ភ្នំពេញៈ របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា កម្ពុជាបាន​នាំចេញ​ផ្ទាំង​សូ​ឡា ម៉ូឌុល​និង​គ្រឿង​បំណែក​របស់​វា សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ ១ ១៧៤,៣៨ លាន​ដុល្លារ ដោយ​គិត ចាប់ពី​ខែមករា ឆ្នាំ​ ២០២២ ដល់ ខែមករា ឆ្នាំ​ ២០២៣ ដោយបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​,​ កោះ​តៃវ៉ាន់​, ថៃ​,​ សហរដ្ឋអាមេរិក​,​ វៀតណាម​,​ ក្រុង​ហុងកុង​,​ ឥណ្ឌា​,​ បង់​ក្លា​ដែ​ស​,​ អ៊ូ​ហ្គ​ង់​ដា​, ​កូ​វ៉ែត​, ​ម៉ាឡេស៊ី និង​បណ្តា​ប្រទេស​មួយចំនួនទៀត​។​

​ថ្វីដ្បិតតែ​របាយការណ៍ របស់​ក្រសួង​មិនបាន​បញ្ជាក់​ពី​ការកើនឡើង​ឬ​ថយចុះ​នៃ​ការនាំចេញ​ផ្ទាំង​សូ​ឡា ម៉ូឌុល និង​បំណែក​ផ្សេង​របស់​គ្រឿង​ទាំង​២​នេះ​ក៏ពិតមែន តែ​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​ឱ្យដឹងថា ការនាំចេញ​បន្ទះ​សូ​ឡា​នេះ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ក្រោយ​រដ្ឋបាល​របស់លោក ចូ បៃ​ឌិន បានចេញ​អធិបញ្ជា​មួយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២២ ដោយបាន​ប្រកាស​ការលើក​លែង​ពន្ធគយ ចំពោះ​បន្ទះ​សូ​ឡា​ដែល​នាំចូល​ពី​ប្រទេស​ចំនួន​៤ រួមទាំង​កម្ពុជា ក្នុង​រយៈពេល​២​ឆ្នាំ ដើម្បី​ជួយ​ជំរុញ​ផលិតកម្ម​នៅ​អាមេរិក​។​

​លោក​បាន​បន្ថែមថា តាមរយៈ​របាយការណ៍​នាំចេញ​បន្ទះ​សូ​ឡា ម៉ូឌុល និង​គ្រឿង​បង្គុំ​ផ្សេងៗ​របស់​វា នៅក្នុង​ខែមករា ឆ្នាំ​២០២៣​នេះ ឃើញថា មាន​ទំហំ​ទឹកប្រាក់​ជាង​១៥០​លាន​ដុល្លារ​ទៅហើយ ។​ក្នុងនោះ​ការនាំចេញ​ទៅកាន់​សហរ​ដ្ឋ​អាមេរិក សម្រេចបាន​ជាង​១៤០​លាន​ដុល្លារ ដែល​នេះ សបញ្ជាក់​ឱ្យឃើញថា ការនាំ​ចេញទៅ​អាមេរិក​ពិតជា​មាន​កើនឡើង​គួរឱ្យកត់សម្គាល់​។​

លោក​ប៉ែន សុ​វិជាតិ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ដូច​យើង​ដឹង​ហើយ​ថា សហរដ្ឋអាមេរិក បាន​អនុវត្ត​កម្មវិធី​ការពារ​បរិស្ថាន ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​ថាមពល​ស្អាត ដូចនេះ​គេ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យប្រើ​ប្រាស់​ផ្ទាំង​សូ​ឡា​ហ្នឹង​។​មុនដំបូង​អាមេរិក​គ្រោង​នឹងដាក់​ពន្ធ​លើ​ផលិតផល​សូ​ឡា​នេះ តែ​ក្រោយមក​បានធ្វើឱ្យ​ប៉ះពាល់​ដ​ល់​អ្នកប្រើប្រាស់ ទើប​សម្រេច​លើកលែង​ពន្ធចំពោះ​ការនាំ​ចូល​ផ្ទាំង​សូ​ឡា​នេះ​វិញ​»​។​

