ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ចាំបាច់​បង្កើន​ប្រភព​ថាមពល​អគ្គិសនី​បន្ថែមទៀត ​ដើម្បី​បំពេញតម្រូវការ​ដែល​កំ​ពុង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​លោក ហ៊ុន សែន ថែ្ល​ង​ដូចនេះ​នៅក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់ប្តូរ​ទីតាំង​ថ្មី និង​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់ ​១ នៅ​ថ្ងៃទី ​១៤ ខែមីនា ឆ្នាំ ​២០២៣​។​

​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់ ១ គឺមាន​ទំហំ ៨០ មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ គម្រោង​នេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​កូរ៉េខាងត្បូង SPHP (Cambodia) Co Ltd ជាមួយ​ទឹកប្រាក់​ប្រមាណ ២៣១​ លាន​ដុល្លារ ដោយ​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ ​២០២៦​។​

​លោក ហ៊ុន សែន បាន​ថ្លែងថា សព្វថ្ងៃ កម្ពុ​ជាមាន​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​សរុប​ជាង ២ ២០០ មេ​ហ្គា​វ៉ា​ត់​នៅ​ទូទាំងប្រទេស ក្នុងនោះ​គ្រាន់តែ​ទីក្រុង​ភ្នំពេញ​តែមួយ​មាន​តម្រូវការ​ថាមពល​អគ្គិ​ស​នី​ជាង​ ១ ​ពាន់​មេ​ហ្គា​វ៉ា​ត់​។​

​លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ឥឡូវ​មាន​តម្រូវការ​ចំនួន ២ ២០០ មេ​ហ្គា​វ៉ា​ត់ទៅ​ហើយ ប៉ុន្តែ​ការ​ព្យាករ​ទៅមុខទៀត តម្រូវការ​អគ្គិសនី​នឹង​កាន់តែច្រើន​ដែល​យើង​ត្រូវ​រក​ប្រភព​ដើម្បី​បង្កើតឱ្យមាន​អគ្គិសនី​សម្រាប់​ឱ្យ​ប្រជា​ជន​យើង​ប្រើប្រាស់​»​។

​លោក​បន្ថែមថា​៖ «​ប្រភព​អគ្គិសនី​នេះ នឹង​ផ្តល់ឱកាស​ឱ្យ​យើង​ជំរុញ​វិស័យ​ឧស្សាហកម្ម និង​វិស័យ​ដទៃទៀត​ដែលមាន​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​។ ប៉ុន្តែ​វា ធ្ងន់​ជាង​នេះ​គឺ​សេវាកម្ម​ទាក់​ទង​នឹង​សេវា​ទេសចរណ៍ បាន​ប្រើប្រាស់​ថាមពល​អគ្គិសនី​ធំ​ណាស់ សណ្ឋាគារ​មួយ ដែលមាន​ពី​ ៤០០ ទៅ ៥០០​ បន្ទប់ តើ​ត្រូវការ​តើ​ត្រូវការ​អគ្គិសនី​ប៉ុន្មាន​? នៅពេលដែល​យើង​មាន​អគ្គិសនី​នោះ ការងារ​ធ្វើ និង​ផលិតកម្ម​វា​បាន​ចេញមក រោងចក្រ​ត្រូវការ​អគ្គិសនី ដើម្បី​ផលិត​ចេញ​នូវ​ផលិត​ផល អ៊ីចឹង​បានជា​តម្រូវការ​របស់​យើង​បាន​កើនឡើង​ពី ១​ ឆ្នាំទៅ​ ១​ ឆ្នាំ​»​។​

​របាយការណ៍​របស់​អា​ជ្ញា​ធរ​អគ្គិសនី​​កម្ពុជា បានឱ្យដឹងថា អាជីវកម្ម​ធុន​ធំ មធ្យម ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ដែលមាន​អ្នកប្រើប្រាស់​ចំនួន ២១ ៨៩៥ ​អតិថិជន ដែលមាន​អានុភាព​ជាង ៥ ២៣៦GWh ឬ​ស្មើនឹង ៣៧,៦០ ភាគរយ គិត​ត្រឹម​ចុងឆ្នាំ ២០២២​។​

​លោក យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​(EAC) ថ្លែង​ក្នុង​កម្ម​វិធីបូក​សរុប​របាយ​ការណ៍​លទ្ធផល​ការងារ​បញ្ចប់​ឆ្នាំ​ ២០២២ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ ​២០២៣ កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២៣ នេះ​ថា អគ្គិសនី គឺជា​វិស័យ​អាទិភាព​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ជំរុញ​ការអភិវឌ្ឍ​ជា​បន្ត​​បន្ទាប់ ព្រោះ​ថាមពល​អគ្គិសនី​មិន​ត្រឹម​តែ​ជា​ផលិតផល​មួយ​ដែល​ត្រូវការ​សម្រាប់​បម្រើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ផលិត​ផល​មួយ​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត ក្នុង​ផ្នែក​សេដ្ឋកិច្ច​។​

