ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឱ្យក្រុមហ៊ុន China Metro Group របស់ចិន ពិនិត្យលទ្ធភាពក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាង និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ការជំរុញបែបនេះធ្វើឡើងក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Li Kuo តំណាងក្រុមហ៊ុន China Metro Group នាថ្ងៃទី១៧ ខែមីនា ដើម្បីពិភាក្សាអំពីឱកាសវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នៅទីស្តីការក្រសួង។
ជំនួបនេះធ្វើឡើងដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូនក្នុងទីក្រុង។
ហ្វេសប៊ុកក្រសួងបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី១៨ ខែមីនា ថា លោក Li Kuo បានប្រាប់លោក ស៊ុន ចាន់ថុល អំពីសកម្មភាពការងារ បទពិសោធន៍របស់ក្រុមហ៊ុន ដែលជាសាជីវកម្មធំមួយនៅប្រទេសចិន ក្នុងការអនុវត្តការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងតំបន់ និងពិភពលោក។
ហ្វេសប៊ុកក្រសួងបញ្ជាក់ថា៖«ឯកឧត្តមទេសរដ្ឋមន្ត្រីជម្រាបជូនអំពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈច្បាប់វិនិយោគ ដែលអនុញ្ញាតឱ្យមានកិច្ចសន្យារយៈពេលវែង ការបើកចំហការវិនិយោគលើគ្រប់វិស័យ ការអនុគ្រោះពន្ធ។ល។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាងនិងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា»។
លោក ស៊ុន ចាន់ថុល បានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ។
លោកថា គម្រោងទាំងនោះរួមមាន ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញថ្មី ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីខេត្តសៀមរាប ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃការដឹកជញ្ជូន។
លោកលើកឡើងថា វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ដោយសំដៅជំរុញនូវការតភ្ជាប់នៅទូទាំងប្រទេស ដែលមានលក្ខណៈពហុមធ្យោបាយ និងបណ្តាគម្រោងសាងសង់ធំៗជាច្រើនទៀត រួមមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលក្រសួងសម្រេចបាន និងកំពុងធ្វើការអភិវឌ្ឍ។
លោក ស៊ុន ចាន់ថុល បន្តថា គម្រោងទាំងនោះមានដូចជាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន។
ហ្វេសប៊ុកក្រសួងបានឱ្យដឹងថា លោក Li Kuo ក៏បានថ្លែងអំណរគុណដល់លោក ស៊ុន ចាន់ថុល ចំពោះទស្សនវិស័យទៅលើការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