក៏មានប្រទេសផ្សេងទៀតកំពុងសម្លឹងមើលឱកាសក្នុងការនាំចេញពីកម្ពុជាផងដែរ៕