
ក្រុមហ៊ុនទូរស័ព្ទចល័ត Smart បានវិនិយោគហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍យ៉ាងច្រើននៅកម្ពុជា។ ហេង ជីវ័ន
ភ្នំពេញ: ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័ត ឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជា បានវិនិយោគចំនួន ៨១ លានដុល្លារ និងបានរួមចំណែកចំនួន ១០៣ លានដុល្លារ ដល់ហិរញ្ញវត្ថុសាធារណៈនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍និរន្តរភាពរបស់ក្រុមហ៊ុន។
របាយការណ៍និរន្តរភាពរបស់ក្រុមហ៊ុនមួយនេះ ដែលបាន ចេញផ្សាយនៅថ្ងៃទី ១៣ ខែមីនា ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈាន មុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់ ១៤ ឆ្នាំរបស់ក្រុមហ៊ុនកាលពីខែកុម្ភៈកន្លងទៅ។ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះបានរំឭកឡើងវិញពីសមិទ្ធផលរបស់ក្រុមហ៊ុននៅក្នុងវិស័យទូរគមនាគមន៍កម្ពុជា រួមមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចប្រតិបត្តិការប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលនៃក្រុមហ៊ុន។
នៅដើមឆ្នាំ ២០១៣ ក្រុមហ៊ុន Smart បានធ្វើការរួមបញ្ចូលគ្នាជាមួយ Hello Axiata ហើយក៏បានប្រែក្លាយជា «Smart Axiata»ដែលបានប្រែខ្លួនជាប្រតិបត្តិករទូរស័ព្ទចល័តធំជាងគេទី ២ នៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមលើសពីនោះ ក្រុមហ៊ុន Smart Axiata ក៏បានក្លាយជាផ្នែកមួយនៃ Axiata Group ដែលជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគទូរគមនាគន៍ធំជាងគេនៅអាស៊ី ដែលមានអតិថិជនជាង ១៥០ លាននាក់នៅទូទាំង ១១ ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងផងដែរ។
កាលពីឆ្នាំ ២០២១ ក្រុមហ៊ុន Smart Axiata បានវិនិយោគសរុបចំនួន ៨១ លានដុល្លារអាមេរិក និងបានរួមចំណែកចំនួន ១០៣ លានដុល្លារដល់ហិរញ្ញវត្ថុសាធារណៈ។ ក្រុមហ៊ុននេះ នៅតែជាជម្រើស របស់និយោជកនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ និងដោយប្រយោលដែលផ្ដល់ការងារចំនួន ៥១ ៧០០ នាក់នៅទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះ ៩៧,៦ ភាគរយនៃកម្លាំងពលកម្មជាជនជាតិកម្ពុជា។
លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «យើងរក្សានូវគុណតម្លៃរបស់យើងជាអាជីវកម្មដែលមានការទទួលខុសត្រូវសង្គម តាមរយៈការអនុវត្តដ៏ល្អរបស់យើង សុចរិតភាព និងតម្លាភាពដែលមិនអាចកាត់ថ្លៃបាន»។
លោកបន្តថា៖ «ជាមួយនឹងកម្លាំងចិត្តពីភាពជោគជ័យជាបន្តបន្ទាប់របស់យើង យើងនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីធានាឱ្យមានការផ្លាស់ប្តូរយូរអង្វែង និងនិរន្តរភាព តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗ»។
របាយការណ៍និរន្តរភាពចុងក្រោយរបស់ក្រុមហ៊ុន Smart Axiata បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Smart បានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងទឹកប្រាក់សរុប ៤១៦ លានដុល្លារជាតម្លៃបន្ថែមសរុប ក្នុងឆ្នាំ ២០២១។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនក៏បានរួមចំណែកជាទឹកប្រាក់ចំណូលរបស់ខ្លួនជាង ២ ភាគរយ សម្រាប់មូលនិធិកាតព្វកិច្ចសេវាសកល ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការអភិវឌ្ឍឌីជីថលប្រកបដោយបរិយាប័ន្ន និងជាទឹកប្រាក់ចំនួន ១ ភាគរយនៃប្រាក់ចំណូលសរុបសម្រាប់មូលនិធិកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីអនុវត្តកម្មវិធីពង្រឹងសមត្ថភាព និងអក្ខរកម្មឌីជីថល។
លោក Shatara ថ្លែងថា៖ «យើងពិតជាមានមោទនភាពជាខ្លាំង ដែលបានចូលរួមចំណែកកសាងវិស័យសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានាំមកនូវគុណតម្លៃល្អឯកសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស»។
គិតត្រឹមដំណាច់ឆ្នាំ ២០២១ ស្ថានីយមូលដ្ឋានអង់តែន ចំនួន ៦១៥ ត្រូវបានដាក់ឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលមានការកើនឡើងចំនួន ២២៣ ស្ថានីយប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្រុមហ៊ុននឹងកែសម្រួលស្ថានីយមូលដ្ឋានផ្សេងទៀតនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនាពេលអនាគតផងដែរ៕