
អគារអគ្គនាយកដ្ឋានពន្ធដារក្នុងរាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ របាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញថា នៅក្នុងរយៈពេល ២ ខែ ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៣ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានប្រមាណជា ៥៣៩,២៣ លានដុល្លារ ស្មើនឹង ១៥,១០ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៣ ប្រៀបធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ ២០២២ កើនឡើង ២៧ លានដុល្លារដែលស្មើនឹង ៥,២៧ ភាគរយ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ និងសម្រាប់រយៈពេល២ខែ ឆ្នាំ២០២៣ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលើកឡើងថា នាខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញសម្រេចបានប្រមាណជា២៣៨,៦០លានដុល្លារ ប្រៀបធៀបនឹងចំណូល ពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២កើនឡើង៦,៥៤ភាគរយ។
លោកបានបន្ថែមថា ក្នុងរយៈពេល ២ខែនេះដែរ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល១៤,៧៩ភាគរយ អាករលើតម្លៃបន្ថែម ៨,៩៣ភាគរយ និងពន្ធលើប្រាក់បៀវត្សរ៍១១,០១ភាគរយ។អគ្គនាយកដ្ឋានពន្ធដារបានផ្តួចផ្តើម ហើយនឹងដាក់ចេញឱ្យអនុវត្តនូវE-Administration ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងគុណភាពសេវាសាធារណៈបន្ថែមទៀតចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce)ទទួលបានប្រមាណជា១៤,៨៧លានដុល្លារ) ។
លោកបានបញ្ជាក់ថា៖« អគ្គនាយកដា្ឋនពន្ធដារមានវិធានការចុះអង្កេតសហគ្រាស ដោយបានរកឃើញអាជីវកម្មជាច្រើនក្នុងនោះមានក្លិបកម្សាន្តធំៗ មួយចំនួនមិនបានចុះបញ្ជីពន្ធដារឬចុះបញ្ជីមិនបានត្រឹមត្រូវតាមកម្រិតផលរបរ។ ខ្ញុំសូមរំឭកឱ្យម្ចាស់អាជីវកម្ម ដែលមិនទាន់បាន ចុះបញ្ជីពន្ធដារ ឱ្យមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ចៀសវាងនូវការ ផាកពិន័យទោសទណ្ឌនានា»។
សម្រាប់រដូវកាលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បានបង្ហាញពីការរំពឹងថាការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ នឹងទទួលបាននូវលទ្ធផលល្អប្រសើរនិងមិនមានការថមថយឡើយ តាមរយៈ ប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing ដែលរឹងមាំនិងមានតម្លាភាព និងជាយន្តការយ៉ាងសំខាន់ក្នុងការពង្រឹង ការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។
អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ការប្រមូលចំណូលរបស់ពន្ធដារមានកំណើនបែបនេះបង្ហាញថា ការប្រកបមុខរបរ និងចំណូលរបស់ប្រជាពលរដ្ឋមានស្ថានភាពល្អគួរសមទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩។
លោកបានបន្ថែមថា កំណើននៃចំណូលពន្ធនេះទៀតសោតក៏បង្ហាញថា ដំណើរការចង្វាក់ផលិតកម្មនៅក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមចាប់ផ្តើមល្អប្រសើរឡើងវិញហើយ ខណៈដែលវិស័យផ្សេងៗទៀតដូចជាការទិញលក់និងសាងសង់អចលនទ្រព្យជាដើមហាក់មានភាពល្អប្រសើរវិញផងដែរ។
លោកបានបញ្ជាក់ថា៖« ក្រៅពីចំណូលពន្ធទាំង២ប្រភេទ ដែលមានពន្ធដារ និងពន្ធគយហើយ ការពង្រឹងលើវិស័យពាណិជ្ជកម្មអន្តរជាតិទេសចរណ៍និងការជំរុញលំហូរវិនិយោគផ្ទាល់ពីក្រៅប្រទេស(FDI) របស់រាជរដ្ឋាភិបាលអាចនឹងឱ្យកម្ពុជាសម្រេចគោលដៅកំណើនសេដ្ឋកិច្ច៥,៦ភាគរយក្នុងឆ្នាំ២០២២ និង៦,៥ភាគរយនៅឆ្នាំ២០២៣៕