
សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា និងសមាគមត្រចៀកកាំរបស់ប្រទេសចិន ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី១៧មីនា។ រូបថត សហការី
ភ្នំពេញៈ សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា និងសមាគមត្រចៀកកាំរបស់ប្រទេសចិន បានឯកភាពគ្នា លើការបង្កើតស្ដង់ដាផលិតផលសំបុកត្រចៀកកាំរួមមួយ សម្រាប់នាំចេញទៅកាន់ទីផ្សារចិននិងអាស៊ាន។ ការព្រមព្រៀងគ្នានេះ ធ្វើឡើងនៅគ្រាដែលរដ្ឋាភិបាលនៃប្រទេសទាំង ២ ខិតខំជំរុញការនាំចេញផលិតផលនេះ ទៅចិននៅក្នុងពេលឆាប់ៗខាងមុខ។
លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បានឱ្យដឹងថា សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា រួមជាមួយ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង ធុង ឈីង (ប្រទេសចិន) និងប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានដឹកនាំសមាជិក និង អាជីវករកម្ពុជា ចូលរួមកិច្ចពិភាក្សាការងារជាមួយគយរបស់ចិន ប្រធានសមាគមក្នុងវិស័យត្រចៀកកាំនៃសាធារណរដ្ឋប្រជាមានិតចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងអាជីករក្នុងវិស័យផលិតផលសំបុកទឹកមាត់ត្រចៀកកាំ កាលពីថ្ងៃទី ១៧ មីនា ដើម្បីជំរុញការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន និងអាស៊ាន។
លោកស្រីបានបញ្ជាក់៖«ជាលទ្ធផលនៃកិច្ចពិភាក្សានេះ រួមមាន ការឯកភាពនៃការរួបរួមគ្នាបង្កើតស្តង់ដាផលិតផលសំបុកត្រចៀកកាំរួមមួយ សម្រាប់ទីផ្សារប្រទេសចិន ក៏ដូចជាក្នុងតំបន់អាស៊ាន ពោលគឺស្ដង់ដារួមនេះ គឺត្រូវពិនិត្យទៅលើកម្រិតសំណើមផលិតផល, ការកំណត់លេខកូដសម្គាល់ផលិតផល, ការកំណត់លេខកូដសម្គាល់ផ្ទះត្រចៀកកាំ និងវិធីសាស្ត្រក្នុងការសម្អាតមេរោគជាដើម»។ ជាងនេះទៅទៀត អគ្គរដ្ឋបាលគយចិន នឹងមានវិធានការក្តៅបំផុត លើផលិតផលសំបុកត្រចៀកកាំខុសច្បាប់ ដើម្បីការពារការប្រកួតប្រជែងសម្រាប់ផលិតផលសំបុកត្រចៀកកាំនាំចូលដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
យ៉ាងណាមិញ ក្នុងកិច្ចពិភាក្សានេះ លោកស្រី វ៉ា សុជិន ក៏បានបញ្ជាក់ឱ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញការគាំទ្រផលិតផលសំបុកត្រចៀកកាំកម្ពុជា ដើម្បីនាំចូលក្នុងទីផ្សារចិននាពេលខាងមុខ ពីព្រោះថា បរិយាកាស និងបរិស្ថាននៅកម្ពុជាល្អ មានភាពអំណោយផល ធ្វើឱ្យផលិតផលសំបុកត្រចៀកកាំកម្ពុជាមានគុណភាពខ្ពស់។
លោកបញ្ជាក់ទៀតថា៖«ជំហានបន្ទាប់ សមាគមអ្នកផលិត នឹងពិភាក្សាគ្នាបន្ថែមលើវិធីសាស្ត្រក្នុងការពន្លឿនអាជ្ញាប័ណ្ណនាំចូលប្រទេសចិន ព្រមទាំងខិតខំជំរុញនិងអភិវឌ្ឍវិស័យត្រចៀកកាំកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត»។
ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លោក មៀវ សុខទ្រី បានប្រាប់ឱ្យដឹងដែរថា ទាក់ទងនឹងស្តង់ដាផលិតផលសំបុកត្រចៀកកាំនេះ កម្ពុជា មិនទាន់មានស្តង់ដាតម្រូវណាមួយ ដែលបានកំណត់នៅឡើយទេ ។ ហេតុដូចនេះលោកបានសំណូមពរដល់រាជរដ្ឋាភិបាល សូមបន្ថែមការយកចិត្តទុកដាក់ក្នុងការបង្កើតស្តង់ដារួមមួយ សម្រាប់អាជីវករផ្នែកកែច្នៃសំបុកត្រចៀកកាំក្នុងការអនុវត្តទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការ ប្រមូលផលិតផលឱ្យបានគ្រប់ចំនួនដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ចិន។
លោកបន្ថែមថា មួយរយៈចុងក្រោយនេះ ក្រសួងកសិកម្ម ក៏មានការខិតខំប្រឹងប្រែងខ្លាំងដែរ ក្នុងការជំរុញឱ្យអ្នកអភិរក្ស អាជីវកម្ម ឬក្រុមហ៊ុននាំចេញផលិតផលត្រចៀកកាំអនុវត្តតាមស្តង់ដាអនាម័យ ដើម្បីអាចទទួលបានការអនុញ្ញាតក្នុងការនាំចេញទៅទីផ្សារចិនជាផ្លូវការ។
លោកបានបញ្ជាក់ដូច្នេះថា៖«បើសិនជារដ្ឋាភិបាលមានគោលនយោបាយត្រឹមត្រូវចំពោះអាជីវករមែន វាជាមុខបរមួយដ៏ល្អ ដោយវានឹងអាចផ្តល់ចំណូលដល់សេដ្ឋកិច្ចយើងច្រើន។ ជាធម្មតា ស្តង់ដា នៃភូតគាមអនាម័យរបស់ផលិតផលត្រចៀកកាំនេះ ចិន គាត់មានស្តង់ដារបស់គាត់គឺ CNCA ។ ដូចនេះក្រោយជំនួបនាពេលថ្មីៗនេះ ខាងគយចិន នឹងអាចរៀបចំក្រុមបច្ចេកទេស ដើម្បីមកត្រួតពិនិត្យមើលសហគ្រាសកែច្នៃផលិតផលសំបុកត្រចៀកកាំ បានអនុវត្តតាមស្តង់ដាដែលគេបានកំណត់ដែរយ៉ាងណា?»។
បើតាមប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ក្រៅពីកិច្ចពិភាក្សាការងារ សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីជាមួយ ក្រុមហ៊ុនប្រមូលចែកចាយផលិតផលត្រចៀកកាំធំជាងគេនៅប្រទេសចិន ព្រមទាំងបានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការទិញលក់ផលិតផលសំបុកត្រចៀកកាំកម្ពុជាផងដែរ។
គួររំឭកថា ក្រសួងកសិកម្មកាលពីខែកក្កដា ឆ្នាំ២០២២ បានរៀចចំក្រុមការងារបច្ចេកទេសសម្រាប់ចរចាបើកទីផ្សារនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ប្រទេសចិនក្រោយពីក្រសួងពិនិត្យឃើញថា កំណើនអ្នកចិញ្ចឹមសត្វត្រចៀកកាំកើនឡើងនិងជាផលិតផលដែលមានតម្លៃល្អ នៅលើទីផ្សារ។ ក្រុមការងារនេះ មានភារកិច្ចរៀបចំឯកសារបច្ចេកទេសសម្រាប់ចរចាបើកទីផ្សារនាំចេញផលិតផលសំបុកត្រចៀកកាំពីកម្ពុជាទៅកាន់ប្រទេសចិន ដោយសហការជាមួយវិស័យឯកជនក្នុងស្រុកនិងក្រៅប្រទេស ដែលមានបទពិសោធន៍។
ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីខែតុលាឆ្នាំ២០២២ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមមជ្ឈមណ្ឌលពាណិជកម្មឯកជនកម្ពុជាប្រចាំទីក្រុងសៀមិន ប្រទេសចិន សម្រាប់ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារចិន ដែលជាជំហានបើកផ្លូវមួយ ក្នុងការនាំចេញផលិតផលត្រចៀកកាំពីកម្ពុជា ទៅទីផ្សារប្រទេសចិន ដែលនឹងជួយឱ្យអ្នកចិញ្ចឹមត្រចៀកកាំក្នុងស្រុកកាន់តែមានលទ្ធភាពពង្រីកខ្លួនកាន់តែច្រើនថែមទៀត៕