
យន្តហោះចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីអ្នកនាំពាក្យនៃអាកាសចរស៊ីវិលកម្ពុជា (SSCA) បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា រហូតមកទល់បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៣ ដែលបាននិងកំពុងធ្វើ ការហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិកម្ពុជាទាំង ៣ ទៅកាន់ទិសដៅនានានៃប្រទេសចិន ដែលជាទិសដៅដ៏សំខាន់មួយដែលរដ្ឋាភិបាលបានដាក់ផែនការក្នុងទាក់ទាញភ្ញៀវទេសចរចិនមកកាន់កម្ពុជាឱ្យបាន ១ លាននាក់ត្រឹមដំណាច់ឆ្នាំ ២០២៣ នេះ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ SSCA បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា មកទល់បច្ចុប្បន្ននេះស្ថាប័នរបស់លោកបានផ្តល់ការអនុញ្ញាតឱ្យមានការហោះហើរទៅកាន់ប្រទេសចិនដល់ក្រុមហ៊ុនក្នុងស្រុកចំនួន ៥ ដែលហោះហើរចេញចូលទៅកាន់ប្រទេសចិន។ ចំពោះក្រុមហ៊ុនចិនដែលហោះហើរចេញចូលប្រទេសកម្ពុជាគឺមានចំនួន ៧ ក្រុមហ៊ុន ហោះចេញចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលហោះចេញចូលសៀមរាប និងអាកាសយានដ្ឋានព្រះសីហនុគឺមានតែក្រុមហ៊ុន ១ ទេ។
លោកបានថ្លែងឱ្យដឹងទៀតថា៖ «ចំពោះការហោះហើររបស់ក្រុមហ៊ុនទាំងអស់នេះ គឺពួកគាត់ជាអ្នកកំណត់ទៅកាន់គោលដៅនានានៃប្រទេសចិនដោយគ្រាន់ តែដាក់លិខិតស្នើសុំបញ្ជាក់អំពីគោលដៅ។ យើងតែងតែស្វាគមន៍សម្រាប់ក្រុមហ៊ុនទាំងអស់ដែលចង់ពង្រីកគោលដៅហោះហើររបស់ខ្លួនទៅកាន់ទិសដៅនានានៅប្រទេសចិន ដែលរាជរដ្ឋាភិបាលយើងក៏បានកំណត់នូវគោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរចិនមកកាន់ប្រទេសយើងកាន់តែច្រើនផងដែរ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៤ ខែមីនាថា ការមានជើងហោះហើរច្រើនរវាងកម្ពុជា-ចិននឹងផ្តល់ជម្រើសកាន់តែច្រើនដល់ភ្ញៀវទេសចរចិនមកទស្សនាព្រះរាជាណាចក្រកម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជាបាន ដាក់ទិសដៅក្នុងការស្រូបទាញភ្ញៀវចិនផងដែរ។
លោកថ្លែងថា៖ «យើងពិតជាស្វាគមន៍ចំពោះការមានជើងហោះហើរច្រើនទៅកាន់ទិសដៅនានានៅប្រទេសចិន ព្រោះវាបានផ្តល់ភាពងាយស្រួលក្នុងការសម្រួលដល់ភ្ញៀវទេសចរចិនចូលមកទស្សនាប្រទេសរបស់យើង។ ដូចដែលយើងឃើញហើយថា រដ្ឋាភិបាលកំណត់គោលដៅទាក់ទាញ ភ្ញៀវទេសចរចិនប្រមាណ ១ លាននាក់នៅឆ្នាំនេះ ដូច្នេះបើ មានជើងហោះហើរកាន់តែ ច្រើន នឹងល្អសម្រាប់ការសម្រេច បានគោលដៅនេះ»។
កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងមិនដើរតាមគន្លងរបស់ប្រទេសផ្សេងទៀត ក្នុងការរឹតបន្តឹងបន្ថែមទាក់ទងនឹងជំងឺកូវីដ ១៩ លើការមកដល់របស់ប្រជាជនចិនដីគោកឡើយ។ លោកបានបង្ហាញការអភិវឌ្ឍនេះថា ជាឱកាសមួយក្នុងការនាំយកភ្ញៀវទេសចរចិនដីគោកប្រមាណ «២ លាននាក់» នៅឆ្នាំនេះ ដោយទាញផលចំណេញលើតម្រូវការធ្វើដំណើរដែលកើនឡើង។
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Cambodia Airways បានជូនដំណឹងដល់សាធារណជនអំពីផ្លូវហោះហើរត្រង់ថ្មីរវាង ភ្នំពេញ និងទីក្រុងប៉េកាំងដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៧ មីនា ដោយការចាប់ផ្ដើមជើងហោះហើរ ៣ ដងក្នុង ១ សប្ដាហ៍។
យោងតាមក្រសួងទេសចរណ៍កម្ពុជាទទួលបានភ្ញៀវទេសចរចិនដីគោកសរុបជាង ២ លាននាក់ចំនួន ២ ដងប៉ុណ្ណោះ គឺឆ្នាំ ២០១៨ ចំនួនជាង ២ លាននាក់ និងឆ្នាំ ២០១៩ ចំនួនជាង ២,៣ លាននាក់ដែលក្នុងនោះ ជិត ១,៣ លាននាក់ និង ១,៥៧៧ លាននាក់បានប្រកាស «ថ្ងៃឈប់សម្រាក» ជាគោលបំណងនៃការមកទស្សនាកម្ពុជា៕