រដ្ឋាភិបាល​ម៉ាឡេស៊ី​កាលពី​ថ្ងៃពុធ ​បាននិ​យាយថា ​ធនាគារ​របស់​ប្រទេស​នេះ​មាន​ការ​ប៉ះពាល់​តិចតួច​បន្ទាប់​ពី​ធនាគារ​ Silicon​ Valley​ នៅក្នុង​សហ​រដ្ឋ​អាមេរិក​បាន​ដួលរលំ​កាលពី​សប្តាហ៍មុន។ ​លោក ​Steven Sim ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ម៉ាឡេស៊ី​និយាយ​នៅក្នុង​សភាថា៖ ​«ផ្អែកលើ​ការ​វាយត​ម្លៃ​របស់​អាជ្ញាធរ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ឃើញថា​ធនាគារ​ក្នុង​ស្រុក​ម៉ាឡេស៊ី​ប្រឈម​បញ្ហា​តិចតួច​ ចំពោះ​វិបត្តិ​ដែល​បានកើត​ឡើងនៅ​សហ​រដ្ឋ​អាមេរិក​» ។

លោក ​Sim​ បាន​និយាយ​នៅក្នុង​ការ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​សមាជិក​សភា​អំពី​ផល​ប៉ះពាល់​ក្នុង​ស្រុក​ណាមួយ​ពី​វិបត្តិនេះ។​ លោក​បន្តថា ​អាជ្ញាធរ​បាន​ត្រួត​ពិនិត្យ​ និង​តាមដាន​ជា​ទៀងទាត់​នៅក្នុង​ប្រព័ន្ធ​ធនាគារ ​ដើម្បីធា​នា​ថា​ម៉ាឡេស៊ី​ត្រៀមខ្លួន ​ដើម្បី​ទប់ទល់​នឹង​សម្ពាធ​​ទីផ្សា​រណា​មួយ​។

ធនាគារ​ Silicon​ Valley ​របស់​អាមេរិក​ បាន​ដួល​រលំ​កាលពី​ថ្ងៃសុក្រ។​ បញ្ហានេះ​ជា​វិបត្តិធំ​ជាង​គេ​បំផុត​ក្នុង​វិស័យ​ធនា គារ​សហ​រដ្ឋ​អាមេរិក​ក៏​ដូចជា​ពិភព​លោក​ ចាប់​តាំងពី​វិបត្តិ​ហិរញ្ញ​វត្ថុ​កាល​ពីឆ្នាំ ២០០៨​។ ​អ្នកកាន់​ប្រាក់​បញ្ញើរ​បស់​សហរដ្ឋ​អាមេរិ​ក​កំពុង​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព ​ដើម្បី​ទុក​ដាក់​ប្រាក់​របស់​ពួកគេ​ ខណៈ​ដែល​អាជ្ញាធរ​ហិរញ្ញវត្ថុ​នៅជុំវិញ​ពិភព​លោក​កំពុង​ប្រុង​ជើង​ការ​ទប់ទល់​នឹង​ចំហាយ​វិបត្តិ​ធនាគារនេះ​។

ទាក់ទង​នឹង ​ការ​ដួលរលំ​ធនាគារ ​ឈ្មោះ ​SVB (Silicon Valley Bank) ​ដែល​ជា​ធនាគារ​ដ៏​ធំ​មួយ​ នៅ​អាមេរិក ​កាល​ពីថ្ងៃ​សុក្រ ​សប្តាហ៍មុន​ បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​អាមេរិក​សម្រេច​ចិត្ត​បិទ​ធនាគា រ​និង​យកទ្រព្យ​របស់​ធនាគារ​មកដាក់​ក្រោម​ការ​ចាត់ចែង​បណ្តោះ​អាសន្ន ​ដើម្បី​ស្តារ​ទំនុកចិត្ត​ និង​ដើម្បី​រំងាប់​ក្តី​បារម្ភ​របស់​សាធារណ​ជន។​ លោក ចូ ​បៃដិន​ បាន​ប្រកាស​ចេញមុខ​ធានា​លើលុយ​តម្កល់​របស់​អតិថិជន​ធនាគារ​នេះ​កាលពី​ថ្ងៃចន្ទ​ទី ​១៣ មីនា​។

សារព័ត៌មាន​ជាច្រើន​ដែល​សរសេរ​បញ្ហា​វិបិត្ត​ធនាគារ​ បានស្រង់​សម្ដី​របស់អ្នក​ជំនាញ​វា​យ​តម្លៃ​ថា​ធនាគារ​ SVB ស្ថិត​ក្នុង​ក្រុម​ធនាគារ​មធ្យម​និង​ធ្វើ​ជំនួញ​សំខាន់​តែ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា ​Startup​ ជា​ហេតុធ្វើ​ឱ្យ​វិបត្តិ​ធនាគារ​នៅ​អាមេរិក​ទំនង​នឹង​មិន​បង្ក​ហានិភ័យ​ធំ​ដុំឬ​ឆ្លង​រាលដាល​ទៅដល់​ធនាគារ​ធំៗ​នៅ​ប្រទេស​ដទៃ​ទៀត ​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​រឹងមាំ​នោះទេ។​ទោះជា​យ៉ាង​ណាក្ដី​គ្មាន​ទេពាក្យថា​ គ្មាន​ហានិភ័យ​ក្នុង​វិបត្តិ​ធនាគារ​ ព្រោះថា​នៅពេល​គេ​និយាយ​ពី​ធនាគារ​គេ​និយាយ​ពី​ទំនុកចិត្ត​ពី​សំណាក់​សាធារ​ណជន​៕