ថ្វីដ្បិតតែ អាមេរិក​ប្រកាស​លើកលែង​ពន្ធគយ ដែល​អនុវត្ត​ចំពោះ​បន្ទះ​សូ​ឡា​ដែល​នាំចូល​ពី​ប្រទេស​ចំនួន​៤ រួមទាំង​កម្ពុជា ក្នុង​រយៈពេល​២​ឆ្នាំ នេះ​ក៏ពិតមែន ប៉ុន្តែ​ការស៊ើបអង្កេត​ទាក់ទង​នឹង​ករណី​លក់​បង្ខូច​ថ្លៃ ឬ​ករណី​នាំចូល​ច្រើនពេក​ជាដើម គឺ​នៅ​បន្ត​អនុវត្ត​ដដែល ចំពោះ​បណ្តា​ប្រទេស​មួយចំនួន រួមទាំង​កម្ពុជា​ផង​ដរ​។​

លោក​បាន​ថ្លែងថា​៖«​យើង​មិនមាន​ការព្រួយបារម្ភ​ចំពោះ​ការ​ស៊ើ​អង្កេត​នេះ​ទេ ជាពិសេស​ការលក់​បង្ខូច​ថ្លៃ ព្រោះថា យើង​មាន​រោងចក្រ​ផលិត​ពិតប្រាកដ ប្រើប្រាស់​ថ្លៃដើម កម្មករ និង​ផលិត​នៅក្នុង​ប្រទេស​យើង​ពិតប្រាកដ​មែន​។ យើង​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ​។​ក្នុងនាម​យើង​ជា​ប្រទេស​ដែលមាន​ការផលិត​និង​នាំចេញ យើង​មិន​បារម្ភ​ពី​ការរង​ការចោទប្រកាន់​ចំពោះ​ការលក់​បង្ខូច​ថ្លៃ​អ្វី​នោះទេ​»​។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ក៏​សម្តែង​ការអបអរ​ផងដែរ ចំពោះ​កំណើន​នៃ​ការនាំចេញ Solar Cells និង Modules របស់​កម្ពុជា ដែល​សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាង​ច្រើនបែប ដោយ​លោក​យល់ថា ការលើកលែង​ពន្ធគយ​របស់​អាមេរិក​នាពេល​កន្លងទៅនេះ បាន​ជំរុញ​ការវិនិយោគ​លើ​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា​បន្ថែមទៀត​នៅ​កម្ពុជា​។​

លោក​បាន​បញ្ជាក់ថា​៖«​កន្លងទៅ ការផលិត​បរិក្ខារ​អគ្គិសនី ក៏ដូចជា​ផ្ទាំង​សូ​ឡា​នេះ គឺ​បាន​ដំឡើង​នៅ​កម្ពុជា និង​បាន​នាំចេញ​ច្រើន ស្រប​ពេលដែល​អាមេរិក​មានការ​ដំឡើង​ពន្ធចំពោះ​ការនាំ​ចូល​ពី​ចិន បន្ទាប់ពី​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​នេះ​។ បញ្ហា​នេះ បានធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន​បាន​ងាក​មក​វិនិយោគ​បើក​រោងចក្រ​ផ្សេងៗ ជាពិសេស​ឧបករណ៍​បរិក្ខារ​អគ្គិសនី និង​ផលិតផល​សូ​ឡា​នេះ នៅ​កម្ពុជា​វិញ​។​វា​ជា​ឱកាស​របស់​កម្ពុជា ក្នុង​ការជំរុញ​ការផលិត​និង​វិនិយោគ​បន្ថែមទៀត លើ​ផលិតផល​ទាំងនេះ​»​។​

គួររំឭកថា កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក Liu minglin​អគ្គនាយក និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Yunnan Investement Group ដែល​សាងសង់​អាកាសយានដ្ឋាន សៀមរាប​អង្គរ បានបញ្ជាក់​ពី​គោលបំណង របស់​ក្រុមហ៊ុន​របស់លោក ដែលមាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ នៅក្នុង​ខេត្តសៀមរាប ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ថា ក្រុមហ៊ុន​អាច​ពិចារណា​បង្កើត​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា​នៅ​កម្ពុជា ហើយ​អាច​នាំចេញ​ទៅកាន់​ប្រ​ទេ ស​ក្រៅ​ផង និង​អាច​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