​លោក​និយាយថា​៖ «​ក្នុង​នីតិកាល​ទី​ ៦ នៃ​រដ្ឋសភា​នេះ ការអភិវឌ្ឍ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី និង​ការ​​កែលម្អ​ការផ្តល់សេវា​អគ្គិសនី​ឱ្យ​អ្នក​ប្រើប្រាស់ ត្រូវបាន​ចាត់ទុក​ជាកា​រងារ​អាទិភាព​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​អគ្គិសនី ដើម្បីឱ្យ​គ្រប់​ទី​កន្លែង​មានការ​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់​គ្រាន់ មាន​ស្ថិរភាព អាច​ជឿ​ទុកចិត្តបាន និង​មានតម្លៃ​សមរម្យ​»​។

​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប៉ ធ្លាប់​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​ថា តម្លៃ​អគ្គិសនី និង​តម្លៃ​ប្រេង គឺជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ក្រៅប្រទេស ព្រោះថា​ប្រេង និង​អគ្គិសនី​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅពី​ការ​ចំណាយ​ទៅលើ​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​។​

​លោក តាំង ប៉ បាន​ប្រាប់ទៀតថា​៖ «​កាលណា​តម្លៃ​ប្រេង រួមទាំង​តម្លៃ អគ្គិសនី​មាន​ស្ថិរភាព និង​តម្លៃ​ទាប អ្នក​វិនិយោគិន​ក្រៅ​ស្រុក​នឹង​មើល​ឃើញ​ឱកាស​ផ្សេងៗ​ចេញពី​កត្តា ទាំងអស់នោះ​»​។​

​បច្ចុប្បន្ន អានុភាព​សរុប​នៃ​ប្រភព​អគ្គិសនី​ដែល​ត្រូវបាន​អភិវឌ្ឍ​កើនឡើង​ពី ៣ ៩៩០​ មេ​ហ្គា​វ៉ា​ត់ នៅ​ចុងឆ្នាំ​ ២០២១ ដល់ ៤ ៤៩៥​មេ​ហ្គា​វ៉ា​ត់ នៅ​ចុងឆ្នាំ​ ២០២២​។ ក្នុងនោះ ប្រភព​ថាមពល​ស្អាត ដែលមាន​ប្រភពពី​វា​រី​អគ្គិសនី ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពលជីវម៉ាស់ មាន​ចំនួន​ជាង ៦២ ​ភាគរយ ត្រូវបាន​ត​ភ្ជាប់​ចូល​បណ្តាញ​ជាតិ​។ រីឯ​បរិមាណ​ថាមពល​ដែល​ត្រូវបាន​ប្រើប្រាស់​ចេញពី​ប្រភព​អគ្គិសនី​បាន​កើនឡើង​ពី ១៣ ០៩៧ លាន​គីឡូវ៉ាត់ម៉ោង​នៅ​ឆ្នាំ ​២០២១ ដល់ ១៥ ៤៥៥​ លាន​គីឡូវ៉ាត់ម៉ោង​នៅ​ឆ្នាំ ២០២២​។ នេះ​បើតាម​លោក វិសិដ្ឋ​។​

​ទិន្នន័យ​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​(EAC) បាន​បង្ហាញថា កម្ពុ​ជាមាន​អានុភាព​ដំឡើង​ថាមពល​អគ្គិសនី​ទាំង​ប្រភព​អគ្គិសនី​ក្នុងស្រុក និង​នាំចូល​សរុប​ចំនួន ៤ ៤៩៥ ​មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ឆ្នាំ ​២០២២ ​កន្លងទៅ​ដែល ក្នុងនោះ​ប្រភព​អគ្គិសនី​ក្នុងស្រុក​មាន​ចំនួន​ជាង ៣ ៤៦៤ ​មេ​ហ្គា​វ៉ា​ត់​។​

​ដើម្បី​បំពេញតម្រូវការ​ថាមពល​ប្រើប្រាស់ កម្ពុជា​បាន​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម ប្រទេស​​ថៃ និង​ប្រទេស​ឡាវ សរុប​ចំនួន​ជាង​ ១ ​ពាន់​មេ​ហ្គា​វ៉ា​ត់ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អគ្គិសនី​​កម្ពុជា​៕