
រថយន្តកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ រូបថត ហុង មិនា
ភ្នំពេញៈ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងជំរុញឱ្យមានការទូទាត់តាមប្រព័ន្ធឌីជីថលបន្ថែមទៀតតាមរយៈការផ្តល់ជម្រើសកាន់តែសម្បូរបែបដល់ពលរដ្ឋក្នុងការបង់សេវាសាធារណៈនិងសេវាប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ដែលកំពុងប្រមូលចំណូលចំនួន ១២ និងបេក្ខភាពគ្រឹះស្ថានថ្មីចំនួន ១១ផ្សេងទៀតដើម្បីធ្វើឱ្យប្រសើរឡើងលើការបង់សេវាសាធារណៈនិងសេវាប្រើប្រាស់ផ្លូវល្បឿនលឿនកាលពីថ្ងៃទី ១៣ ខែមីនា លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈបានថ្លែងថា កិច្ចប្រជុំនេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពនីតិវិធីក្នុងការប្រមូល និងបង្វែរចំណូលសេវាសាធារណៈ និងកម្រៃពាក់ព័ន្ធ ក្នុងវិស័យសាធារណការនិងដឹកជញ្ជូនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារចំនួន ១២ ដែលកំពុងដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
លោកបញ្ជាក់ថា៖ «ការចូលរួមពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ នឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋអាចបង់កម្រៃសេវាសាធារណៈ និងសេវាប្រើប្រាស់ផ្លូវល្បឿនលឿនតាមជម្រើសគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារណាមួយដែលប្រជាពលរដ្ឋមានគណនីជាមួយ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រង និងផ្ទៀងផ្ទាត់កម្រៃសេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ នឹងជួយសម្រួលដល់គ្រប់អង្គភាពពាក់ព័ន្ធជាមួយសុក្រឹតភាពរបាយការណ៍និងពន្លឿនការផ្តល់សេវាឱ្យកាន់តែរហ័សជូនប្រជាពលរដ្ឋ»។
បើតាមក្រសួងសាធារណការ ក្នុងចំណោម ២៣ គ្រឹះស្ថាននោះមាន ៧ គ្រឹះស្ថានអាចបង់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿន រួមមាន៖ ធនាគារ ACLEDA, CHIPMONG, ABA, WING, VATTANAC, CANADIA, និង LYHOUR។ ១២ គ្រឹះស្ថានអាចបង់កម្រៃសេវាសាធារណៈក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រួមមាន ៧ គ្រឹះស្ថានខាងលើ,ធនាគារ CAMPU, SATHAPANA, PIPAY, PRINCE និង FTB។ ដោយឡែក ១១ គ្រឹះស្ថាន ផ្សេងទៀត ជាគ្រឹះស្ថានដែលមានបំណងចូលរួមបម្រើសេវាសាធារណៈ និងសេវាពាក់ព័ន្ធក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ហើយកំពុងដំណើរការនីតិវិធីឯកសារ និងបច្ចេកទេស ដែលក្នុងនោះមានទាំងគ្រឹះស្ថាន VISA និង MASTER ផងដែរ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានឱ្យដឹងថា ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះ កាន់តែបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវល្បឿនលឿន ព្រោះថា ការរួមចំណែករបស់ធនាគារអេស៊ីលីដាក្នុងការប្រមូលចំណូលនេះអាចបង្កើនល្បឿននៃការបង់ប្រាក់ ដូចនឹងការធ្វើដំណើរតាមផ្លូវល្បឿនលឿនដែរ។
លោកបញ្ជាក់ថា៖ «អេស៊ីលីដា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលឱ្យកាន់តែលឿនរហ័សជាងនេះទៀត។ ឥឡូវនេះ យើងកំពុងពិភាក្សាជាមួយខាងក្រុមហ៊ុន Cambodia PPSHV Expressway ដោយធ្វើយ៉ាងណារៀបចំប្រព័ន្ធទូទាត់ប្រាក់តាម App ACLEDA ឱ្យកាន់តែទំនើបនិងលឿនរហ័សជាងនេះទៀត មានន័យថា ពលរដ្ឋអាចទូទាត់ប្រាក់ឱ្យរួចរាល់មុនពេលទៅដល់បញ្ជរ និងពេលទៅដល់បញ្ជរអាចចេញដំណើរទៅតែម្តងដែលមិនចាំបាច់រង់ចាំយូរ»។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកម្ពុជា (CAMBA) និងក្រុមហ៊ុនផ្លូវល្បឿនលឿន (Cambodia PPSHV Expressway Co., Ltd ) កាលពីថ្មីនេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន (Cambodia PPSHV Expressway Co., Ltd )ធ្លាប់បានលើកឡើងថា ចាប់តាំងពីបើកដំណើរការមកមានរថយន្តប្រមាណជាង ១ លានគ្រឿងហើយ ដែលបានធ្វើដំណើរកាត់ផ្លូវល្បឿនលឿនទៅមកភ្នំពេញ-ខេត្តព្រះសីហនុ ហើយក្រុមហ៊ុនសង្កេតឃើញថា ការយល់ដឹងរបស់ប្រជាជនខ្មែរចំពោះការបើកបរលើផ្លូវល្បឿនលឿន មានភាពល្អប្រសើរជាងពេលបើកដំណើរការដំបូងៗ។
សូមជម្រាបថា ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ មកដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនមានចំនួនជិត ១,៩ លាន ក្នុងនោះមានប្រមាណជាង ១,៤ លានដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ មកទល់នឹងចុងខែកុម្ភៈ ឆ្នាំ ២០២៣ ដោយប្រមូលចំណូលបានសរុបជិត ១១ លានដុល្លារអាមេរិក៕