​ធនាគារ​វី​ង​ប្រារព្ធ​ខួប ​១ ​ឆ្នាំ​ នៃ​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​អាជ្ញា​បណ្ណ​ធនាគារពាណិជ្ជ​រប​ស់​ខ្លួន​ជាមួយនឹង​ការបើក​សម្ពោធ​សាខា​ថ្មី​។​

​មាន​រយៈពេល​ ១ ​ឆ្នាំ​គត់​ បន្ទាប់ពី​ធនាគារ វី​ង​បានដាក់​ឱ្យ​ដំណើរការ​អាជ្ញា​បណ្ណ​ធនាគារពាណិជ្ជ​រប​ស់​ខ្លួន​កាលពី​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ ​២០២២ ហើយ​ថ្ងៃនេះ​ធនាគារ វី​ង ក៏បាន​បើកសម្ពោធ​សាខា​ថ្មី​បន្ថែមទៀត​នៅមុខ​អ័​រ​គី​ដេ​ដឹ​រ៉ូយ៉ាល់ ផ្លូវ​២០០៤​។ កម្មវិធី​សម្ពោធ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម រ័ត្ន សុវណ្ណ​រៈ​ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​លោកជំទាវ ហ៊ុន ម៉ា​ណា អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ វី​ង និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ព្រមទាំង​ឥស្សរជន​កិត្តិយស​ជាច្រើនរូប​ទៀត​។​

​បន្ទាប់ពី​សម្ពោធ​អាជ្ញា​បណ្ណ​ធនាគារពាណិជ្ជ​រប​ស់​ខ្លួន​ជា​ផ្លូវការ​អស់​រយៈពេល​ ១ ​ឆ្នាំ​មកនេះ​ ធនាគារ​វី​ង​បាន​ឆ្លុះ​បញ្ជាក់​យ៉ាងច្បាស់​ថា​ខ្លួន​ជា​ដៃគូ​គួរ​ដ៏​ឱ្យ​ជឿជាក់​ដែល​ប្រជាជន​កម្ពុជា​អាច​ពឹងពាក់​បាន​ក្នុងការ​ការពារ​ប្រាក់​សន្សំ​របស់​ពួកគេ​ប្រកបដោយ​ទំនុកចិត្ត​និង​មាន​សុវត្ថិភាព​ខ្ពស់​។ បច្ចុប្បន្ននេះ​ធនាគារ វី​ង ទទួលបាន​ប្រាក់​បញ្ញើ​ពី​អតិថិជន​ជាង ​៥០០​ លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រើប្រាស់​អេប Wing Bank ជាង​ ១ ​លាន​នាក់​។ លើសពីនេះ ធនាគារ វី​ង ក៏​ផ្តល់ជូន​អត្រា​ការប្រាក់​ដ៏​ល្អ​មួយ​នៅក្នុង​ប្រទេស ព្រមទាំង​ផ្តល់ជូន​កម្ចី​តាម​ប្រព័ន្ធ​ឌីជីថល និង​មាន​ដៃគូ​ទូទាត់​ជាង​ ១០.០០០ ​ទីតាំង​ផងដែរ​។​

​លោក ហាន ប៉េង​ក្វាង នាយក​ប្រតិបត្តិ នៃ​ធនាគារ វី​ង បាន​មានប្រសាសន៍ថា​៖«​យើង​មិនអាច​សម្រេច​កិច្ចការ​ទាំងអស់នេះ​បានឡើយ ប្រសិនបើ​គ្មាន​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​ពី​សំណាក់​អតិថិជន ដៃគូ​សហការ និង​ភាគី​ពាក់ព័ន្ធ​។​យើង​នឹង​បន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់នូវ​ដំណោះស្រាយ​ធនាគារ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ដូច​ទៅនឹង​ពាក្យ​បាវចនា​របស់​យើង​គឺ​ធនាគារ វី​ង ធនាគារ​សម្រាប់​ប្រជាជន​កម្ពុជា​»​។​

​ក្នុង​រយៈពេល​ត្រឹមតែ​មួយឆ្នាំ​ប៉ុណ្ណោះ ធនាគារ វី​ង​បាន​បើក​ដំណើរការ​ជាង​១០​សាខា​ទូទាំងប្រទេស ដើម្បី​បំពេញតម្រូវការ​សេវា​ហិរញ្ញវត្ថុ​ដែល​កំពុងតែ​កើនឡើង​។ នៅ​ឆ្នាំ​ ២០២២​ ធនាគារ វី​ង បាន​បើក​ដំណើរការ​សាខា​សែន​សុខ សាខា​វត្តភ្នំ សាខា​ទួលគោក សាខា​បឹងត្របែក និង​សាខា​ព្រះ​យុគន្ធរ ដែល​សាខា​ទាំងអស់នេះ​ស្ថិតនៅ​រាជធានី​ភ្នំពេញ រីឯ​សាខា​មួយទៀត​នោះ​គឺ​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ​។ សម្រាប់​ប៉ុន្មាន​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៣​ នេះ ធនាគារ វី​ង បាន​បើក​សាខា​ចំនួន​ ៤ ​បន្ថែម នៅ​ខេត្តបាត់ដំបង តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តស្វាយរៀង​។

​ធនាគារ​វី​ង​សាខា​អ័​រ​គី​ដេ​២០០៤​នឹង​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​យ៉ាង​ពេញលេញ​ដូចជា​៖ ប្រាក់​បញ្ញើ កម្ចី​សម្រាប់​អាជីវកម្ម ផ្ទេរប្រាក់ និង​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។ ធនាគារ​វី​ង​សុទ្ធសឹង​តែមាន​បុគ្គលិក​ប្រកបដោយ​វិជ្ជាជីវៈ​និង​រួសរាយ​រាក់ទាក់​ដែល​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បម្រើ​អតិថិជន​ក្នុង​ទីតាំង​ថ្មី​នេះ​ទាំង​ប្រជាជន​មូល​ដា្ឋ​ន​និង​ជនបរទេស​។​

​ធនាគារ​វី​ង​សាខា​អ័​រ​គី​ដេ​២០០៤​មាន​ទីតាំង​ស្ថិតនៅ​អាគារ​អេស​ហាស​អ៊ែរ​១​លេខ​៣៥ ផ្លូវ​២០០៤ ភូមិ​អ័​រ​គី​ដេ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ជាប់​នឹង​ច្រកចូល​អ័​រ​គី​ដេ​ដឹ​រ៉ូយ៉ាល់ នៅ​ផ្លូវ​២០០៤​ផ្ទាល់​តែម្តង​។ សាខា​នេះ​បើក​បម្រើសេវា​អតិថិជន ថ្ងៃ​ចន្ទ ដល់ សុក្រ ពី​ម៉ោង​៨​ព្រឹក​ដល់​៥​ល្ងាច​ហើយ​មាន​បំពាក់​ដោយ​ទូ​ATM​ដ៏​ទំនើប​សម្រាប់​ការដក​ប្រា​ក់ដោយ​ឥតគិតថ្លៃ​។​

​ថ្មីៗ​នេះ​ធនាគារ​វី​ង ក៏បាន​ដាក់​ដំណើរការ​សេវាកម្ម​ពិសេស​សម្រាប់​និយោជក​សម្រាប់​បើកប្រាក់​បៀវត្សរ៍​តាមរយៈ​ប្រព័ន្ធ iBanking របស់​ធនាគារ​វី​ង​ដោយ​មិន​គិតថ្លៃ​សេវា​។​ហើយ​អាច​ដក​ប្រាក់បៀវត្សរ៍​ដោយ​ឥតគិតថ្លៃ​តាមរយៈ​បណ្តាញ​នៃ​ភ្នាក់ងារ​វី​ង​ដ៏​ធំ​ទូលាយ​សាខា​របស់​ធនាគារ​វី​ង​ការិយាល័យ​កណ្តាល​ធនាគា​រ​វី​ង​និង​ម៉ាស៊ីន ATM របស់​វី​ង​។​ទាំង​និយោជក​និង​និយោជិត​ក៏មាន​សិទ្ធិ​ទទួលបាន​ប្រាក់កម្ចី​ឌីជីថល​ដោយ​គ្មាន​វត្ថុ​បញ្ចាំ​ផងដែរ​៕