ភ្នំពេញ​: រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា លោក សាយ សំ​អាល់ បាន​លើកទឹកចិត្ត​ប្រើប្រាស់​ថាមពល​ស្អាត​ក្នុង​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​កាន់តែច្រើន សម្រាប់​ឧស្សាហកម្ម​បៃតង ដើម្បី​រួមចំណែក​ដល់​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​លើ​គោលដៅ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​។​

​ថ្លែង​ក្នុង​ពិធី និង​ពិព័រណ៍​នៅ​បរិវេណ​នៃ​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) ​នៅ​ថ្ងៃទី​ ១៣ ខែមីនា លោក សាយ សំ​អាល់ បានឱ្យដឹងថា វិស័យ​ឧស្សាហ​កម្មបាន​ដើរ​​តួនាទី​យ៉ាងសំខាន់​សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច​។

​លោក​ថា ដូចគ្នា​នឹង​ឧស្សាហកម្ម​ផ្សេងទៀត​ផងដែរ ឧស្សា​ហ​កម្ម​កាត់ដេរ​ក៏​កំពុង​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា កាកសំណល់​ឧស្សា​ហ​កម្ម​ចំនួន ១ ភាគរយ​នៃ​កាកសំណល់​ទីក្រុង ខណៈដែល​ចំនួន ៨៥​ ភាគរយ នៃ​កាកសំណល់​ឧស្សាហកម្ម ជា​កាក​​សំណល់​វាយ​ន​ភណ្ឌ​។ វិស័យនេះ​ក៏​ទទួលខុសត្រូវ ៧០ ​ភាគរយ នៃ​ការបំពុល​ទឹក​ពុល​ឧស្សាហកម្ម និង ២៧​ ភាគរយ​នៃ​ការបំពុល​បរិយាកាស​ឧស្សាហកម្ម​។ ឧស្សាហកម្ម​កាត់ដេរ ប្រើប្រាស់​ឈើ​ចំនួន ៣០០ ០០០ តោន​ ក្នុង​ ១ ​ឆ្នាំ សម្រាប់​គោលបំណង​កម្ដៅ​។​

​លោក​ថ្លែងថា​៖ «​ការធ្វើឱ្យ​ឧស្សាហកម្ម​ពណ៌​បៃតង ជាពិសេស​ឧស្សាហកម្ម​កាត់ដេរ គឺជា​ភារកិច្ច​ដ៏​ចាំបាច់​សម្រាប់​កម្ពុជា​។ ថាមពល គឺជា​ផ្នែក​ដ៏​ធំ​បំផុត​នៃ​គំនិត​សម្រាប់​ការធ្វើឱ្យ​ឧស្សាហកម្ម​បៃតង​។ យើង​ជឿជាក់ថា ឧស្សាហកម្ម​កាត់ដេរ អាចមាន​ភាព​បៃតង​ជាង​មុន ទាក់ទង​នឹង​ការប្រើប្រាស់​ធនធាន​ថាមពល​ប្រកបដោយ​និរន្តរភាព​បន្ថែម ទៀត ពោលគឺ​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធភាព​ថាមពល​»​។​

​លោក Choon Yikthong ប្រធាន​គណៈកម្មការ​និរន្តរភាព​របស់ TAFTAC បានឱ្យដឹងថា វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា ផ្តល់​ការងារ​ដោយផ្ទាល់​ជាង ៨០​ ម៉ឺន​នាក់ ហើយ​ចាំបាច់​ត្រូវ​ឆ្ពោះទៅរក​ភាព​បៃតង ដើម្បី​រក្សា​ការប្រកួតប្រជែង​ក្នុង​ខ្សែចង្វាក់​តម្លៃ​សកល​។​

​លោក​លើកឡើងថា​៖ «​តម្លៃ​ថាមពល​ខ្ពស់ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ផលិតភាព និង​ភ័ស្តុភារ​ក្នុងប្រទេស បានធ្វើឱ្យ​ការប្រកួតប្រជែង​ក្នុង​វិស័យនេះ​មានការ​ថយចុះ​។ ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ផលិត​នៅទីនេះ​ប្រកាន់យក​និរន្តរ​ភាពជា​កត្តា​ប្រកួតប្រជែង​ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ដោយ​ក្រុមហ៊ុន​ផលិត​អាច​កាត់បន្ថយ​បរិ​យា​កាស​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់​ពួកគេ ហើយ​ជាមួយគ្នានេះ​ក៏​នឹង​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ផងដែរ​។ ការណ៍​នេះ​នឹង​ធ្វើឱ្យ​វិស័យនេះ​កាន់តែ​បៃតង និរន្តរភាព និង​មានការ​ប្រកួតប្រជែង​ជាង​ទីផ្សារ​ផ្សេងទៀត​នៅក្នុង​តំបន់​»​។​

​លោកស្រី Shomi Kim តំណាង​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន GGGI ដែលជា​ក្រុមហ៊ុន​ដឹកនាំ​អនុវត្ត​សម្រាប់​គម្រោង Switch Garment បានឱ្យដឹងថា រហូតមកដល់​បច្ចុប្បន្ន​នេះ គម្រោង​នេះ​បានធ្វើ​សវនកម្ម​ថាមពល​ចំនួន​៥០​ដែលជា​គម្រោង​ច្រើន​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​

​លោកស្រី​ថ្លែងថា​៖ «​ផ្អែកលើ​លទ្ធផល​សវនកម្ម​ថាមពល យើង​បាន​ដំណើរការ​លើ​រោងចក្រ​សមាជិក​របស់​យើង​តាម​រយៈ​ទម្រង់ការ​ប្រើប្រាស់​ថាមពល និង​វិធានការ​ដើម្បី​បង្កើន​ការ​សន្សំសំចៃ​ថាមពល​។ ជា​លទ្ធផល យើង​ទទួលបាន​ការវិនិយោគ​ជិត ២​ លាន​ដុល្លារ​អាមេរិក ពី​សមាជិក​។ នេះ​ជាស​ញ្ញា​លើកទឹកចិត្ត​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើឱ្យមាន​ភាព​បៃតង ដែល​សម្រេចបាន​នៅក្នុង​វិស័យ​កាត់ដេរ​»​។​

​លោកស្រី ​Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា សហភាព​អឺរ៉ុប​ធ្វើ​ការងារ​ជាមួយ​កម្ពុជា ក្នុងការ​គាំទ្រ​កំណើន​បៃតង និង​ការងារ​សមរម្យ​។

​លោកស្រី​ថា​៖ «​យើង​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​កាត់ដេរ​ជាតិ ដោយ​គាំទ្រ​ដល់​រោងចក្រ​កាត់ដេរ ដើម្បី​ទទួលយក​ការអនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព និង​សម្របសម្រួល​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ស្អាត ដែល​នឹង​លើកកម្ពស់​ការប្រកួតប្រជែង​ក្នុង​វិស័យនេះ​»​។

សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​ឈានមុខ​គេ​មួយ​សម្រាប់​ផលិត​​ផល​កាត់ដេរ​របស់​កម្ពុជា​បានកំណត់​ប្រសិទ្ធភាព​ថាមពល​៕