ភ្នំពេញៈ ក្រុមហ៊ុន ខេ​អិ​ល​ភី​.​ធី ត្រេ​ន​ស្ព័​រ​ថេ​សិន ឯ​.​ក (KLP.T Transportation Company Limited)​ បោះទុន​វិនិយោគ​ចន្លោះ​ពី​ ៣០០-៥០០​ លាន​ដុ​ល្លា​រលើ​ការសាងសង់​កំពង់ផែ​ពហុ​បំណង និង​មណ្ឌល​ភ័ស្តុ​ភារ​កម្ម​កំពង់ឆ្នាំង ខណៈ​វិស័យ​ឯកជន​មើលឃើញថា កំពង់ផែ​នេះ​នឹង​ជួយ​លើកកម្ពស់​ចរាចរ​ណ៍​ទំនិញ ពិសេស​ផលិតផល​កសិផល​ពី​បណ្តា​ខេត្ត​ជាប់​ទន្លេ​សាប​ទៅ​ទីផ្សារ​អន្តរជាតិ​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុងអំឡុងពេល​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​កំពង់ផែ​ពហុ​បំណង និង​មណ្ឌល​ភ័ស្តុភារ​កម្ម​កំពង់​ឆ្នាំង នា​ព្រឹក​ថ្ងៃទី ​៩ ខែមីនា ឆ្នាំ​ ២០២៣ លោក ស៊ុន ចាន់ថុល បាន​និយាយថា កំពង់ផែ​ពហុ​បំណង​នេះ​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ ជាពិសេស​ផលិតផល​កសិកម្ម និង​ក​សិ​ឧស្សាហកម្ម ពី​បណ្តា​ខេត្ត​នៅតាម​ទន្លេសាប​ទៅ​ចែក​ចាយ​ទូទាំងប្រទេស ឬ​ទីផ្សារ​អន្តរជាតិ​។

​លោក​បន្ថែមថា នេះ​ជា​កំពង់ផែ​ពហុ​បំណង​ដូច្នេះ​ក្នុង​គម្រោង​នេះ​នឹងមាន​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន​ដូចជា តំបន់​កំពង់​ផែ​, ឡូ​ជី​ស្ទិ​ក ឃ្លាំង​ស្តុក ស្ថានីយ​ប្រេង និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម​។​

​លោក​ប្រាប់ថា​៖ «​គម្រោង​កំពង់ផែ​ពហុ​បំណង​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ដូចជា បង្កើត​ការ​ងារ​ជូន​ប្រជាពលរដ្ឋ​, ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា និង​ជួយ​នាំយក​ផលិតផល​របស់​យើង​ទៅ​លក់​នៅ​បរទេស​។ សេដ្ឋកិច្ចជាតិ​នឹង​រីកចម្រើន​ដោយ​សារ​ការចូលរួម​រប​ស់​ផ្នែក​ឯកជន​ក្នុង​ការកសាង​កំពង់ផែ​ពហុ​បំណង​នៅក្នុង​ខេត្តកំពង់ឆ្នាំង​»​។​

​យោង KLP.T Transportation Company Limited កំពង់ផែ​នេះ​ស្ថិត​លើ​ផ្ទៃដី​ទំហំ ១០០ ហិកតា ក្នុង​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។ ក្នុង​គម្រោង​នេះ​នឹងមាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកទំនិញ និង​កន្លែង​ទម្លាក់​ទំនិញ ជាដើម​។​

​កំពង់ផែ​នេះ​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ​ ២០២៣ ដោយ​មកដល់ពេលនេះ​សម្រេចការ​សាងសង់​បាន​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ដូចជា កំណាត់​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវ ៥០ C មក​កំពង់ផែ សម្រេចបាន ៧០ ​ភាគរយ និង​កំណាត់​ផ្លូវ​ពី​កន្លែង​ជញ្ជីង​ថ្លឹង​ទៅ​កំពង់ផែ សម្រេចបាន ៩០​ ភាគ​​រយ​។ នេះ​បើតាម​ក្រុមហ៊ុន​។​

​លោក ចាន់ថុល លើកឡើង​ទៀតថា សម្រាប់​ការសាងសង់​គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​។ ទោះបីយ៉ាងណា លោក​បាន​ស្នើឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យបាន​ល្អ ដើម្បី​ធ្វើឱ្យ​ការសាងសង់​មាន​លក្ខណៈ​ស្តង់ដា និង​ស្របច្បាប់​។​

​តំណាង​ក្រុមហ៊ុន KLP.T Transportation បានឱ្យដឹងថា កំពង់ផែ​នេះ​នឹងចូលរួម​ចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ទៅ​ទីផ្សារ​អន្តរជាតិ ព្រមទាំង​ជួយ​កាត់បន្ថយ​ជា​អតិបរមា​នៃ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ថ្នល់ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​បាន​យ៉ាងច្រើន​។​

​បើតាម​ក្រុមហ៊ុន​ក្នុង​គម្រោង​នេះ ក្រុមហ៊ុន​នឹង​បង្កើត​មណ្ឌល​សន្និធិ​ប្រេង ដោយមាន​ការសាងសង់​ជា​ពោង​ស្តុក​ប្រេង សម្រាប់​ធ្វើការ​ចែកចាយ​ក្នុង​ប្រ​ទេស​, បង្កើត​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម​។​

​លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែមីនា​ថា ផែនការ​របស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើឱ្យ​ប្រទេស​កម្ពុ​ជាមាន​មធ្យោបាយ​ដឹកជញ្ជូន​កាន់​តែ​ច្រើន និង​ចម្រុះ កំពុងផ្តល់​ផល​វិ​ជ្ជ​មាន​សម្រាប់​កំណើនសេដ្ឋកិច្ច​។ ការ​​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​គឺមាន​ភាព​ងាយ​ស្រួល ចំណាយ​តិច មាន​បរិមាណ​ច្រើន និង​មិនសូវមាន​ហានិភ័យ​។​

​លោក​ថ្លែងថា​៖ «​ការបង្កើន​ឱ្យមាន​កំពង់ផែ​ពហុ​បំណង ឬ​ផែ​រណប​កាន់​​តែ​ច្រើន​នឹង​ជួយ​ធ្វើឱ្យ​ការដឹកជញ្ជូន​ទំនិញ ពិសេស​កសិផល​ពី​តាម​បណ្តា​តំបន់​ជាប់​មាត់ទឹក​កាន់តែ​ងាយស្រួល ហើយក៏​អាចយ​កមក​ប្រមូលផ្តុំ​គ្នា​នៅ​កំពង់ផែ​ណាមួយ​ដើម្បី​ដឹកជញ្ជូន​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​»៕