
ទិដ្ឋភាពទីតាំងដាំចកនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំកាលពីពេលកន្លងមក។ រូបថត សហការី
កំពង់ធំៈ ចកជារុក្ខជាតិមួយប្រភេទដែលដុះនៅតាមត្រពាំងបឹងបួតាមធម្មជាតិ ហើយរុក្ខជាតិប្រភេទនេះ ជាទូទៅគេច្រើនតែយកមកធ្វើជាចំណីឱ្យមាន់ទា ជ្រូកស៊ី តាមរយៈការដើររកនៅតាមទីតាំងដែលវាដុះបែបធម្មជាតិប៉ុណ្ណោះ។
ប៉ុន្តែមានបុរសម្នាក់បានបែកគំនិតយកចកមកដាំ ដើម្បីផលិតជាចំណីសត្វឱ្យរឹតតែសម្បូរ និងងាយរកជាងមុនដែលអាចរកចំណូលបានជាង ១០ លានរៀលក្នុង ១ ខែ។
ក្នុងសភាពរៀបចំជារងៗ ខណ្ឌដោយតង់កៅស៊ូកម្ពស់ ២ តឹកពីដីធ្វើជាជញ្ជាំង និងប្រក់ដោយសំណាញ់ប្រហោងតូចៗពណ៌ខៀវកម្ពស់ជិត ២ ម៉ែត្រ នោះហើយគឺជាថ្នាលដាំចករបស់លោក ភាន សូវៀត រស់នៅភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ភាន សូវៀត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមពិតទៅរុក្ខជាតិប្រភេទចកនេះគឺសម្បូរណាស់នៅតាមស្រុកស្រែចម្ការពោល គឺឱ្យតែកន្លែងណាមានទឹកគឺមានពួកវាដុះហើយ ប៉ុន្តែពួកវាមិនត្រូវបានប្រជាពលរដ្ឋចាប់អារម្មណ៍ថា នឹងយកមកកែច្នៃធ្វើអ្វីបានទៀតទេ ក្រៅតែពីយកចកមកធ្វើជាចំណីសត្វបន្ទាប់់បន្សំតែប៉ុណ្ណោះ។ ចំពោះរឿងរ៉ាវរបស់លោកវិញ ដំបូងឡើយគ្រាន់តែដើរស៊ីឈ្នួលធ្វើជាកម្មករលីសែងឱ្យគេប៉ុណ្ណោះ តែដោយប្រើតែកម្លាំងហត់ពេកក៏ឈប់ស៊ីឈ្នួលគេ ហើយលោកក៏ត្រឡប់មកស្រុកកំណើតវិញ។
លោក សូវៀត បន្តថា ក្រោយពេលត្រឡប់មកផ្ទះវិញនៅអំឡុងឆ្នាំ ២០១៩ លោកបានទៅលេងផ្ទះបងប្អូននៅឯទីជនបទមួយក្នុងខេត្តកំពង់ឆ្នាំង។ ពេលនោះលោកបានឃើញចកជាច្រើននៅក្នុងត្រពាំង និងប្រឡាយទឹកដែលធ្វើឱ្យលោកនឹកឃើញភ្លាមៗថា រុក្ខជាតិចកនេះប្រសិនបើយកទៅដាំតាមលក្ខណៈបច្ចេកទេសកសិកម្មប្រហែលជាអាចមានប្រយោជន៍លើសពីអ្វីដែលគេយកវាទៅធ្វើជាចំណីសត្វ ប៉ុន្តែនៅពេលនោះលោកមិនទាន់ចាប់ផ្តើមរបរដាំចកភ្លាមៗនៅឡើយទេ។
លោកបានបន្តថា៖ «ពេលនោះខ្ញុំគ្រាន់តែគិតចោលមិនទាន់មានគម្រោងច្បាស់លាស់ទេ តែខ្ញុំចិញ្ចឹមត្រីលក់ តែការចិញ្ចឹមត្រីនោះ លោកបានខាតថវិកាអស់ជិត២លានរៀលក៏ប្តូរមកដាំចកវិញ»។
លោកសូវៀត បញ្ជាក់ថា ក្នុងការដាំចកដំបូងគឺលោកគ្រាន់តែដាំសាកល្បងទេ ហើយលោកក៏មិនដឹងថា គេដាំតាមបច្ចេកទេសកសិកម្មបែបណាដែរ។ ក្នុងដំណាក់កាលសាកល្បងនេះលោកបានយកចកទៅដាក់ក្នុងត្រពាំងទឹកដោយដាក់លាមកគោ និងអាចម៍មាន់ធ្វើឱ្យស្លឹកចកឡើងក្រហមចង់ងាប់ ហើយពេលនោះឯងដែលលោកត្រូវទទួលបរាជ័យ។
