ក្រោយពី​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​ទិដ្ឋាការ​អេឡិចត្រូនិក​របស់​ប្រទេស​ជប៉ុន សម្រាប់​ភ្ញៀវទេសចរ​កម្ពុជា​ដែល​មានបំណង​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​ក្នុង​រយៈពេល ៩០​ថ្ងៃ ក្រសួងទេសចរណ៍​កម្ពុជា មាន​ក្តី​រំពឹងថា សមាគម​ទេសចរណ៍ ផ្នែក​ឯកជន ស្ថាប័ន​ពាក់ព័ន្ធ និង​សាធារណជន មេត្តា​ជ្រាប នឹងចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​សំដៅ​ទាក់ទាញ​លំហូរ​ទេសចរ​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួងទេសចរណ៍​កម្ពុជា បានឱ្យដឹងថា តាមរយៈ​លិខិត​លេខ ១១១ AI/Con ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ចុះ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២៣ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ជប៉ុន ចាប់ពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៣ រដ្ឋាភិបាល​ជប៉ុន​នឹងដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ទិដ្ឋាការ​អេឡិចត្រូនិក (JAPAN E-VISA System) សម្រាប់​ភ្ញៀវទេសចរ​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ក្នុង​រយៈពេល​មិន​លើសពី ៩០​ថ្ងៃ​។

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ការដាក់ឱ្យ​ប្រើប្រាស់​នូវ​ទិដ្ឋាការ​អេឡិចត្រូនិក​របស់​ប្រទេស​ជប៉ុន​នេះ មិន​ត្រឹម​តែមាន​លំហូរ​ចេញ​នៃ​ទេសចរ​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​វា​ក៏​ជាការ​ស្រូប​ទាញ​មកវិញ​នូវ​ទេសចរ​ជប៉ុន​មក​កម្ពុជា​ដែរ តាមរយៈ​ការជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ វប្បធម៌​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​របស់​ទេស​ចរក​ម្ពុ​ជា ពេលដែល​ពួកគាត់​ទៅ​កម្សាន្ត​នៅ​ជប៉ុន​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖«​ទេសចរ​ជប៉ុន គឺជា​ទីផ្សារ​ល្អ​មួយ​សម្រាប់​កម្ពុជា ដោយ​កាលពីមុន​កូ​វីដ​១៩ ជប៉ុន ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ទាំង​១០ ដែល​បានមក​កម្សាន្ត​នៅ​កម្ពុជា​ច្រើនជាងគេ​។​ជនជាតិ​ជប៉ុន​គាត់​មានការ​ចំណាយ​ច្រើន នៅពេល​មក​កម្សាន្ត​នៅ​កម្ពុជា​ដូច​ជាការ​ស្នាក់នៅ ម្ហូបអាហារ និង​ការប្រើប្រាស់​សេវាកម្ម​ទេសចរណ៍​នានា​នៅ​កម្ពុជា ដោយសារ​ជនជាតិ​នេះ ចូលចិត្ត​សិក្សា​លម្អិត​ពី​រមណីយដ្ឋាន​នានា​។ ដូចនេះ​ភ្ញៀវ​ជប៉ុន​តែងតែ​មានការ​ស្នាក់នៅរ​យៈ​ពេល​វែង​»​។​

​របាយការណ៍​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​បង្ហាញថា គិត​មកដល់​បំណាច់​ខែធ្នូ ឆ្នាំ​២០២២ សម្រាប់​រយៈ​១២​ខែ (​មករា​-​ធ្នូ​) កម្ពុជា​ទទួលបាន​អ្នកដំណើរ ចំនួន​ជាង ២ លាន​នាក់ (២ ៣៨២ ០០០), មានការ​កើនឡើង​ជិត ៩០០ ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​១២​ខែ ដូចគ្នា​(​មករា​-​ធ្នូ​) នៅ​ឆ្នាំ​២០២១, បើ​ធៀប​ទៅនឹង រយៈពេល​១២​ខែ​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៩ គឺ អ្នកដំណើរ មាន​ចំនួន​ប្រមាណ​តែ​២៥​ភាគរយ ប៉ុណ្ណោះ នៃ​ឆ្នាំ​២០១៩​។ ចំនួន​ជើងហោះហើរ​មាន​ចំនួន​ជិត ៣ សែន​ជើង (២៨៩០០) មានការ​កើនឡើង​ជាង​២៦០​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​១២​ខែ​ដូចគ្នា​(​មករា​-​ធ្នូ​) នៅ​ឆ្នាំ​២០២១, បើ​ធៀប​ទៅនឹង រយៈពេល​១២​ខែ​ដូចគ្នា​នៅ ឆ្នាំ​២០១៩ គឺ ចំនួន​ជើងហោះហើរ មាន​ចំនួន​ប្រមាណ​តែ​២៨​ភាគរយ​ប៉ុណ្ណោះ​នៃ​ឆ្នាំ​២០១៩​។ ក្នុង​ឆ្នាំ​២០២៣ នេះ យើង​រំពឹងទុក​ថា ចំនួន​អ្នកដំណើរ នឹងមាន​កើនឡើង​រហូត​ជាង ៤ លាន​នាក់ និង​ចំនួន​ជើងហោះហើរ នឹងមាន​កើនឡើង​រហូត ដល់​ជិត ៣ សែន​ជើង​៕