​ពោធិ៍សាត់ៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ជ្រើសរើស និង​កំណត់​យក​ខេត្ត​ចំនួន​ ៤ គឺ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ដើម្បី​បង្កើត​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា ក្នុង​គោលបំណង​ឆ្លើយតប​ទៅនឹង​កំណើន​វិស័យ​កសិកម្ម និង​មច្ឆជាតិ​។​

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​ប្តូរ​លំនៅ​ទៅ​ទីតាំង​ថ្មី និង​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ ១ ក្នុង​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី ​១៤ ខែមីនា ឆ្នាំ ​២០២៣ លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា គម្រោង​បង្កើត​ប៉ូល​សេដ្ឋកិច្ច​ទី​ ៤ ​នេះ​ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម​រវាង​លោក និង​ប្រ​ធានា​ធិបតី​ចិន​លោក ស៊ី ជីន​ភីង ដោយ​ផ្តោតលើ​គម្រោង​មច្ឆា និង​អង្ករ ពី​ព្រោះ​ខេត្ត​ទាំង​ ៤ ខាងលើ​សម្បូរ​ទៅដោយ​ស្រូវ និង​ត្រី​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ខេត្ត​ទាំង​ ៤​ នេះ ក៏ត្រូវ​បង្កើន​ផលិត​ផល​ផ្សេងៗ​ទៀតផង​ដែរ ដើម្បី​ចូលរួម​ជាមួយ​ទីផ្សារ​តំបន់ និង​ពិភពលោក​។

​លោក ​សុខ លូ អភិបាលខេត្ត​បាត់​ដំបង បាន​លើកឡើងថា ការប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដាក់បញ្ចូល​ខេត្តបាត់ដំបង ជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​ទី​៤ និង​ជា​ខេត្ត​របៀង​ត្រី និង​ស្រូវ គឺ​ស័ក្ដិសម​ទៅនឹង​ខេត្ត​ដែលមាន​សក្ដា​នុព​ល​ផ្នែក​វិស័យ​កសិកម្ម​។​

​លោក​បាន​ប្រាប់ថា​៖ «​បច្ចុប្បន្ន​ផលិតផល​កសិកម្ម​នៅមាន​ចំណុច​ខ្វះ​​ខាត​នៅឡើយ​គឺ​ខ្វះខាត​ក្នុងការ​កែច្នៃ ដូចនេះ​ខេត្តបាត់ដំបង​ត្រូវការ​អ្នក​វិ​និ​យោគ​ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​កែច្នៃ​ផលិតផល​កសិកម្ម​ដូចជា​ពោត ស្វាយ​ជាដើម ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក ក៏ដូចជា ក្នុង​ការនាំ​ចេញទៅ​ក្រៅប្រទេស​ព្រោះ​ខេត្តបាត់ដំបង​នាពេល​អនាគត​នឹងមាន​ផ្លូវថ្នល់​ខ្វាត់ខ្វែង ដែល​ត​ភ្ជាប់​ទៅនឹង​ខេត្ត​សំខាន់ៗ ក៏ដូចជា​ច្រកទ្វារ​អន្តរជាតិ​សំខាន់ៗ​ជាច្រើន​ទៀត​»​។​

​ចំណែក​លោក គី សិរី​វឌ្ឍន៍ អ្នក​​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា​ក៏បាន​ថ្លែង​ដែរ​ថា តាមពិតទៅ​ប៉ូល​សេដ្ឋកិច្ច​សម្រាប់​ខេត្ត​ទាំង​ ៤ នេះ គឺមាន​តាំងពី​យូរយារ​ណាស់​មកហើយ ប៉ុន្តែ​ការកំណត់​ឱ្យ​វា​ទៅជា​ប៉ូល​សេដ្ឋ​កិច្ច​ពេញលេញ​គឺ​មិនទាន់​បានធ្វើ​នៅឡើយ​។ ដូច្នេះ អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានលើកឡើង​គឺជា​ការយក​ចិត្ត​ទុកដាក់​លើ​ឧត្តមភាព​នៃ​ការប្រកួត​​ប្រជែង​របស់​តំបន់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ជាក់ស្តែង យើង​ឃើញ​នៅ​តំបន់​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន គឺជា​តំបន់​ដែលមាន​សក្តានុពល​ទៅដល់​វិស័យ​កសិកម្ម​ដែល​យើង​ឃើញ​មាន​ ៣​ ប្រភេទ ដូចជា ដំណាំ​ស្រូវ ជល​ផល និង​ដំណាំ​ឧស្សាហកម្ម​។​ក្នុងនោះ​យើង​ឃើញ​តំបន់​ខ្លះ ជា​តំបន់ភ្នំ តំបន់​ខ្លះ​ក៏​ទំនាប​និង​មាន​តំបន់​បឹង​ទន្លេសាប ដែល​ទាំងនេះ​ធ្វើឱ្យ​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ប្រែក្លាយ​ទៅជា​ឯក​​ទេស​កម្ម​»​។​

​ទោះជា​យ៉ាងណា លោក​ថា ការកំណត់​យក​ខេត្ត​ទាំង ​៤ នេះ ជា​ប៉ូល​សេដ្ឋកិច្ច មិនមែន​ជួយ​ឱ្យ​វិស័យ​ក​សិ​​កម្ម​របស់​កម្ពុជា​ទាំងមូល​ល្អប្រសើរ​នោះទេ ប៉ុន្តែ​ជា​គោលដៅ​គឺ​លើកកម្ពស់​ទិន្នផល​កសិកម្ម និង​ចំណូល​សម្រាប់​ជាតិ​ឱ្យបាន​ច្រើនជាង​មុន​។​រីឯ​កសិកម្ម​ទាំងមូល គឺ​ក្រសួង​ជំនាញ​ត្រូវ​ពិនិត្យមើល និង​អនុវត្ត​ទៅតាម​តំបន់​នានា​នៅ​ទូទាំងប្រទេស ទើប​វា​អាច​លូតលាស់​ទៅមុខ​លឿន​។​

​ជាមួយគ្នានេះ​លោក​ស្នើឱ្យ​រាជ​រដ្ឋា​ភិ​បាល​គិតគូរ និង​យកចិត្តទុកដាក់​លើ​ការចិញ្ចឹម​សត្វ និង​ដំណាំ​ដាំ​ដុះ​ដែល​កម្ពុជា​តែងតែ​នាំចូល​ពី​ប្រទេស​ជិត​ខាង​ដូចជា វៀតណាម និង​ថៃ ដោយ​ក្នុង ​១ ​ថ្ងៃៗ ប្រមាណ​ពី​ ៣០ ទៅ ​៤០ តោន​។ ដូច្នេះ​ការដាំដុះ​និង​ចិញ្ចឹមសត្វ​នេះ ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​នឹង​រួម​​ចំណែក​ជួយ​ដល់​សុខភាព​របស់​ប្រជា​​ពលរដ្ឋ និង​ចំណេញ​សេដ្ឋកិច្ចជាតិ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​ ៣ គឺ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​។ រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​កន្លងទៅ​ក៏បាន​ដាក់​ចក្ខុវិស័យ​ប្រែក្លាយ​តំបន់​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋ​កិច្ច​ទី​ ៤ ​ផងដែរ ដោយ​គ្របដណ្តប់​នៅក្នុង​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និង​ខេត្តព្រះវិហារ ព្រោះ​ជា​តំបន់កសិឧស្សាហកម្ម និង​ជា​តំបន់​អភិវឌ្ឍន៍​ធនធាន​រ៉ែ​៕