ភ្នំពេញៈ កម្ពុជា​រកចំណូលបាន​ជាង ៧៩​ លាន​ដុល្លារ​ពី​ការ​នាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ក្នុង​រយៈពេល​ ២ ខែ​ដំបូង​ឆ្នាំ ​២០២៣ ខណៈ​តម្លៃ​ជ័រកៅស៊ូ ថយចុះ​ជាង​ ១៤ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ទិន្នន័យ​ ភ្នំពេញ​ ប៉ុស្តិ៍ ​ទទួល​បាន​ក្នុង​ថ្ងៃទី​ ១៥ ខែមីនា បានឱ្យដឹងថា ក្នុង​ខែមករា​-​កុម្ភៈ ឆ្នាំ ​២០២៣ ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ មានតម្លៃ​សរុប​ ៧៩ ៣៦៩ ៧១០ ​ដុល្លារ ដោយ​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន ៧៩ ០៦២ ៤១៤ ​ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ ៣០៧ ២៩៦​ ដុល្លារ​។​

​សម្រាប់​តម្លៃ​ជ័រកៅស៊ូ​គិត​ជា​មធ្យម​ក្នុង​រយៈពេល​ ២​ ខែ​ដើមឆ្នាំ ​២០២៣ គឺ ១ ៣៤៩ ​ដុល្លារ​ក្នុង​ ១ ​តោន ថយចុះ ២៣៦ ​ដុ​​ល្លារ ឬ​ស្មើនឹង ១៤ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ចំណែក​តម្លៃ​លក់​ឈើ​កៅស៊ូ គឺ ៣៩៣​ ដុល្លារ​ក្នុង ១​ ម៉ែត្រគុប​។​

​បើ​យោងតាម​ទិន្នន័យ​ខាងលើ គឺ​តម្លៃ​លក់​ជ័រ​កៅស៊ូ​គ្រួសារ​នៅ​ចម្ការ​ជា​មធ្យម​នៅក្នុង​ខែកុម្ភៈ គឺ​ទឹក​ជ័រ ​(DRC ១០០​ ភាគរយ​) មានតម្លៃ​ចាប់ពី ៤ ៥០០-៥ ០០០​រៀល​ ក្នុង ​១​ គីឡូក្រាម ថយ ២៨៦ ​រៀល​ក្នុង​ ១​ គីឡូក្រាម ​បើ​ធៀប​នឹង​ខែមករា និង​ជ័រ​កក ​(DRC ៥០​ ភាគរយ​) មាន​ពី​តម្លៃ ២០០០-៣ ១០០​ រៀល​ក្នុង ​១​ គីឡូក្រាម ថយចុះ ១៨១​ រៀល​ក្នុង​ ១​ គីឡូ​​ក្រាម ដោយ​អាស្រ័យ​តាម​រយៈពេល​បង្កក និង​តំបន់​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ លោក ហ៊ឹម អូន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ថ្ងៃទី ​១៥ ខែមីនា​ថា បច្ចុប្បន្ន​ទីផ្សារ​ជ័រកៅស៊ូ​កម្ពុជា គឺ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​បើ​ទីផ្សារ​អន្តរជាតិ​មាន​ស្ថានភាព​មិនល្អ វា​ក៏​ធ្វើឱ្យ​តម្រូវការ និង​តម្លៃ​ធ្លាក់ចុះ​ដែរ​។ បញ្ហា​ដែល​ធ្វើឱ្យ​តម្លៃ​កៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​នាពេលនេះ គឺមាន​ដូចជា តម្រូវ​ការមិន​សម​មា​ត្រ​នឹង​ការ​ផ្គត់ផ្គង់ ក្តីបារម្ភ​ពី​អតិផរណា ការដំឡើង​អត្រា​ការប្រាក់​នៅ​អាមេរិក សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​។​

​លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ ១ ​រយៈ​នេះ គឺ​ដោយ​​សារ​កម្ពុជា​ពឹងផ្អែក​ទីផ្សារ​ខាង​ក្រៅ ខណៈ​ទីផ្សារ​កៅស៊ូ​ពិភព​លោក​មាន​ស្ថានភាព​ធ្លាក់ចុះ​នាពេលនេះ​»​។​

​លោក ម៉ែន សុភ័ក្ត្រ ប្រធាន​ក្រុមហ៊ុន​សុភ័ក្ត្រ​នី​កា ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សង្គ្រាម​នៅ​ប្រ​ទេស​អ៊ុយ​ក្រែ​ន និង​ការប្រឈមមុខ​ដាក់គ្នារ​វាង​ចិន​-​តៃវ៉ាន់ គឺជា​ដើមចម​នៃ​ការធ្លាក់​ថ្លៃ​តម្លៃ​កៅស៊ូ​សកល​ព្រោះ​វា​បាន​ប៉ះ​ពាល់​ដល់​តម្រូវការ​។​

​លោក​លើកឡើងថា​៖ «​កត្តាសេដ្ឋកិច្ច​សកល និង​ភូមិសាស្ត្រ​នយោបាយ​ដែល​បាន​បង្កឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការប្រឈមមុខ​ដាក់គ្នារ​វាង​ចិន និង​តៃវ៉ាន់ ក៏​ជា​មូលហេតុ​នៃ​ការធ្លាក់ចុះ​តម្រូវការ​កៅស៊ូ​ផងដែរ​។ យើង​ដឹង​ហើយ​ថា ទីផ្សារ​ចិន​តំណាងឱ្យ ៧០-៨០ ភាគរយ​នៃ​តម្រូវ​ការសរុប​របស់​ពិភពលោក និង​បញ្ហា​នៅ​អឺរ៉ុប​ក៏​ធ្វើឱ្យ​តម្រូវការ​ធ្លាក់ចុះ​ដែរ​»​។​

​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ នៅ​កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​សរុប ៤០៤ ៥៧៨​ ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន ៣១៥ ៣៣២​ ហិកតា ស្មើនឹង ៧៨ ​ភាគរយ និង​ផ្ទៃដី​ថែទាំ​ចំនួន ៨៩ ២៤៦ ​ហិកតា ស្មើនឹង ២២​ ភាគរយ​។ ក្នុង​ឆ្នាំ​ ២០២២ ទឹកប្រាក់​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ មាន​សរុប ៥៣១ ៨៦៣ ៨៤២​ ដុល្លារ ក្នុងនោះ​ជ័រកៅស៊ូ មាន​ចំនួន ៥២៧ ៧៧៤ ៥៦៩​ ដុល្លារ និង​ឈើ​កៅស៊ូ ៤ ០៨៩ ២៧៣​ ដុល្លារ​៕