ភ្នំពេញៈ មន្ត្រី​ជំនាញ និង​វិស័យ​ឯកជន​លើកឡើងថា ការ​ដាក់ឱ្យ​ដំណើរ​ការផលិត​សម្បក​កង់​រថយន្ត​របស់​ក្រុមហ៊ុន​ចិន ជេ​នេ​រ៉​ល ថា​យ​អឺរ ថេ​ក​ណូ​ឡូ​ជី (​ខេ​ម​បូ​ឌា​) ឯ​.​ក ដែល​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ ៣០០​ លាន​ដុល្លារ​ នឹង​ជួយ​លើក​កម្ពស់​វិស័យ​កៅស៊ូ ជាពិសេស​គឺ​ការរក្សា​តម្លៃ និង​វិស័យ​យាន​យន្ត​នៅ​កម្ពុជា​។​

​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ជេ​នេ​រ៉​ល ថា​យ​អឺរ ថេ​ក​ណូ​ឡូ​ជី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៨ ខែមីនា ដែល​ក្រុមហ៊ុន​នេះ​បានដាក់​​ទុនវិនិយោគ ៣០០ ​លាន​ដុល្លារ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី ១៨ ហិកតា​ដែលមាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​មាន​សមត្ថភាព​ផលិត​សម្បក​កង់​ក្នុង​ ១ ​ឆ្នាំ គឺ​សម្បក​កង់​តូច ៥​ លាន​គ្រឿង និង​សម្បក​កង់​ឡានធំ​ ៩ ​សែន​គ្រឿង នាំចេញ​ជា​ចម្បង​ទៅកាន់​សហ​រដ្ឋ​អាមេរិក ទ្វីបអឺរ៉ុប ប្រេ​ស៊ី​ល និង​ប្រទេស​ផ្សេងទៀត​។ នេះ​បើ​យោងតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​លោក Gu Cui ប្រធាន​ក្រុមហ៊ុន ជេ​នេ​​រ៉​ល ថា​យ​អឺរ ថេ​ក​ណូ​ឡូ​ជី (​ខេ​ម​បូ​ឌា​) បាន​មានប្រសាសន៍​ក្នុង​ពិធី​នោះ​ថា ការផលិត​ចេញ​សម្បក​កង់​លើកដំបូង​នាពេលនេះ បន្ទាប់ពី​ការសាងសង់​រោងចក្រ​ទី​១​នៅក្នុង​ប្រទេស​ថៃ រយ​:ពេល​ ៣ ​ឆ្នាំ បាន​សាងសង់​ក្រុមហ៊ុន​ទី​ ២ នៅ​កម្ពុជា (​ខេត្ត​ព្រះសីហនុ​)​។​

​លោក​បញ្ជាក់ថា នៅ​កម្ពុជា ក្រុមហ៊ុន​បានដាក់​ទុនវិនិយោគ ៣០០​ លាន​ដុល្លារ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី ១៨​ ហិកតា និង​មាន​សមត្ថភាព​ផលិត​សម្បក​កង់​ក្នុង ​១​ ឆ្នាំ គឺ​សម្បក​កង់​តូច ៥​ លាន​គ្រឿង និង​សម្បក​កង់​ឡានធំ​ ៩ ​សែន​គ្រឿង​។​

​លោក Gu Cui​ ថ្លែងថា​៖ «​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នេះ បានចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ គោលដៅ​បង្កើត​ក្រុមហ៊ុន​ឆ្លាត​វៃ ស្វ័យប្រវត្តិ និង​ព័ត៌មាន​ដោយ​ប្រើប្រាស់​ឧបករណ៍​លំដាប់​ពិភពលោក និង​បច្ចេក​​វិទ្យា​ឈានមុខ​គេ​នៅ​កម្ពុជា​»​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​ជា​អធិប​តី​ភាព​នៅក្នុង​ពិធី​នោះបាន​លើកឡើងថា នេះ​គឺជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់់​ដែល​ក្រុមហ៊ុន​បានជ្រើសរើស​ខេត្ត​របស់លោក​ជាទី​តាំង​ផលិត​។​

​លោក​មានប្រសាសន៍ថា​៖ «​វត្តមាន​ក្រុមហ៊ុន​នៅ​ខេត្ត​ព្រះសីហនុ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​ក្នុង​ខេត្ត ក៏ដូចជា​ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ការ​កើនឡើង​នូវ​បរិមាណ​នាំចេញ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត កំណើន​ចំណូល​ពន្ធដារ និង​ចំណូល​មិនមែន​សារពើពន្ធ​និង​រក្សាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កាលានុវត្តភាព​នៃ​ការវិនិយោគ​ជាតិ និង​អន្តរជាតិ​ផងដែរ​»​។​

​លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ ខែមីនា​ថា រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នេះ​គឺជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា​ដែល​អាច​ផលិត​សម្បក​កង់​រថយន្ត​ដើម្បី​ចែកចាយ​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ លើសពីនោះ​ទៅទៀត វត្តមាន​របស់​រោងចក្រ​នេះ​នឹងចូលរួម​ចំណែក​ដល់​វិស័យ​ដាំ​ដុះ និង​កៅស៊ូ​របស់​កម្ពុជា​ផងដែរ​។​

​លោក​បាន​ថ្លែង​ទៀតថា​៖ «​ចំពោះ​ការវិនិយោគ​នេះ​វា​មាន​សារៈសំខាន់​ណាស់​ដល់​កសិករ​កៅស៊ូ​គ្រួសារ​ក៏​ដូច​ក្រុមហ៊ុន​កែច្នៃ​កៅស៊ូ​ដែលមាន​រោងចក្រ​ផលិត​ផលិតផល​សម្រេច​ក្នុងស្រុក​។ វត្តមាន​រោងចក្រ​នេះ​នឹង​ជួយ​រក្សា​លំនឹង​ថ្លៃ​របស់​កៅស៊ូ និង​បន្ថែម​ទីផ្សារ​ក្នុងស្រុក​»​។​

លោក​ថា បច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​ផលិត​កង់​រថយន្ត​នេះ​ចំនួន​ ២ គឺ​នៅ​ខេត្ត​ស្វាយរៀង​ ១ និង​ខេត្ត​ព្រះសីហនុ​ ១ ​។​

​លោក ម៉ែន សុភ័ក្ត្រ ប្រធាន​ក្រុមហ៊ុន​សុភ័ក្ត្រ​នី​កា ធ្លាប់បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​បាន​កំពុងធ្វើការ​ចរចា​ជាមួយ​រោងចក្រ​ទាំង​២​នេះ​ទាំង​នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ​ដើម្បី​ផ្គត់ផ្គង់​កៅស៊ូ​សម្រាប់​ផលិតកម្ម​រោង​ចក្រ​។ បច្ចុប្បន្ន​ភាគី​របស់លោក​កំពុង​សិក្សា​លម្អិត​អំពី​លក្ខខណ្ឌ​នៃ​តម្រូវការ និង​ស្តង់ដា​គុណភាព​កៅស៊ូ​សម្រាប់​ការផ្គត់ផ្គង់​នេះ​៕