​ភ្នំពេញៈ កម្ពុជា​រកចំណូលបាន​ជាង ១,៤​ ពាន់​លាន​ដុល្លារ​ពី​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​ឆ្នាំ ​២០២២ កើន​ជិត ៧០០ ​ភាគ​​រយ​បើ​ធៀប​ឆ្នាំ​ ២០២១ ខណៈ​វិស័យនេះ​បាន​ចូលរួមចំណែក​ប្រមាណ ៣,៦ ​ភាគរយ​នៃ​ផលិត​​ផល​ក្នុងស្រុក​សរុប ​(GDP)​។​

​តារាង​សូចនាករ​គន្លឹះ​ទេស​ចរណ៍​ឆ្នាំ​ ២០២២ នៃ​ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ២ ២៧៦ ៦២៦​ នាក់ កើនឡើង ១ ០៥៨,៦​ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២១ ដោយ​រកចំណូលបាន ១ ៤១៥​ លាន​ដុល្លារ កើនឡើង ៦៦៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​ប្រមាណ ១៨៤ ​លាន​ដុល្លារ​។ ទឹកប្រាក់​ដែល​វិស័យ​ទេសចរណ៍​បានរួម​​ចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប គឺ ៣,៦​ ភាគរយ ខណៈ​កាលពី​ឆ្នាំ​ ២០២១ មាន​ត្រឹមតែ ១,៨​ ភាគរយ​។​

​តារាង​សូចនាករ​ឱ្យដឹងទៀតថា ទន្ទឹមនឹង​កំណើន​ចំនួន​ភ្ញៀវ និង​ប្រា​ក់បាន​ពី​ទេសចរ​អន្តរ​ជាតិ វិស័យ​ទេសចរណ៍​នៅក្នុង​ស្រុក​ក៏មាន​ភាពល្អប្រសើរ​ដែរ ដោយ​ទេសចរ​ជាតិ ដែល​ដើរ​កម្សាន្ត​ក្នុងស្រុក​ឆ្នាំ​ ២០២២ មាន​សរុប ១៣,៩៣​ លាន​នាក់ កើន ១៩៨,៨​ភាគរយ​, ចំនួន មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ១៣ ៥៩៧​ អាជ្ញាប័ណ្ណ​, និង​អ្នក​មាន​ការងារ​ផ្ទាល់​នៅក្នុង​វិស័យ​ទេសចរណ៍ មាន ៣២ ​ម៉ឺន​នាក់​។ ជា​មធ្យម​ភ្ញៀវទេសចរ​ជាតិ​ចំ​ណាយ​រយៈពេល​ដើរ​កម្សាន្ត ៣ ​ថ្ងៃ ២ យប់ និង​ចំណាយ​មធ្យម ៥០​ ដុល្លារ​ក្នុង​ម្នាក់ៗ ដែល​ស្មើនឹង​ទឹកប្រាក់​សរុប​ប្រមាណ ៦៥០ ​លាន​ដុល្លារ​។​

​បន្ថែម​ពីលើ​នេះ​ភ្ញៀវទេសចរ​ជាតិ​ដែល​ធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស មាន​ចំនួន ០,៩៧ លាន​នាក់ កើន ៣ ០៧៩,៥​ ភាគរយ​ធៀប​ឆ្នាំ ​២០២១​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អា​ស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន​ ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១២ ខែមីនា​ថា ឆ្នាំ ២០២០-២០២១ ជា​អំឡុង​ពេលដែល​វិស័យ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​ស្ថិតនៅក្នុង​ភាព​អាប់អួ​ដ៏​ខ្លាំង​បណ្តាលមកពី​ឥទ្ធិពល​នៃ​នៃ​ជំងឺ​កូ​វីដ​ ១៩​។

ទោះជា​យ៉ាងណា ចាប់ពី​ចុងឆ្នាំ​ ២០២១ មក​វិស័យ​ទេសចរណ៍​កម្ពុជា បានចាប់ផ្តើម​បង្ហាញ​សញ្ញា​កម្រើក​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​ស​ម្រេច​បន្ធូរបន្ថយ​វិធានការ​មួយចំនួន​ទាក់ទង​ការ​រឹតបន្តឹង​ដោយ​សារ​ជំងឺ​កូ​វីដ​ ១៩​។ ទេសចរ​អន្តរជាតិ មកដល់​កម្ពុជា​ចាប់ពី​ដើមឆ្នាំ​ ២០២២ គឺ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ចំនួន​នេះ​ក៏​ជួយ​ឱ្យ​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ ក៏ដូចជា​រដ្ឋាភិបាល​ទ​ទួលបាន​ចំណូល​ឡើងវិញ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​នេះ គឺជា​ក្តី​រីករាយ ហើយក៏​ជា​មោទនភាព​មួយ​សម្រាប់​កម្ពុជា​ដែល​ទទួលបាន​កំណើន​ទេសចរ​អន្តរជាតិ និង​ទឹកប្រាក់​ពី​វិស័យនេះ​ឡើងវិញ ព្រោះ​វិស័យ​ទេសចរណ៍​តែង​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​»​។​

