ភ្នំពេញៈ វិស័យ​ឯកជន និង​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​កម្ពុជា បាន​លើកឡើងថា ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​កម្ពុជា​-​ប៉ា​គី​ស្ថាន​នឹងមាន​សកម្មភាព​កាន់តែខ្លាំង ជាពិសេស​ការនាំចេញ​ផលិតផល​អាហារ​ហា​ឡា​ល់ពី​កម្ពុជា​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន និង​បណ្តា​ប្រទេស​សហគមន៍​អារ៉ាប់​។​

​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ជា​ម្ចាស់​សហគ្រាស​ផលិត​នំ​ស្រួយ លី​លី លោកស្រី កែវ មុំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​២០ ខែមីនា ថា ប៉ា​គី​ស្ថាន​ជា​ប្រទេស​មាន​ប្រជាជន​កាន់សាសនា​ អ៊ិ​ស្លាម​ ច្រើន ដូច្នេះ​ការបង្កើន​​កិច្ចសហការ​ផ្នែក​នយោបាយ នឹង​ជួយ​ធ្វើឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាពិសេស​ការនាំចេញ​ប្រភេទ​អាហារ​ហា​ឡា​ល់​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន ដែលជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​គោរព​ប្រតិបត្តិ​សាសនា​អ៊ិ​ស្លាម នឹងមាន​​បរិមាណ​កាន់​តែ​ច្រើន​។ ទោះយ៉ាងណា សម្រាប់​ប្រភេទ​អាហារ​ហា​ឡា​ល់ ដែល​អាច​នាំចេញ​បាន គឺ​គេ​ទាមទារ​ឱ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ច្បាស់លាស់​ផងដែរ​។​

​លោកស្រី​ថ្លែងថា​៖«​នៅពេល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២​ កាន់តែ​ប្រសើរ កម្ពុជា​នឹង​មានឱកាស​កាន់តែច្រើន​ក្នុងការ​នាំចេញ​ផលិតផល​របស់ខ្លួន​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន ពិសេស​ផលិតផល​អាហារ​ហា​ឡា​ល់​នឹងមាន​កាន់តែច្រើន​នៅ​ទីនោះ​»​។​

​សម្រាប់​ផលិតផល​នំ​ស្រួយ ​«​លី លី​» លោកស្រី​អះអាងថា មិនទាន់​នាំចេញ​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​ទេ ព្រោះ​មិនមាន​ដៃគូ​ចែកចាយ​នៅ​ទីនោះ ប៉ុន្តែ​សម្រាប់​ពេលអនាគត​ក្រុមហ៊ុន​នឹងសិក្សា​លទ្ធភាព​ពង្រីក​ទីផ្សារ​នាំចេញ​បន្ថែម ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​នាំចេញ​ចំនួន ១៣​ ប្រទេស​រួចមកហើយ ដូចជា អាមេរិក អូស្ត្រាលី នូវ៉ែល​សេ​ឡង់ កូរ៉េ ចិន និង​វៀតណាម ជាដើម​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ការពង្រឹង និង​ពង្រីក​ទីផ្សារ​នៅក្រៅ​ប្រទេស ព្រមទាំង​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​មួយចំនួនទៀត គឺ​បាន​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។ លោក​បន្ថែមថា ក្រៅពីនេះ​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ជាមួយ​ប៉ា​គី​ស្ថាន នឹង​ជួយ​ឱ្យ​ចំនួន​ភ្ញៀវទេសចរ​ប៉ា​គី​ស្ថាន​មក​កម្ពុ​ជាមាន​កាន់តែច្រើន​ផងដែរ​។​

​លោក​និយាយថា​៖«​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ក៏​នឹង​ជួយ​ឱ្យ​ចំនួន​ភ្ញៀវទេសចរ​ប៉ា​គី​ស្ថាន​មក​កម្ពុ​ជាមាន​កាន់តែច្រើន​»​។​

​ទោះយ៉ាងណា លោក វណ្ណៈ បាន​បញ្ជាក់ថា ផ្អែកលើ​ទីតាំង​ភូមិសាស្ត្រ គឺ​លោក​មិនមាន​សុទិដ្ឋិនិយម​ថា ចំនួន​ទឹកប្រាក់​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​ឡើង​ខ្ពស់​ដូច​ប្រទេស​ចិន អាមេរិក ថៃ វៀតណាម ឬ​ជប៉ុន​នោះឡើយ​។​

​នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អ៊ិ​ស្លាម​ប៉ា​គី​ស្ថាន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែមីនា លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា បច្ចុប្បន្ន​វិស័យ​ឯកជន​ (​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​២) កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​ ដែល​កម្ពុជា​កំពុងមាន ដើម្បី​ទាញយក​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​ដោយផ្ទាល់ ឬ​ជា​ក្រុមហ៊ុននាំចេញ ជាដើម​។

លោក​បន្តថា កិច្ចសហការ​ល្អ​នឹង​ផ្តល់ឱកាស​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស​ទាំង​២ តាមរយៈ​ការលើកទឹកចិត្ត​សម្រាប់​ការ​មក​វិនិយោគ ដើម្បី​ពង្រីក​ឱកាស​បណ្តាញ​អាជីវកម្ម​តាមរយៈ​កិច្ចសន្ទនា B2B រួមទាំង​ការផ្គូផ្គង​ពាណិជ្ជកម្ម ការតាំងពិព័រណ៍​ពាណិជ្ជកម្ម ដែល​មានបំណង​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​ពី​តម្រូវការ​ទីផ្សារ​នាំចេញ និង​ជំរុញ​ការបណ្តាក់ទុន​អាជីវកម្ម​រួមគ្នា​។​

​លោក​បន្ថែមថា​៖ «​បច្ចុប្បន្ន​ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​អាស៊ាន​+១ ប្រទេស​កម្ពុជា​ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA)​ ជាមួយ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង ហើយក៏​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង RCEP ដែល​កម្ពុ​ជាមាន​ទីផ្សារ​ដ៏​ធំ​សម្រាប់​វិស័យ​ធុរកិច្ច​។ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៣ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​កម្ពុជា​-​អារ៉ាប់​រួម (CEPA) ទើបតែ​ត្រូវ​បានប្រកាស​ពី​ការបញ្ចប់​ការចរចា​។ ដូច្នេះ វិនិយោគិន​ប៉ា​គី​ស្ថាន ​អាចមក​បណ្តាក់ទុន​នៅ​កម្ពុជា និង​ទាញយក​អត្ថប្រយោជន៍​ពី FTA ទាំងនេះ ដើម្បី​លើកកម្ពស់​ការនាំចេញ​»​។​

​បន្ថែម​ពីលើ​នេះ លោក សូរ​ស័ក្តិ ក៏បាន​ស្នើឱ្យ​ភាគី​ប៉ា​គី​ស្ថាន​ជួយ​ជំរុញ​វិស័យ​ឯកជន​ប៉ា​គី​ស្ថាន ឱ្យមក​ស្វែងយល់​ពី​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ ជាពិសេស​អាហារ​ហា​ឡា​ល ​(Halal) ដើម្បី​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ និង​ចង់ឱ្យមាន​ជើងហោះហើរ​ត្រង់​ពី​ប៉ា​គី​ស្ថាន​មក​កម្ពុជា ដើម្បី​ជំរុញ​ទេសចរណ៍ និង​ការវិនិយោគ​នៃ​ប្រទេស​ទាំង​២​ផងដែរ​។​

​លោក​ថ្លែងថា​៖«​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ​តិចតួច​នៅឡើយ ប៉ុន្តែ​ប្រទេស​ទាំង​២​នៅតែមាន​វិស័យ​សក្តានុពល​ជាច្រើន ដើម្បី​ធ្វើឱ្យ​រីកចម្រើន​ទាក់ទង​នឹង​ពាណិជ្ជកម្ម និង​ការវិនិយោគ​»​។​

​លោក​បញ្ជាក់ថា ក្នុងនាម​ក្រសួងពាណិជ្ជកម្ម គឺ​លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត និង​មន្ត្រីការទូត​ប៉ា​គី​ស្ថាន សំដៅ​បន្ត​កិច្ចសហប្រតិបត្តិការ ដើម្បី​ឈានដល់​ការសម្រេចបាន​នូវ​សមិទ្ធផល​ដែល​ប្រទេស​ទាំង​២​ចង់បាន​៕