
សិក្ខាសាលាផ្សព្វផ្សាយការអនុវត្តកាតព្វកិច្ច បិទតែមប្រិ៍អាករប្រភេទថ្មីកាលពីថ្ងៃទី១៣ មីនា ។ រូបថត GDT
ភ្នំពេញៈ ក្រុមការងារចម្រុះដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារីនៃអគ្គនាយកដ្ឋានពន្ធដារ (អពដ) និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានព្រមានថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយរឹបអូសបារីណាដែលធ្វើចរាចរណ៍លើទីផ្សារដោយមិនមានបិទតែមប្រិ៍អាករប្រភេទថ្មី។
ការព្រមានបែបនេះ ធ្វើឡើងនៅក្នុងក្នុងសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តកាតព្វកិច្ច បិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារីកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីលោក ម៉ិញ បានកុសល អគ្គនាយករង អ.ព.ដ និងជាសហប្រធានក្រុមការងារចម្រុះតែមប្រិ៍ ដែលមានការចូលរួមពីលោក-លោកស្រីសមាជិកក្រុមការងារ រួមជាមួយតំណាងសហគ្រាសអាជីវកម្មលើផលិតផលបារី។
លោក ភេ សុមុនី ប្រធាននាយកដ្ឋានគយ និងរដ្ឋាកររាជធានីភ្នំពេញ ដែលជាអនុប្រធានក្រុមការងារបញ្ជាក់ថា សិក្ខាសាលានេះ មានគោលដៅបន្តផ្សព្វផ្សាយអំពីកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី និងការបោះពុម្ពផ្សាយសារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់។
លោកបានបញ្ជាក់ថា៖«ជាវិធានការបន្ត ក្រុមការងាននឹងត្រូវរឹបអូសបារីដែលធ្វើចរាចរណ៍លើទីផ្សារដោយមិនមានបិទតែមប្រិ៍អាករប្រភេទថ្មី ឬបិទតែមប្រិ៍ អាករប្រភេទចាស់ ឬបិទតែមប្រិ៍អាករក្លែងក្លាយ និងតម្រូវឱ្យអ្នកពាក់ព័ន្ធទទួលខុសត្រូវចំពោះមុខច្បាប់»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ម៉ិញ បានកុសល អគ្គនាយករង (អពដ) និងជាសហប្រធានក្រុមការងារចម្រុះតែមប្រិ៍ បានថ្លែងថា កន្លងមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញប្រកាសនិងបទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី ហើយក្រសួងនេះក៏បានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ស្របតាមស្ថានភាពនៃការប្រកបអាជីវកម្មនិងការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ។
លោកបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញប្រកាសលេខ ១៤៨០ សហវ.ប្រក ស្តីពីការប្រើប្រាស់តែមប្រិ៍អាករសម្រាប់បង់អាករពិសេសលើផលិតផលបារី ដោយបានកំណត់ និងដាក់ឱ្យប្រើប្រាស់តែមប្រិ៍អាករប្រភេទថ្មីដែលមានសុវត្ថិភាពខ្ពស់ ព្រោះត្រូវបានធ្វើឡើងដោយក្រដាសមានគុណភាពល្អ ភ្ជាប់ជាមួយ QR Code ព្រមទាំងបង្កប់នូវចំណុចសុវត្ថិភាពសំខាន់ៗជាច្រើន ដែលមិនអាចថតចម្លងយកទៅប្រើប្រាស់បាន ឬក៏មិនក្លែងបន្លំបាន។
លោកបន្ថែមថា បើផ្អែកតាមសារាចរលេខ ០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ពីខែសីហា ឆ្នាំ២០១៧តទៅ គ្រប់បារីដែលមិនមានបិទតែមប្រិ៍អាករប្រភេទថ្មី នឹងមិនត្រូវអនុញ្ញាតឱ្យធ្វើចរាចរណ៍លើទីផ្សារឡើយ ប៉ុន្តែទោះជាយ៉ាងនេះក្ដីក៏ (អពដ) និង (អគរ) នៅតែសង្កេតឃើញថា នៅមានបារីមិនមានបិទតែមប្រិ៍អាករប្រភេទថ្មីចរាចរនៅលើទីផ្សារដដែល។
លោកថ្លែងថា៖ «ដូចនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការផ្សព្វផ្សាយអប់រំម្ដងហើយម្ដងទៀត តាមបណ្តាទីផ្សារ ផ្សារទំនើប អ្នកចែកចាយ បារី អ្នកលក់ដុំ និងអ្នកលក់រាយ ដោយចែកខិត្តប័ណ្ណផ្សព្វផ្សាយ និងលិខិតជូនដំណឹងលេខ ០០១ សហវ.អពដ និង លិខិត ០១៤ សហវ.អពដ ហើយក៏ធ្លាប់បានអញ្ជើញអាជីវករមកចូលរួមសិក្ខាសាលាដោយផ្ទាល់ផងដែរ»។
ជាមួយគ្នានេះលោកក៏បានស្នើដល់សហគ្រាសប្រកបអាជីវកម្មលើផលិតផលបារីទាំងអស់ឱ្យចូលរួមប្រកាសបង់ពន្ធលើប្រាក់ចំណូលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ចៀសវាងរងការកំណត់ពន្ធឡើងវិញដោយការធ្វើសវនកម្ម ឬការស៊ើបអង្កេតបទល្មើសពន្ធដារដែលត្រូវទទួលរងពិន័យឬទោសទណ្ឌផ្សេងៗ ព្រមទាំងអាចឈានដល់ចោទប្រកាន់ពីបទល្មើសលាងលុយ ដែលត្រូវទទួលទោសព្រហ្មទណ្ឌថែមទៀតផង។
លោក គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការមានវិធានការលើការប្រមូលពន្ធអាករលើបារី ក៏ដូចជាស្រារបស់សមត្ថកិច្ច ពិតជាមានសារៈសំខាន់ ពីព្រោះថាប្រជាពលរដ្ឋដែលទទួលបារីនឹងធ្វើឱ្យខូចសុខភាព និងការបោះចោលកន្ទុយបារីផ្តេសផ្តាសធ្វើឱ្យខូចដល់បរិស្ថាន ។
លោកថា៖« វិធានការរបស់រដ្ឋាភិបាលគួរតែដាក់ពន្ធទៅលើស្រា ស្រាបៀរ និងបារីនេះ ឱ្យធ្ងន់ធ្ងរ ហើយមិនអនុញ្ញាតឱ្យប្រើប្រាស់នៅតាមទីសាធារណៈនោះទេ ។ កន្លងមកបារីមានការរៀបចំហើយ ប៉ុន្តែស្រាបៀរមិនទាន់មានវិធានការនៅឡើយទេ »។
បើតាមលោក គី សេរីវឌ្ឍន៍ លោកគាំទ្រឱ្យមានវិធានការឱ្យបានហ្មត់ចត់លើការប្រមូលពន្ធអាករពាក់ព័ន្ធនឹងបារីនេះ ដើម្បីបានចំណូលចូលជាតិ និងជាពិសេសមន្ត្រីពន្ធដារក៏កុំប្រព្រឹត្តអំពើណាមួយជាមួយសហគ្រាស ឬអាជីវកម្មបារីនេះ ដែលនឹងអាចធ្លាក់ចូលក្នុងអំពើពុករលួយ៕