ភ្នំពេញៈ Amru Rice ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ និង​រោង​ម៉ាស៊ីន​ស្រូវ​ឈានមុខ​មួយ​នៅ​កម្ពុជា​បានទទួល​មូលនិធិ​ពី Emerging Markets Investment Advisers ជា​ក្រុម​ហ៊ុន​គ្រប់គ្រង​មូលនិធិ​ភាគហ៊ុន​ឯកជន ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី តាមរយៈ​មូល​និ​ធិ​ថ្មី មាន​ឈ្មោះថា ASEAN Frontier Markets Fund (AFMF) សម្រាប់​ជំរុញ​ការនាំ​ចេញ ក៏ដូចជា​ពង្រីក​ភាពជា​ដៃ​គូ​ជាមួយ​កសិករ​។​

​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១១ ក្រុមហ៊ុន Amru Rice បានធ្វើ​ការងារ​ជាមួយនឹង​កសិករ​ក្នុងស្រុក​ជាង​ ២ ​ម៉ឺន​នាក់ ក្នុងនោះ​មាន​ស្ត្រី​ជាង​ ៥០​ ភាគ​រយ​តាមរយៈ​គំរូ​កសិកម្ម​តាម​កិច្ចសន្យា ដោយ​ផ្តល់ជូន​ប្រព័ន្ធ​លើកទឹកចិត្ត​ដោយ​ស្មើភាព និង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ក្នុងចំណោម​កម្មវិធី​ជាច្រើន​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​ខ្សែចង្វាក់​​ផ្គត់ផ្គង់​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន​។​

​លោក ម៉ៅ សា​វិ​ន ប្រធាន​ក្រុមហ៊ុន EMIA Cambodia បានកត់សម្គាល់​ឃើញថា ការ​​រីកចម្រើន​ដ៏​រឹងមាំ​របស់ Amru Rice ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និង​គំរូ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព EMIA មាន​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ក្នុង​ដំណើរ​នេះ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​ការ​ក្លាយជា​ក្រុមហ៊ុន​ផលិត និង​នាំចេញ​អង្ករ​សរីរាង្គ​ឈាន​​មុខ​គេ​នៅ​អាស៊ីអាគ្នេយ៍​។​

​លោក​ថ្លែងថា​៖ «​ជាមួយនឹង​បេសកកម្ម​ជួយ​ដល់​ក្រុមហ៊ុន ដែល​ចែករំលែក​ទស្សនវិជ្ជា​អភិ​​វឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​របស់ AFMF EMIA ជឿថា ភាពជា​ដៃគូ​នេះ​នឹង​គាំទ្រ​ដល់​ក្រុមហ៊ុន Amru Rice ក្នុង​ការរីក​លូត​លាស់ និង​ពង្រីក​អាជីវកម្ម​ថែមទៀត ដើម្បី​បង្កើន​ចំណែក​របស់​កម្ពុជា​នៅក្នុង​ទីផ្សារ​អង្ករ​ពិភព​លោក ជាពិសេស​ទីផ្សារ​អង្ករ​សរីរាង្គ​ដែលមាន​តម្លៃ​ខ្ពស់​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើ​ការងារ​យ៉ាង​ជិត​​ស្និទ្ធ​ជាមួយ Amru Rice ដើម្បី​បង្កើត​ផល​វិជ្ជមាន​កាន់តែច្រើន​លើ​វិស័យ​ស្រូវ​អង្ករ ភាគី​ពាក់ព័ន្ធ​សំខាន់ៗ និង​សហគមន៍​ដែល Amru បម្រើ​»​។​

​លោក Joshua Morris អគ្គ​នាយក EMIA បានឱ្យដឹងថា ភាពជា​ដៃគូ​នេះ គឺ​ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ស្ថាប័ន​លោក​ក្នុង​ការកសាង​អា​​ជីវ​កម្ម​ប្រកបដោយ​នវានុវត្តន៍ តម្លាភាព និង​និរន្តរភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ លោក​សង្ឃឹមថា ភាពជា​ដៃគូ​នេះ ក៏​នឹង​សម្រាប់​ការពង្រីក​បណ្តាញ​ក្រុមហ៊ុន​តម្លៃបន្ថែម​របស់​យើង ដែល​ជំរុញឱ្យមាន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម​របស់​ទីផ្សារ​ក្នុងស្រុក​។​

​លោក Joshua លើកឡើងថា​៖ «​យើង​ពិតជា​រំភើប​ណាស់ ដែលមាន Amru Rice បង្ហាញ​ការវិនិយោគ​ដំបូង​សម្រាប់​មូល​និ​ធិ​ថ្មី​របស់​ពួកយើង AFMF​។ ប្រវត្តិ​រីកចម្រើន​ដ៏​ឆាប់រហ័ស​របស់​អាជីវ​កម្ម តួនាទី​ដ៏​ពិសេស​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស និង​វិធីសាស្ត្រ​ដែល​មិន​ធ្លាប់មាន​ពីមុន​ក្នុងការ​ពង្រឹងសមត្ថភាព​សង្គម និង​ការ​ការ​ពារ​បរិស្ថាន បង្ហាញ​ពី​លក្ខណ​ពិសេស​របស់​ក្រុមហ៊ុន ដែល​យើង​ចង់​គាំទ្រ​»​។​

​លោក សុង សារ៉ន ស្ថាបនិក និង​ជា​អគ្គនាយក Amru Rice បាន​និយាយថា ការវិនិយោគ​របស់ AFMF ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការបន្ថែម និង​កា​​តា​លី​ករ​ខ្ពស់​ដល់ Amru នៅក្នុង​ការ​ព​ន្លឿ​ន​កំណើន​អាជីវកម្ម​របស់ខ្លួន និង​អនុវត្ត​របៀបវារៈ ​ESG និង​អាកាសធាតុ​របស់ខ្លួន ដើម្បី​បង្កើត​ឥទ្ធិពល​សំខាន់​លើ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​លោក​បញ្ជាក់ថា​៖ « Amru Rice មាន​កិត្តិយស​ក្នុងការ​ស្វា​គម​ន៍ EMIA នៅលើ​ដំណើរការ​នេះ​។ វត្តមាន​ក្នុង​តំបន់​យូរអង្វែង និង​បណ្តាញ​ទូលំទូលាយ​របស់​ EMIA នឹង​បង្ហាញថា យើង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន នៅពេលដែល​ក្រុមហ៊ុន​របស់​យើង​បានបញ្ចប់​ការសិក្សា​ទៅ​ដំណាក់កាល​បន្ទាប់​នៃ​ដំណើរ​បំពេញបេសកកម្ម​របស់​យើង​។ យើង​ក៏​ចាប់អារម្មណ៍​ផងដែរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់ EMIA​ ចំពោះ​ដំណើរ​អភិវឌ្ឍន៍​របស់​វិនិយោគិន​ទាំង​ផ្នែក​ពាណិជ្ជ​កម្ម និង ESG»​។​

​យោងតាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​រយៈពេល​ ២ ​ខែ​ដើមឆ្នាំ​ ២០២៣ កម្ពុជា​នាំចេញ​អង្ករ​ជិត​ ១០​ ម៉ឺន​តោន ដែល​គិត​ជា​ប្រាក់​ចំនួន ៧២,៦៧​ លាន​ដុល្លារ​៕