
សកម្មភាពដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសវៀតណាម នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៣ មានជាង ៤៩១ លានដុល្លារ កើនជាង ៣៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលធ្វើឱ្យពាណិជ្ជកម្មទ្វេភាគី មានទឹកប្រាក់ជិត ១,១ ពាន់លានដុល្លារ។ វៀតណាម គឺជាប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីធំទី ៣ ជាមួយកម្ពុជាបន្ទាប់ពីប្រទេសចិន និងអាមេរិក។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងខែមករាកុម្ភៈ ឆ្នាំ ២០២៣ កម្ពុជាបាននាំទំនិញទៅប្រទេសវៀតណាម ក្នុងតម្លៃសរុប ៤៩១,១៨ លានដុល្លារ កើន ៣៦,១ ភាគរយធៀបនឹង ៣៦០,៨៤៣ លានដុល្លារ កាលពីអំឡុងខែមករា-កុម្ភៈ ឆ្នាំ ២០២២។
ជាមួយគ្នានេះវៀតណាម ក៏បាននាំទំនិញមកកម្ពុជាវិញចំនួន ៥៩៣,៥៥៧ លានដុល្លារ កើន ០,៧ ភាគរយពីចំនួន ៥៨៩,២៧៨ លានដុល្លារ។ ជាសរុបទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម រយៈពេល ២ ខែដើមឆ្នាំ ២០២៣ មានចំនួន ១ ០៨៤,៧៣៧លានដុល្លារ កើន ១៤,២ ភាគរយពីចំនួន ៩៥០,១២១ លានដុល្លារ កាលពីរយៈពេលដូចគ្នាឆ្នាំ ២០២២។ បើយោងតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពចំនួន ១០២,៣៧៧ លានដុល្លារ។
សម្រាប់ខែកុម្ភៈ ឆ្នាំ ២០២៣ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៦០៥,៩៨ លានដុល្លារ កើនឡើង ៣០,៩៥៦ ភាគរយធៀបទៅនឹងខែកុម្ភៈ ឆ្នាំ ២០២២ ដែលមាន ៤៦២,៧៣៥ លានដុល្លារ។ ក្នុងនោះទំនិញនាំពីកម្ពុជាទៅវៀតណាម មានទឹកប្រាក់ ៣១៨,៩៥៣ លានដុល្លារ កើនឡើង ៥៥,៤ ភាគរយ ពី ២០៥,២ លានដុល្លារ និងវៀតណាមនាំទំនិញមកកម្ពុជា ២៨៧,០២៧ លានដុល្លារ បានកើនឡើង ១១,៥ភាគរយពីចំនួន ២៥៧,៥៣៥ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែមីនាថា ដោយសារតែមានព្រំប្រទល់ជាប់គ្នាប្រទេសទាំង ២ តែងនាំទំនិញនាំចេញ-នាំចូលទៅវិញទៅមកច្រើន ដោយចំនួនទឹកប្រាក់ពិតប្រាកដគឺមានច្រើនលើសនេះទៀត។ ភាគច្រើននៃផលិតផលដែលកម្ពុជានាំទៅវៀតណាម គឺជាផលិតផលកសិកម្ម ឬជាវត្ថុធាតុដើមសម្រាប់កែច្នៃ។ លោកបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់ពេលនេះ គឺការនាំចេញកសិផលពីកម្ពុជាទៅវៀតណាម កំពុងមានភាពវិជ្ជមានជាបន្តបន្ទាប់។
លោកលើកឡើងថា៖ «ទោះដើមឆ្នាំ ២០២៣ នេះចំនួនទឹកប្រាក់នាំចេញ-នាំចូលរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិភាគច្រើនធ្លាក់ចុះ ប៉ុន្តែសម្រាប់ពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាម គឺមិនធ្លាក់ចុះឡើយ ជាពិសេសការនាំចេញរបស់កម្ពុជា»។
លោកបន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែន ការបើកច្រកព្រំដែនថ្មីៗ ព្រមទាំងគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត (ព្រំដែនវៀតណាម) ការធ្វើពាណិជ្ជកម្មទ្វេភាគីនឹងមានទឹកប្រាក់កាន់តែច្រើននៅពេលខាងមុខ។
យោងតាមលោក លឹម ហេង ទំនិញចម្បងគេដែលកម្ពុជានាំទៅវៀតណាម គឺផលិតផលកសិកម្ម (ស្រូវ, កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី ជាដើម) ចំណែកផលិតផលវៀតណាមនាំមកកម្ពុជា មានដូចជា ដែក សម្ភារសំណង់ ប្រេង បន្លែ ផ្លែឈើ ជី និងគ្រឿងយន្ត។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក រដ្ឋ សារ៉ាវុធ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំចង្អៀតដើម្បីពិនិត្យចុងក្រោយ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីអំពីពាណិជ្ជកម្មតាមព្រំដែន រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។ តាមរយៈកិច្ចព្រមព្រៀងនេះ គេរំពឹងថា ការធ្វើពាណិជ្ជកម្មប្រទេសទាំង ២ នឹងកើនឡើងថែមទៀត។
ទិន្នន័យពីធនាគារជាតិនៃកម្ពុជាឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ ក្នុងនោះការវិនិយោគរបស់វិនិយោគិនវៀតណាម មានទឹកប្រាក់ ២,៥ ពាន់លានដុល្លារ ស្មើនឹង ៦,១ ភាគរយនៃការវិនិយោគសរុប ខណៈប្រទេសចិន នាំមុខគេជាមួយនឹងទំហំទឹកប្រាក់ ១៨ ពាន់លានដុល្លារ។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦ ១៣៥,៧៦ លានដុល្លារ កើនឡើង ១៩,៦ ភាគរយបើធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅវៀតណាម មានទឹកប្រាក់ ២ ១៦៨,៦១៩ លានដុល្លារ កើន ៩,២ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជាមានចំនួន ៣៩៦៧,១៤១៣លានដុល្លារ កើនឡើង ២៦,២ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