
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ត្រីត្រូវពិនិត្យលើសក្តានុពល ប្រភពអត្តសញ្ញាណផលិតផល និងបែបបទពាណិជ្ជកម្មនៃប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។
លោកណែនាំដូច្នេះក្នុងពេលលោកដឹកនាំកិច្ចប្រជុំពិភាក្សាលើប៉ូលសេដ្ឋកិច្ចថ្មីភាគពាយ័ព្យ នៅទីស្ដីការក្រសួងកសិកម្ម នាថ្ងៃទី១០ ខែមីនា។
លោក ឌិត ទីណា លើកឡើងថា កិច្ចប្រជុំប្រមូលធាតុចូលនេះ មានសារៈសំខាន់ណាស់ ដើម្បីប៉ូលសេដ្ឋកិច្ចថ្មីប្រសូត្រឡើងតាមការគ្រោងទុក និងអាចជួយសម្រួលដល់ទីផ្សារ ក្នុងការនាំចេញនិងនាំចូលផលិតផលរវាងកម្ពុជានិងចិន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាគោល ដោយគោរពទៅតាមអនាម័យនិងភូតគាមអនាម័យ (SPS) ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។
ក្រសួងបញ្ជាក់ក្នុងហ្វេសប៊ុកថា៖ «ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អនុវិស័យនីមួយៗ ត្រូវពិនិត្យលើសក្តានុពល ប្រភពអត្តសញ្ញាណផលិតផល (GI) ព្រមទាំងបែបបទពាណិជ្ជកម្មនៃប្រទេសសមាជិក WTO ដោយសហការវិនិយោគជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ ក្រៅតែពីការនាំចេញ ឯកឧត្តមក៏បានលើកឡើងពីការនាំចូលជី និងថ្នាំកសិកម្មពីប្រទេសចិនផងដែរ»។
ហ្វេសប៊ុកដដែលបន្តថា តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារនៅតាមអនុវិស័យនីមួយៗ ត្រូវរៀបចំគម្រោងសំណើនៃប៉ូលសេដ្ឋកិច្ចទី៤ ទាំងរយៈពេលខ្លី មធ្យម និងវែង ដោយភ្ជាប់ជាមួយច្រករបៀង «មច្ឆា និងអង្ករ» សម្រាប់ដាក់ជូនរដ្ឋាភិបាលពិនិត្យសម្រេច ដោយត្រូវគិតពីប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងហោចណាស់ឱ្យបានរយៈពេល ១ ទសវត្សរ៍៕