
ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យសិប្បករកម្ពុជា យកចិត្តទុកដាក់លើការអភិវឌ្ឍផលិតផល ដើម្បីទាក់ទាញអ្នកប្រើប្រាស់។ រូបថត ក្រសួងពាណិជ្ជកម្ម
នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក ឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ផលិតករ សិប្បករកម្ពុជា គួរគប្បីយកចិត្តទុកដាក់លើការអភិវឌ្ឍផលិតផល ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យគាំទ្រកាន់តែច្រើន។
លោកបានបន្ថែមថា ការអភិវឌ្ឍសម្បកវេចខ្ចប់ គឺជាចំណុចទាក់ទាញ ហើយផលិតផលនិងសេវាត្រូវមានគុណភាព មានសុវត្ថិភាព និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់។ ហើយក្រសួងបានមើលឃើញពីភាពខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនេះឡើង ដើម្បីជួយជំរុញសកម្មភាពទីផ្សារនៅមូលដ្ឋានឱ្យមានចលនាកក្រើកឡើងវិញបន្ទាប់ពីអាក់ខានមួយរយៈពេលដោយសារវិបត្តិកូវីដ១៩។
លោកបញ្ជាក់ថា៖«វិស័យឯកជន គឺជាដៃគូសហការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មនៅកម្ពុជា ហើយសូមឱ្យផលិតករកម្ពុជា ខិតខំបន្ថែមទៀតក្នុងការផលិតទំនិញសម្រាប់បម្រើទីផ្សារ ខណៈដែលរាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការខិតខំចរចាបើកច្រកទីផ្សារបានច្រើនរួចមកហើយ»។
លោកក៏បានជំរុញលើកទឹកចិត្តដល់សភាពាណិជ្ជកម្ម ក៏ដូចជាដៃគូ ខិតខំពង្រីកសកម្មភាពពាណិជ្ជកម្ម និងសហការគ្នារៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ នៅតាមបណ្តាខេត្តដទៃទៀត ជាពិសេសខេត្តដែលមានសក្ដានុពលលើវិស័យទេសចរណ៍។
នាឱកាសនោះដែរ លោក ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានថ្លែងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ នៅពេលនេះ ចាត់ទុកថា ជាលើកដំបូងសម្រាប់សភាពាណិជ្ជកម្មក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋានផង។
លោកបានបញ្ជាក់ថា៖«មិនត្រឹមតែប៉ុណ្ណោះ ពិព័រណ៍នេះ ក៏ជួយសម្រួលចរន្តទីផ្សារជូនសមាជិក សមាជិកាសភាពាណិជ្ជកម្មផង ដែលកន្លងមកបានជួបប្រទះនូវការលំបាកមួយចំនួន ដូចជាការជ្រៀតចូលទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផលិតកម្ម ដែលជាការលំបាកក្នុងការប្រកួតប្រជែងជាដើម»។
លោក លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យវិស័យឯកជនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា បានឱ្យដឹងដែរថា ពិព័រណ៍នេះ ផ្តោតលើការពង្រឹងរចនាសម្ព័ន្ធទីផ្សារ តាមរយៈការប្រមូលកៀរគរផលិតផល និងសេវា ដែលសមាជិកសភាពាណិជ្ជកម្មរាជធានី-ខេត្តផលិតបាន នាំមកដាក់បង្ហាញចូលទីផ្សារ។
លោកបានបញ្ជាក់ដូច្នេះទៀតថា៖«អ្នកចូលរួមទាំងអស់នឹងបានសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក តាមរយៈការដាក់តាំងបង្ហាញផលិតផល និងសេវា ជូនភ្ញៀវទស្សនា និងចូលរួមក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ រយៈពេល ៣ ថ្ងៃ ក្រោមប្រធានបទផ្សេងៗពីគ្នា ទាក់ទងនឹងផលិតកម្ម ជំរុញទីផ្សារ ពង្រឹងការគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ការអភិវឌ្ឍផលិតផល ជាដើម ដែលបានរៀបចំដោយសភាពាណិជ្ជកម្ម»។
សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ ធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៣ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ និងបន្លែ ផ្លែឈើ និងផលិតផលរបស់សហគមន៍ភូមិ១ ផលិតផល១ ក្នុងខេត្តបាត់ដំបង ដែលមានស្តង់សរុបចំនួន ៧៨ ស្តង់៕