នៅក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តីពី​ការបំពេញ​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ និង​ប្រព័ន្ធ​គ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​តាម​អនឡាញ (ToI E-Filing) កាលពី​ថ្ងៃទី១៦ ខែមីនា លោក ហោង សុខណាង អគ្គ​នាយក​រង នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​ស្នើ​ដល់​សិក្ខាកាម​ទាំងអស់​ថា ដើម្បី​ទទួល​បាន​ជំនាញ​វិជ្ជាជីវៈត្រឹមត្រូវ និង​លើកកម្ពស់​អនុលោមភាព​សារពើ​ពន្ធ បុគ្គលិក​ផ្នែក​ប្រកាស​ពន្ធ​របស់​ក្រុមហ៊ុន ក៏ដូចជា​អ្នកជាប់​ពន្ធ​ទាំងអស់ គួរមក​ចុះឈោ្មះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ពន្ធដារ នៅ​សាលា​ជាតិ​ពន្ធដារ។

លោក​បាន​បញ្ជាក់​ទៀត​ថា៖«នៅ​សាលា​ជាតិ​ពន្ធ​ដារ​មិនត្រឹមតែ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ពន្ធដារ​នោះទេ គឺ​មាន​វគ្គ​បណ្តុះបណ្តាល ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេងៗ ដែល​អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​អភិវឌ្ឍ​ឡើង និងបាន​ដាក់​ជូន​អ្នកជាប់​ពន្ធ​ទាំងអស់​ប្រើប្រាស់ ដើម្បី​មានភាព​ងាយស្រួល​ក្នុងការ​ប្រកាសពន្ធ​ប្រចាំ​ខែ និង​ប្រចាំ​ឆ្នាំ ហើយ​អ្នក​ជាប់ពន្ធ​ទាំងអស់​អាចសិក្សា និង​អនុវត្ត​លើ​គ្រប់ប្រព័ន្ធ​ដែលមាន​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​របស់​សាលា​ជាតិ​ពន្ធដារ»។

លោក សុខណាង បាន​បន្ថែម​ថា ប្រជា​ពលរដ្ឋ​គ្រប់រូប​ត្រូវគោរព​នូវ​កាតព្វកិច្ច​សារពើ​ពន្ធដោយ​មិនអាច​គេចវេះ​បាន ហើយ​បើសិនជា​មានការ​យឺតយ៉ាវ​ក្នុង​ការបំពេញ​កាតព្វកិច្ច សារពើ​ពន្ធ នោះ​ក៏មិនមាន​ការអន្តរាគមន៍​ណាមួយ​ជួយ​បាន​ដែរ គឺ​ត្រូវ​ទទួល​រង​នូវ​ទោសទណ្ឌ​ទៅតាម​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ។ ហើយ​ប្រជា​ពលរដ្ឋ​នៅ​លើ​ពិភព​លោក​មិនអាចគេចវេះ​ពីការ​បង់ពន្ធ​បាន​ទេ ប្រជា​ពលរដ្ឋ​ត្រូវ​ចូលរួម​បង់ពន្ធ ទាំងអស់គ្នា​ដើម្បី​ការអភិវឌ្ឍ​របស់​ប្រទេស​ជាតិ»។

លោក​អគ្គនាយករង​បានបន្ត​ទៀត​ថា ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ គឺជា​រឿង​សំខាន់​របស់​សហគ្រាស​ដែលត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ដោយគោរព​ទៅតាម​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ដែលបាន​កំណត់ ហើយ​ដើម្បី​ឱ្យ​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​សហគ្រាស​ប្រព្រឹត្ត​ទៅ​ដោយ​រលូន សហគ្រាស​គួរ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ក្នុង​ករណី​សហគ្រាស​មានការ ផ្លាស់ប្តូរ​ព័ត៌មាន ដើម្បី​អាច​ប្រើប្រាស់​ប្រព័ន្ធ​ក្នុង​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​បាន ដោយ​ចៀសវាង មាន​ការយឺតយ៉ាវ ដែល​នាំឱ្យ​អ្នក​ជាប់ពន្ធ​មាន​ការអាក់អន់​ស្រពន់​ចិត្ត ឬ​ទទួល​រង​ពិន័យ​ដោយ​ប្រការ​ណាមួយ។

លោកបាន​បញ្ជាក់​ទៀត​ថា៖«អគ្គ​នាយកដ្ឋាន​ពន្ធដារ មិនត្រឹមតែ​មាន​វគ្គ​បណ្តុះបណ្តាល​សម្រាប់​អ្នក​ជាប់​ពន្ធ​ទេ ថែមទាំង​មាន​វគ្គ​បណ្តុះបណ្តាល​សម្រាប់​មន្ត្រី​រាជការ​ពន្ធដារ ដើម្បី​ទទួល​បាន​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ ក្នុង​ការអនុវត្ត និងបកស្រាយ ឱ្យបាន​ត្រឹមត្រូវ​ដូចគ្នា​តែមួយ ចៀសវាង​អនុវត្ត​ផ្សេងគ្នា ឬ​មាន​ជម្លោះ​កើត​មានឡើងជា​យថាហេតុ»។

សូម​ជម្រាប​ថា អគ្គនាយកដ្ឋាន​ពន្ធដារ បានដាក់​ចេញ​នូវ​កម្មវិធី​ពាក់ព័ន្ធ​នឹង​ទូរស័ព្ទ​ដៃ​ជាច្រើន​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បង្កើត​ឡើង និង​ជំរុញ​ឱ្យ​អ្នក​ជាប់ពន្ធ​ទាំងអស់​ចូលរួម ប្រើប្រាស់​ដូចជា កម្ម​វិធី​ព័ត៌មាន​ស្ដី​ពី​ពន្ធដារ (GDT News App) កម្មវិធី​ទូរស័ព្ទ​ដៃ​អ្នក​ជាប់ពន្ធ (GDT Taxpayer App) កម្មវិធី​គណនា​ពន្ធ​លើ​ប្រាក់​បៀវត្ស (GDT Salary Tax App) កម្មវិធី​ទូរស័ព្ទ​ដៃ​ត្រួតពិនិត្យ និង​តាមដាន​ឯកសារ (GDTCheck And Track App) កម្មវិធី​គណនា​ពន្ធ​មធ្យោបាយ (GDT Road Tax Calculation App) កម្មវិធី​ជជែក​ផ្ទាល់ ជាមួយ​ពន្ធដារ (GDT Live Chat App)៕​

អគ្គនាយកដ្ឋានពន្ធដារ