
បុរសម្នាក់ជិះម៉ូតូកាត់ពីមុខទីស្នាក់ការក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុន ហ្រ្គនធ្វីន អ៊ិនធើណេសិនណល់ (ខេមបូឌា) ភីអិលស៊ី (GTI) បានរាយការណ៍ពីការស្ទុះងើបឡើងវិញនៃដំណើរការអាជីវកម្មរបស់ខ្លួនក្នុងត្រីមាសចុងក្រោយឆ្នាំ ២០២២ ដោយសារភាពប្រសើរឡើងបន្តិចម្តងៗនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ជាពិសេសការបើកដំណើរការសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន GTI ផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី ១៣ ខែមីនា ឱ្យដឹងថា ក្នុងត្រីមាសទី៤ ឆ្នាំ ២០២២ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុន ហ្រ្គនធ្វីន ទទួលបានចំណូលសរុប ១០៣ ៧៣៧ លានរៀល (២៥,៣៨២ លានដុល្លារ) ចំណេញមុនពេលបង់ពន្ធ ៩០៩ លានរៀល (២២២ ៤៣០ ដុល្លារ) ប្រាក់ចំណេញក្នុងការីបរិចេ្ឆទ ១៨ ០០ លានរៀល (៤៤០ ៤១២ ដុល្លារ)។
លោក Chen TsungChi អគ្គនាយក GTI បានឱ្យដឹងក្នុងរបាយការណ៍ថា ចំពោះប្រចាំត្រីមាសទី៤ ឆ្នាំ ២០២២ ក្រុមហ៊ុនហ្រ្គនធ្វីន ទទួលបានចំណូលសរុប ១០៣ ៧៣៧ លានរៀល (២៣,៣៨២ លានដុល្លារ) ដែលក្នុងនោះចំណូលបានពីការលក់ទំនិញចំនួន ១០២ ៧៧៥ លានរៀល (២៥,១៤៧ លានដុល្លារ) និងចំណូលពីការម៉ៅការបន្តចំនួន ៩៦២ លានរៀល (២៣៥ ៣៤៤ដុល្លារ)។ ដោយឡែកក្រុមហ៊ុនមិនទទួលបានចំណូលពីការកាត់ដេរ និងវេចខ្ចប់ នៅត្រីមាសទី៤ ឆ្នាំ ២០២២ នេះឡើយ។
លោកថ្លែងថា៖ «ជាថ្មីម្ដងទៀត ក្រុមហ៊ុនហ្រ្គនធ្វីន មានក្តីរីករាយសូមថ្លែងអំណរគុណក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងបុគ្គលិកគ្រប់ជាន់ថ្នាក់ កម្មករនិយោជិតចំពោះការគាំទ្រ និងការដឹកនាំសម្រាប់ប្រតិបត្តិការនាត្រីមាសទី ៤ ឆ្នាំ ២០២២ កន្លងទៅ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ជាពិសេសអតិថិជនចម្បងក្រុមហ៊ុន និងបន្ថែមការបញ្ជាទិញផលិតផលធ្វើឱ្យក្រុមហ៊ុនហ្រ្គនធ្វីនទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ។
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៣ ក្រុមហ៊ុនហ្រ្គនធ្វីន អ៊ិនធើណេសិនណល់ (ខេមបូឌា) អិលធីឌី ត្រូវបានប្ដូរទម្រង់ទៅជាក្រុមហ៊ុនហ្រ្គនធ្វីន អ៊ិនធើណេសិនណល់ (ខេមបូឌា) ភីអិលស៊ី។ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនហ្រ្គនធ្វីន បានទិញក្រុមហ៊ុន QMI Industrial Co., Ltd ដែលជារោងចក្រផលិតសម្លៀកបំពាក់ឈានមុខមួយហើយដែលបានដំណើរការនៅកម្ពុជាតាំងពីទសវត្សរ៍ទី ៩០។ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៤ ក្រុមហ៊ុនហ្រ្គនធ្វីន បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ និងចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុនហ្រ្គនធ្វីន ជាក្រុមហ៊ុនម៉ៅការផលិតសម្លៀកបំពាក់បន្តផង និងជាអ្នកផលិតសម្លៀកបំពាក់សម្រាប់នាំចេញ និងជារោងចក្រច្នៃម៉ូដប្រភពដើម (Original Design Manufacturer (ODM) នៃសម្លៀកបំពាក់កីឡា។ បច្ចុប្បន្នផលិតផលចម្បងរបស់ហ្រ្គនធ្វីន រួមមានម៉ាកសម្លៀកបំពាក់កីឡាល្បីៗក្នុងពិភពលោកដូចជា Adidas, Reebok, Taylor Made, Salomon, New Balance(NB), Kohl''s, Nautica, NorthFace, Russell Athletic និងម៉ាកផ្សេងៗទៀត៕