ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិ​ត សំហេង បាន​លើកឡើងថា កម្ពុ​ជា​មាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ សម្រាប់ធ្វើ​ការអភិវឌ្ឍ​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង កាបូប និង​ផលិតផល​ធ្វើដំណើរ​ដោយមាន​យន្តការ​សម្រាប់​ដោះ​ស្រាយ នៅពេល​ដែល​មាន​បញ្ហា​អ្វីមួយ​កើត​ឡើង។

លោក អ៊ិ​ត សំហេង បាន​លើក​ឡើង​ដូចនេះ​កាលពី​ថ្ងៃទី ១៣ ខែមីនា ក្នុងជំនួប​ជាមួយនឹង​លោក ហ៊ូ ឆាវ​ហ៊ុយ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន​ផលិត​ស្បែកជើង អ​ល វីន ស៊ូ នា​ក្រសួង​ការងារ។

ក្នុងជំនួប​នោះ​លោក ហ៊ូ ឆាវ​ហ៊ុយ បាន​ថ្លែងប្រាប់​លោក អ៊ិ​ត សំហេង ថា ដោយសារ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា រោងចក្រ​ផលិត​ស្បែកជើង​ អ​ល វីន ស៊ូ ដែលមាន​មូលដ្ឋាន​នៅ​ទីនោះ បានសម្រេច​ចិត្ត ផ្លាស់​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​វិញ។

លោក​បាន​បន្តថា ៖ «ការសម្រេច​រើ​រោងចក្រ​មក​កម្ពុជា អាស្រ័យ​ដោយ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ក៏ដូចជា​មាន​គោល​នយោបាយ​ជាច្រើន​ទៀត​ ក្នុងការ​លើកទឹកចិត្ត​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា»។

ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ផលិត​ស្បែកជើង អ​ល វីនស៊ូ ​រូបនេះ​បាន​បង្ហើប​ឱ្យដឹង​ផងដែរ​ថា លោក​មានបំណង​ស្វែងរក​​កិច្ច​គាំទ្រ​ការបង្កើត​រោងចក្រ​ផលិត​ស្បែកជើង​នៅ​ប្រទេស​កម្ពុជាដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដែល​គ្រោង​នឹង​បើក​ដំណើរ​ការ នៅក្នុង​អំឡុង​ខែ​មិថុនា ឆ្នាំ​២០​២៣​ខាងមុ​​ខ។

ជាការ​ឆ្លើយតប លោក អ៊ិ​ត សំហេង បាន​ថ្លែងអំណរគុណ​ដល់​លោក​ហ៊ូ ឆាវ​ហ៊ុយ​ ដែលមាន​ទំនុកចិត្ត​មកលើ​កម្ពុជា ហើយ​កម្ពុជា​ក៏​សូម​ស្វាគមន៍​ចំពោះ​អ្នកវិនិយោគ​ទាំងអស់ ដែល​បាន​បោះទុន​វិនិយោគ​នៅទីនេះ ដោយ​ក្នុងនោះ កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​ផលិតផល​ស្បែកជើង កាបូប និង​ផលិតផល​ធ្វើ​ដំណើរ ទៅកាន់​ទីផ្សារធំៗ ដូចជា​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន​ជាដើម។

លោក​មានប្រសា​សន៍ថា ៖ «ការរក្សា​បាន​ទីផ្សារ​នាំចេញ​ទាំងអស់នេះ ដោយ​សារតែ​កម្ពុជា បាន​អនុវត្ត​នូវ​គោល​នយោ​បាយ​ពាណិជ្ជកម្ម​ផ្សាភ្ជាប់​ទៅនឹង​លក្ខខណ្ឌ​ការងារ ដោយ​ធានាបាន​នូវ​និរន្តរភាព នៃ​ការបញ្ជាទិញ​ពី​ប្រ៊េនធំៗរបស់​ពិភពលោក»។

ក្រៅ​ពីនេះ កម្ពុជា​ក៏មាន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​សេរី និង​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​ច្រើន រួមជាមួយ​កម្លាំង​ពលកម្ម​វ័យ​ក្មេង​របស់​កម្ពុជា ដោយ​ក្នុងនោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើការ​បណ្តុះប​ណ្តាល​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ផ្គត់ផ្គង់​ទៅដល់​ក្រុមហ៊ុន រោង​ចក្រ សហ​គ្រាស ដែល​កំពុងមាន​តម្រូវការ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគ​ត។ 

លោក អ៊ិ​ត សំហេង ក៏បាន​បញ្ជាក់​ផងដែរ​ថា ៖ «កម្ពុ​ជាមាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ណាស់ សម្រាប់ធ្វើ​ការអភិវឌ្ឍ​វិស័យ​មួយ​នេះ បើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង នឹងមាន​យន្តការ​សម្រាប់​ដោះស្រាយ ហើយក៏​ស្នើ​ដល់​ក្រុមហ៊ុន​ចូលរួម​គោរព​ច្បាប់​របស់​កម្ពុជា ជាពិសេស​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ច្បាប់​ស្តីពី​សហជីព គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗពា​ក់​ព័ន្ធ​វិស័យ​ការងា​រ»។

នាឱកាស​នោះដែរ​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ផលិត​ស្បែកជើង អ​ល វីនស៊ូ​ ក៏បាន​លើកឡើង​ពី​ប្រវត្តិខ្លះៗរបស់​ក្រុមហ៊ុន ប្រាប់​ដល់​លោក អ៊ិ​ត សំហេង ដោយ​ក្រុមហ៊ុន​ត្រូវការ​កម្មករ​ជិត​១​ពាន់​នាក់ ដើម្បី​ផលិត​ស្បែកជើង​ឱ្យបាន៧០ម៉ឺន​គូរ​ក្នុង​១ខែ ក្នុងការ​នាំចេញ​ទៅកាន់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

សូម​បញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​៧ ខែមីនា ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី១១២ លោកនាយក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើងថា​ ក្នុង​ពេល​ដែ​ល​កម្មករ​ប្រមាណ​ជា៣ម៉ឺន២ពាន់​នាក់ បាត់បង់​ការងារ​ធ្វើ​នៅតាម​រោងចក្រ​ចំនួន​៧១ រោ​ងចក្រ នៅ​ខេត្តកំពង់ស្ពឺ​​បែជា​ខ្វះ​កម្មករ​ប្រហែល​ជា៣​ម៉ឺន​នាក់​ទៅវិញ។

ចំណុច​នេះ លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ យកចិត្តទុកដាក់​ ថា​ តើ​ត្រូវធ្វើ​ការជ្រើសរើស​របៀប​ណា​ដើម្បីឱ្យ​ស្ត្រី​ជា​កម្មការិនី​ទទួលបាន​នូវ​ផលប្រយោជន៍​ទាំងនេះ៕