​លោក​បន្តថា ឆ្នាំ​ ២០២៣​ នេះ បញ្ហា​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ កំណើនសេដ្ឋកិច្ច​ពិភពលោក អត្រា​អតិផរណា​កើន​ខ្ពស់ និង​បញ្ហា​ជំងឺឆ្លង​គឺ​នឹង​បន្ត​ការ​គំរាមកំហែង​ដល់​វិស័យ​ទេសចរណ៍​។​

​ទោះយ៉ាងណា​លោក​អះអាងថា​៖ «​បើ​ស្ថានភាព​ពិភពលោក​បន្ត​ដូច​ពេលនេះ ខ្ញុំ​នៅតែ​មានជំនឿថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​លើសពី​ឆ្នាំ​ ២០២២​។ វា​នឹង​ល្អ​ជាង​ឆ្នាំមុន ប៉ុន្តែ​ភាពផុយស្រួយ គឺ​នៅតែ​ខ្ពស់​»​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន និ​យា​យា​ថា ការប្រកាស​របស់​ប្រទេស​ចិន​ដែល​អនុញ្ញាតឱ្យ​ជនជាតិ​ខ្លួន​អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​នឹង​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​។ ព្រឹត្តិការណ៍​ធំៗ​ដែល​កម្ពុជា​ត្រូវ​រៀបចំ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​ដូចជា បុណ្យ​ទន្លេ បុណ្យ​សមុទ្រ ការតាំងពិព័រណ៍ និង​ការប្រកួត​កីឡា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ (​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម​) គឺ​សុទ្ធតែ​ជាការ​ផ្សព្វ​ផ្សាយ និង​ទាក់ទាញ​អ្នកទេសចរ​ក្នុងស្រុក និង​អន្តរជាតិ​ឱ្យធ្វើ​ដំណើរ​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​។ លោកស្រី​បន្តថា ម្យ៉ាងទៀត​វិស័យ​ទេសចរណ៍​កម្ពុជា ទាំង​រដ្ឋ និង​ឯកជន គឺ​សុទ្ធតែ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការទទួល​កំណើន​ភ្ញៀវ​​ទេសចរ​ជាតិ និង​អន្តរជាតិ​។​

​លោកស្រី​ប្រាប់ថា​៖ «​ឆ្នាំ ​២០២៣ នេះ​វិស័យ​ទេសចរណ៍​កម្ពុជា​នឹងមាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​ ២០២២ ​បន្ថែមទៀត ពិសេស​ចំនួន​ភ្ញៀវទេសចរ​ក្នុង​តំបន់ រួមទាំង​ភ្ញៀវ​មកពី​ប្រទេស​ចិន​»​។​

​កាលពី​សប្តាហ៍​មុន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុ​ប សុភ័ក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ឆ្នាំ ​២០២៣ នេះ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​កម្ពុជា​នឹង​អាច​កើនឡើង​ជិត​ទ្វេដង​ធៀប​នឹង​ឆ្នាំ​ ២០២២​។ ទេសចរ​ចិន នឹងចូលរួម​ចំណែក​ច្រើន​សម្រាប់​ទេសចរណ៍​ឆ្នាំ​ ២០២៣​។​

​លោក​ថ្លែងថា​៖ «​តាម​ការ​ព្យាករ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​កម្ពុជា​អាចនឹងទទួល​បាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៤ ​លាន​នាក់ ក្នុងនោះ​ទេសចរ​ចិន​អាចមាន​ពី ៨០ ​ម៉ឺន ទៅ​ ១ ​លាន​នាក់ ហើយ​ខេត្តសៀមរាប​អាច​ទទួល​ទេសចរ​ចិន ៣០ ​ភាគរយ​នៃ​ចំនួន​ទេសចរ​ចិន​សរុបមក​កម្ពុជា​»​។​

​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ឆ្នាំ​ ២០១៩ ត្រូវបាន​ចាត់ទុកជា​ពេលដែល​កម្ពុជា​ទទួលបាន​ចំណូល​ពី​វិស័យ​ទេស​ចរណ៍​អន្តរជាតិ​ច្រើនជាងគេ ដោយមាន​ចំនួន ៤ ៩១៩ លាន​ដុល្លារ​កើន​ ១២,៤ ភាគរយ​ធៀប​ឆ្នាំ​ ២០១៨​។ ទឹកប្រាក់​ពី​វិស័យ​ទេសចរណ៍​ឆ្នាំ​ ២០១៩ គឺមាន​ប្រ​​មាណ ១២,១ ​ភាគរយ​នៃ GDP៕