
ភ្នំពេញ៖ ក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសជាសកល Ria Money Transfer នៃវិស័យឧស្សាហកម្ម និងអាជីវកម្មរបស់ Euronet សហការជាមួយធនាគារអេស៊ីលីដា ដែលគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក ដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងទៅនិងមកពីប្រទេសកម្ពុជា ដោយសារចំនួនប្រជាជនកម្ពុជា ជាច្រើនកំពុងរស់នៅ និងធ្វើការនៅបរទេស។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ ត្រូវបានប្រកាសនៅថ្ងៃទី៩ខែមីនា ដែលនឹងពង្រីកបណ្តាញរបស់Riaរួមមានសេវាកម្មងាយស្រួលជាច្រើន ដូចជាការទូទាត់សាច់ប្រាក់ ការប្រមូលសាច់ប្រាក់ទាំងប្រាក់រៀល (ប្រាក់រៀលកម្ពុជា) និងប្រាក់ដុល្លារ (ដុល្លារអាមេរិក) និងប្រាក់បញ្ញើក្នុងគណនី។ ភាពជាដៃគូជាមួយធនាគារអេស៊ីលីដា ពង្រីកវត្តមានរបស់Riaនៅកម្ពុជា ដោយបន្ថែមទីតាំងដកប្រាក់ និងទូទាត់ប្រាក់ជិត៣០០ដែលមានទីតាំងសរុបចំនួន៤ ៣១៨នៅក្នុងប្រទេសកម្ពុជា។
មានប្រជាជនកម្ពុជាយ៉ាងតិច ១,៣ លាននាក់ដែលកំពុងរស់នៅ និងធ្វើការនៅបរទេស ហើយច្រើនជាង ២/៣ នៃពួកគេផ្ញើប្រាក់ទៅផ្ទះ។ កាលពីឆ្នាំមុន ពួកគេបានផ្ញើប្រាក់ចំនួន ១,២៥ពាន់លានដុល្លារមកកម្ពុជា ពោលគឺ ៨ ភាគរយច្រើនជាងកាលពីឆ្នាំ២០២១។ ប្រាក់បញ្ញើទៅផ្ទះ ផ្ញើមកកម្ពុជាមកពីប្រទេសបារាំង កាណាដា អាមេរិក អូស្ត្រាលី ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ក្នុងចំណោមបណ្ដាប្រទេសជាច្រើនផ្សេងទៀត។ នេះបើយោងតាមRia។
Riaបន្តថា៖ «ប្រាក់ដែលផ្ញើដោយអតិថិជនគ្រប់ទីកន្លែងក្នុងពិភពលោកតាមរយៈបណ្តាញរបស់Ria ទៅកាន់គណនីធនាគារកម្ពុជា ត្រូវបានបញ្ជូន តាមពេលវេលាជាក់ស្តែង ដោយមកដល់ភ្លាមៗ បន្ទាប់ពីអ្នកផ្ញើបានបញ្ចប់ប្រតិបត្តិការ»។
លោក Juan Bianchi អគ្គនាយក ផ្នែកផ្ទេរប្រាក់របស់ Euronetបានឱ្យដឹងថា ភាពជាដៃគូនេះ អាចឱ្យក្រុមហ៊ុនរបស់លោក បម្រើអតិថិជនរបស់ពួកគេបានកាន់តែល្អ និងពង្រឹងវត្តមាននៅក្នុងតំបន់។
លោកថ្លែងថា៖ «ប្រាក់បញ្ញើទៅផ្ទះ នៅតែជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជនក្នុងប្រទេសជាច្រើន ហើយនៅRiaយើងប្តេជ្ញាជួយប្រជាជនដែលកំពុងរស់នៅ និងធ្វើការឆ្ងាយពីផ្ទះ ទទួលបានសេវាផ្ទេរប្រាក់ដែលពួកគេត្រូវការ ដើម្បីកសាងជីវិតប្រចាំថ្ងៃកាន់តែប្រសើរឡើង។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឱ្យដឹងថា តាមរយៈការសម្រេចបាននូវគោលដៅទាំងនេះ ប្រតិបត្តិការនៃការក្លាយជាភាគីទី៣របស់ Ria Money Transfer នឹងធានាបាននូវនិរន្តរភាព និងការរីកចម្រើនដល់គ្រប់ភាគីពាក់ព័ន្ធ ម្ចាស់ភាគហ៊ុន បុគ្គលិក និងសហគមន៍នៅអេស៊ីលីដាទាំងមូល។
លោកថ្លែងថា៖ «យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Ria Money Transfer ដើម្បីបង្កើនការផ្ដល់សេវានិងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់អតិថិជន។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់លទ្ធភាពដល់អតិថិជនគ្រប់ប្រភេទ (ទាំងប្រជាជនកម្ពុជា និងជនបរទេស) ដែលកំពុងធ្វើការ ធ្វើអាជីវកម្ម និង/ឬរស់នៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក អាចផ្ទេរប្រាក់ចេញពី និងមកប្រទេសកម្ពុជាតាមរយៈRia Money Transferជាមួយនឹងទីតាំងលក់រាយជាង៥០០ ០០០ទូទាំងពិភពលោក»។
Ria គឺជាក្រុមហ៊ុនផ្ទេរប្រាក់ឈានមុខគេទីពីរនៅលើពិភពលោក ដែលមានទីតាំងលក់រាយជាង ៥០០ ០០០។ ធនាគារអេស៊ីលីដា គឺជាធនាគារឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូនអតិថិជន និងអ្នកទទួលប្រាក់បញ្ញើមកផ្ទះប្រមាណ ៣០០ ទីតាំងដ៏ងាយស្រួលទូទាំងប្រទេស ដើម្បីប្រើប្រាស់សេវាផ្ទេរប្រាក់ជាសាកលរបស់ Ria។
ធនាគារមួយនេះ មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួនគឺ វិទ្យាស្ថានពាណិជ្ជកម្មអេស៊ីលីដា ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារអេស៊ីលីដា ឡាវ និងACLEDA MFI Myanmar Co., Ltdព្រមទាំងការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ធនាគារអេស៊ីលីដាមានទ្រព្យសកម្មសរុបចំនួន៨,៩២ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន៦,២៥ពាន់លានដុល្លារ និងប្រាក់បញ្ញើសន្សំសរុបចំនួន៦,២២ពាន់លានដុល្លារ ដែលមានអតិថិជនជាង៣,៩៨8 លាននាក់៕