លុះក្រោយមកលោកបានដូរវិធីដោយធ្វើការសិក្សាពីជីណាដែលត្រូវជាមួយនឹងចកឈ្មោះ AZOLLA ដែលមានប្រភពពីប្រទេសឥណ្ឌា តែលោកបានទិញពូជនេះបន្ដពីខេត្តព្រៃវែង។ ក្នុងការស្រាវជ្រាវសិក្សាឃើញថា ជីដែលអាចប្រើប្រាស់សម្រាប់រុក្ខជាតិចកបានគឺជីសាគូឡា ជីនាគមាស និងជីម៉ាហ្វឺដែលជីទាំងនេះសុទ្ធតែជីធម្មជាតិផលិតនៅក្នុងស្រុកទាំងអស់។
បើតាមលោក សូវៀត បន្ទាប់ពីរកវិធីដាំដែលអាចនឹងទទួលបានផលល្អហើយនោះគឺលោកបានចំណាយលុយ ៥០ ម៉ឺនរៀលដើម្បីទិញសម្ភារដាំ និងចាប់ផ្តើមឈូសឆាយពង្រាបដីស្រែធ្វើអាងដែលមានទទឹងខ្លះជាង ១០ ម៉ែត្រខ្លះទៀតជាង ២០ ម៉ែត្រ និងបណ្តោយមានចាប់ពី ៣០ ម៉ែត្រទៅ ៥០ ម៉ែត្រ (អាស្រ័យតាមទីតាំងដី) ហើយថ្មីៗនេះលោកបានធ្វើចំនួន ៧ ទៀតដែលមានទំហំ ២០ ម៉ែត្រ ៤ ជ្រុង។
លោកបានបញ្ជាក់ថា ចំពោះវិធីធ្វើអាង គឺមុនដំបូងគេពង្រាបដីឱ្យស្មើ បន្ទាប់មកយកដើមឫស្សីឬក្តារមកខណ្ឌជាជញ្ជាំងដែលមានកម្ពស់ពីដី ២ តឹក កៀបជាមួយដើមឫស្សី ឬក្តារដើម្បីកុំឱ្យប៉ោង។ បន្ទាប់មកទៀតក្រាលកៅស៊ូនៅខាងក្នុងរួចហើយបូមទឹកដាក់កម្ពស់ប្រហែល ១ តឹកកន្លះហើយយកចកទៅដាក់ដាំក្នុងអាងនោះតែម្តង។រីឯការប្រើជីវិញគឺក្នុងកម្ពស់ទឹក ១ តឹកកន្លះ ក្នុងទំហំផ្ទៃ ១ ម៉ែត្រការ៉េ គឺលោកប្រើជីចំនួន ១ ខាំ តែបើទទឹងអាង ១០ ម៉ែត្រ និងបណ្តោយ ១០ ម៉ែត្រស្មើនឹងប្រើជី ២ គីឡូក្រាមដោយដាក់លាយអំបិល ៦ ខាំទៀត ដែលនេះគឺជារូបមន្តដាំចក។ ចំណែកប្រភពទឹកវិញគឺមានប្រឡាយទឹកដែលអាចបូមបានគ្រប់រដូវ។
លោកបានឱ្យដឹងថា រុក្ខជាតិចក គឺមិនមានគ្រាប់បណ្តុះទេ តែគេអាចដាំវាដោយយកដើមចកដែលមានអាយុ ១០ ទៅ ១៥ ថ្ងៃទៅចងផ្អាប់ក្នុងថង់រួចដាក់កុំឱ្យត្រូវកម្តៅថ្ងៃដើម្បីផ្តាច់ឫស និងស្លឹករបស់វា។ កាលណាវាដាច់ឫស និងស្លឹកអស់ហើយទើបគេយកទៅដាំដែលពេលនោះចកនឹងដុះបែកចេញជាកូនច្រើន។
ចំពោះការប្រមូលផលវិញគឺរយៈពេល ១០ ថ្ងៃ ឬ ១៥ ថ្ងៃ (គិតពីថ្ងៃដាំ) ហើយក៏ត្រូវប្រមូលឱ្យអស់ដែរដើម្បីស្តារអាងដាំជាថ្មីឡើងវិញ។
លោកបានបន្ថែមថា បច្ចុប្បន្នលោកមានអាងសម្រាប់ដាំចកទំហំកន្លះហិកតា ហើយក្នុងចក ១ គីឡូក្រាម លោកលក់ក្នុងតម្លៃ ៥ ពាន់រៀល ហើយក្នុង ១ ខែ លោកអាចរកចំណូលបានប្រហែល ១០ លានរៀល។
ចំពោះអតិថិជនវិញ គឺមានគ្រប់ ២៥ រាជធានី-ខេត្ត។ ជាមួយគ្នានេះលោកក៏មានបង្រៀនពីវិធីដាំចកដោយមិនគិតថ្លៃជូនដល់បងប្អូនដែលចង់ប្រកបមុខរបរដូចលោកផងដែរ។ លោកថា រុក្ខជាតិចកនេះប្រើជាចំណីត្រី សត្វកង្កែប អន្ទង់ បង្កង មាន់ទា ក្ងាន និងសត្វក្រួច ជាដើម៕