ភ្នំពេញ​: Royal Group Power Company (RGP)​ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន Royal Group ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុង ស្រុក និង​ក្រុមហ៊ុន Keppel Energy ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ​Keppel Infrastructure Holdings Pte (KI) បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ និង​នាំចេញ​ថាមពល សម្រាប់​ការនាំ​ចូល និង​លក់​រយៈពេល​វែង​នៃ​ ១ GW​ នៃ​ថាមពល​កាបូន​ទាប​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ​ពី​កម្ពុជា ក្រោយពី​ទទួល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​សិង្ហ​បុរី​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះ​ហត្ថ​លេខា​នៅ​ប្រទេស​សិង្ហ​បុរី​ កាលពី​ថ្ងៃទី​ ១៥ ខែមីនា រវាង​លោក គិត ម៉េង ប្រធាន ក្រុមហ៊ុន និង​លោកស្រី Cindy Lim អគ្គនាយក​ក្រុមហ៊ុន KI ក្រោម​សក្ខីភាព​របស់លោក Tan See Leng រដ្ឋមន្ត្រី ក្រសួង​ធនធានមនុស្ស និង​រដ្ឋមន្ត្រី​ទី​ ២ ទទួលបន្ទុក​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គ​នាយក​គ្រប់គ្រង​អគ្គិសនី​កម្ពុជា ព្រមទាំង​លោក ងៀ​ម ស៊ី​ឈុន នាយក​ប្រតិបត្តិ EMA​។​

​យោងតាម​ក្រុមហ៊ុន ស្ថិតក្រោម​បទ​ប្ប​ញ្ញ​ត្ដិ ចាំបាច់ និង​ការអនុម័ត​ផ្សេងទៀត ការ​នាំចូល​អគ្គិសនី​កាបូន​ទាប​ទ្រង់ទ្រាយ​ធំ​ពី​ប្រទេស​កម្ពុជា ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់ផ្ដើម​ក្រោយ​ឆ្នាំ ២០៣០​។​

​លោក Ngiam Shih Chun នាយក​ប្រតិបត្តិ​នៃ ​EMA បាន​ថ្លែងថា​៖ «​ការ​យល់ព្រម​ដោយមាន​លក្ខខណ្ឌ​សម្រាប់​ការនាំ​ចូល​អគ្គិសនី​ពី​កម្ពុជា គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​របស់​សិង្ហ​បុរី​ក្នុងការ​នាំចូល​អគ្គិសនី​រហូតដល់​ ៤​ ជី​ហ្គា​វ៉ា​ត់ (GW)​ នៃ​ថាមពល​កាបូន​ទាប​ត្រឹម​ឆ្នាំ​ ២០៣៥​។

​លោក​លើកឡើងថា​៖ «​សិង្ហ​បុរី​ប្តេជ្ញា​កាត់បន្ថយ​ផ្នែក​ថាមពល​របស់​យើង ហើយ​ការ​នាំចូល​អគ្គិសនី​នៃ​អគ្គិសនី​កាបូន​ទាប​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ នឹង​ជួយ​យើង​ឱ្យសម្រេចបាន​នូវ​គោលដៅ​កាបូន​សូន្យ​របស់​យើង​ត្រឹម​ឆ្នាំ ២០៥០»​។​

​លោក ស៊ុយ សែម បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ទាំង​ ២ ​នេះ គឺជា​ផ្នែក​មួយ​នៃ​ក្របខ័ណ្ឌ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ថាមពល​រវាង​កម្ពុជា​-​សិង្ហ​បុរី ហើយ​គម្រោង​នេះ​ត្រូវបាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ ដែលជា​គម្រោង​យុទ្ធ​សាស្ត្រ​ក្នុងការ​ទ្រទ្រង់​ពាណិជ្ជកម្ម​ថាមពល និង​សមាហរណកម្ម​ក្នុង​វិស័យ​ថាមពល​រវាង​រដ្ឋ​សមាជិក​អាស៊ាន រួមមាន​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី និង​ស្របតាម​ផែនការមេ​ត​ភ្ជាប់​សហគមន៍​អាស៊ាន​ឆ្នាំ ២០២៥​។​

​លោកស្រី​ Cindy Lim អគ្គនាយក​ក្រុមហ៊ុន KI​ បានឱ្យដឹងថា ក្រុមហ៊ុន​ Keppel Infrastructure ប្ដេជ្ញាចិត្ត និង​ផ្តោតលើ​ការពង្រីក និង​ធ្វើ​ពិពិធ​កម្មផល​ប​ត្រ​ថាមពល​កកើត​ឡើងវិញ និង​កាបូន​ទាប​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ឧស្ម័ន​កាបូន​នៅ​ទូទាំងប្រទេស និង​តាម​ឧស្សាហកម្ម​។

​លោកស្រី​លើកឡើងថា​៖ «​យើង​សូម​អរគុណ​រដ្ឋាភិបាល​សិង្ហ​បុរី និង​កម្ពុជា​សម្រាប់​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​គម្រោង​នាំចូល​ថាមពល​កាបូន​ទាប​ឆ្លង​កាត់​ព្រំដែន​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន ​Keppel​។ គម្រោង​ជា​យុទ្ធសាស្ដ្រ និង​នវានុវត្តន៍​នេះ នៅពេល​បញ្ចប់​នឹង​ជំរុញ​បង្ហាញ​ថាមពល​ក្នុង​តំបន់ និង​ព​ន្លឿ​ន​កំណើន​ថាមពល​កកើត​ឡើងវិញ​ក្នុង​អាស៊ាន ព្រមទាំង​ជំរុញ​ភាព​ធន់​នឹង​ថាមពល​របស់​តំបន់​មួយ​នេះ​»​។​

​លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន​ RGP ថ្លែងថា​៖ «​ក្រុមហ៊ុន Keppel Energy និង​ក្រុមហ៊ុន Royal Group បានជ្រើសរើស​ធ្វើ​សកម្មភាព​ទ្វេភាគី ដើម្បីព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​ក្នុងការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​នៃ​ប្រទេស​កំណើត​រៀងៗ​ខ្លួន ដោយ​មិន​ត្រឹមតែ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​តាមរយៈ​ការផ្លាស់ប្តូរ​ពី​អគ្គិសនី​ដែល​ពឹង​ផ្អែកលើ​កាបូន​ផងដែរ​។

​លោក​ថ្លែងថា​៖ «​ភាពជោគជ័យ​របស់​យើង នឹងមិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​ទាំង​ ២ របស់​យើង និង​ប្រទេស​ទាំង ​២ ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នឹង​ជំរុញ​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​វិស័យ​ថាមពល នៃ​សហគមន៍​អាស៊ាន​ផងដែរ​។ ទន្ទឹមនឹងនេះ ការអនុវត្ត​ PEA របស់​យើង ក៏​នឹង​ជួយ​សម្រួល​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ថ្នាក់ជាតិ សហគមន៍​អាស៊ាន និង​សកលលោក ដើម្បី​សម្រេចបាន​គោលដៅ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​សូន្យ​រយៈពេល​វែង​។ ខ្ញុំ​ទទួលស្គាល់​ដោយស្មោះ​អស់ពី​ចិត្ត និង​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សិង្ហ​បុរី សម្រាប់​ការគាំទ្រ​ប្រកបដោយ​និរន្តរភាព សម្រាប់​ការចាប់​ផ្ដើមកសាង​គម្រោង​ឆ្លងកាត់​ព្រំដែន​មួយ​នេះ​»៕