
វិភាភាគដោយ៖ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

ស្ថានភាពបច្ចុប្បន្នតម្លៃមាសបានឡើងដល់កម្រិតខ្ពស់រយៈពេល ១ ខែ នៅពីថ្ងៃចន្ទ ដោយបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងពីការធ្លាក់ចុះនាពេលថ្មីៗនេះ ខណៈទីផ្សាររំពឹងថា វិបត្តិធនាគារនៅសហរដ្ឋអាមេរិកនឹងជំរុញឱ្យធនាគារកណ្តាលអាមេរិកបន្ធូរការអះអាងខ្ពស់របស់ខ្លួនសម្រាប់ពេលខាងមុខ។
នៅថ្ងៃចន្ទ តម្លៃមាសបានធ្លាក់ចុះក្រោមកម្រិតតម្លៃទាបនៅតម្លៃប្រហែល ១ ៨០៨ ទៅ ១ ៨៩៤ ដុល្លារ (ក្នុង ១ អោនស៍)។ តាមបច្ចេកទេស វាបង្ហាញថា តម្លៃមាសកំពុងខិតដល់កម្រិតតម្លៃខ្ពស់នៃ ១ ៩០០ ដុល្លារ ចាប់តាំងពីខែមេសា ឆ្នាំ២០២២ មក។
នៅក្នុងក្រាហ្វតម្លៃរយៈពេល ១ ម៉ោងវិញ ទម្រង់ Descending Triangle បង្ហាញការប្រែប្រួលក្នុងចន្លោះពី ១ ៨៥០ ទៅ ១ ៩០០ ដុល្លារ ដែលបង្កើតបានតម្លៃមធ្យមប្រហែល ១ ៨៦៥ ដុល្លារ។
សប្តាហ៍នេះទិន្នន័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួនដែលវិនិយោគិនត្រូវយកចិត្តទុកដាក់ និងតាមដាន មានដូចជា៖ Customer Price Index (៦,៤% កាលពីខែមុន និង ៦,០% សម្រាប់ការព្យាករខែថ្មី)ដែលជាទិន្នន័យបង្ហាញពីស្ថានភាពអតិផរណាសហរដ្ឋអាមេរិក ទិន្នន័យ Producer Price Index (០,៧% កាលពីខែមុន និង ០,៣% សម្រាប់ការព្យាករខែថ្មី) ដែលបង្ហាញពីកម្រិតតម្លៃទំនិញលក់ដុំ និងទិន្នន័យ Retail Sale (០,៣% កាលពីខែមុន និង-០,៣% សម្រាប់ការព្យាករខែថ្មី) ដែលជាការវាស់វែងលើការផ្លាស់ប្តូរតម្លៃសរុបនៃការលក់នៅកម្រិតលក់រាយ ដែលវាជារង្វាស់សំខាន់នៃការចំណាយរបស់អ្នកប្រើប្រាស់ ដែលរាប់បញ្ចូលភាគច្រើននៃសកម្មភាពសេដ្ឋកិច្ចទាំងមូល។ សម្រាប់ការវិនិយោគ អ្នកជួញដូរគួរតែរង់ចាំទិន្នន័យទាំងអស់នេះចេញផ្សាយសិន មុននឹងសម្រេចចិត្ដជួញដូរ៕
