
លោកស៊ុន ចាន់ថុល ពេលចុះពិនិត្យការសាងសង់នៅច្រកស្ទឹងបត់។ រូប ក្រសួងសាធារណការ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានព្រមានផាកពិន័យចំពោះក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែនស្ទឹងបត់ ប្រសិនបើក្រុមហ៊ុនសាងសង់មិនគោរពកិច្ចសន្យា។ ការព្រមានបែបនេះធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រីចុះពិនិត្យនៅការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជានិងថៃ (ស្ទឹងបត់បាណងអៀន) នៅថ្ងៃទី ២០ ខែមីនា។
រដ្ឋមន្ត្រីក្រសួងសាធារណការអះអាងថា លោកសង្ឃឹមតិចណាស់ដែលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់បាណងអៀន អាចរួចរាល់ក្នុងខែ ៥។ លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រុមមន្ត្រីជំនាញរបស់ក្រសួងសាធារណការ បានពិនិត្យរួចហើយ ឃើញថា ទោះជាក្រុមហ៊ុនសាងសង់ទទួលបានថវិកាគ្រប់ចំនួន សម្រាប់ការសាងសង់ក៏ដោយ ក៏លោកមិនមានការជឿជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជានិងថៃមួយនេះ អាចបញ្ចប់តាមការកំណត់ដែរ ដោយសារក្រុមហ៊ុនសាងសង់ធ្លាប់បានពន្យារពេល៣លើកមកហើយ ដែលគម្រោងត្រូវបញ្ចប់តាំងពី ១ ឆ្នាំកន្លះមុនមកម្ល៉េះ។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើក្រុមហ៊ុននៅបន្តពន្យារពេលបន្ថែមលើសរយៈពេលដែលក្រសួងបានកំណត់ នឹងទទួលការផាកពិន័យ។ ដោយសារយើងយោគយល់បញ្ហាកូវីដ ១៩ ទើបយើងឯកភាពជូនគាត់ ដោយពន្យារដល់ខែ ៥ ហើយយើងចាំមើលថា ខែ៥នេះខាងក្រុមហ៊ុនធ្វើបានប៉ុន្មានភាគរយ។ប៉ុន្តែសូមជម្រាបថាឥឡូវនេះរថយន្តទាំងអស់ត្រូវឆ្លងកាត់ច្រកនេះជាបណ្តោះអាសន្នវិញ ដោយសារច្រកប៉ោយប៉ែតមានអគ្គិភ័យ។ គោលដៅធំក្នុងការសាងសង់ស្ពាននៅច្រកស្ទឹងបត់នេះតភ្ជាប់ផ្លូវជាតិលេខ ៥ នេះ គឺដើម្បីបញ្ចៀសការកកស្ទះនៅប៉ោយប៉ែត មានន័យថា ទំនិញត្រូវចូលតាមច្រកស្ទឹងបត់បាណងអៀន ហើយអ្នកដំណើរចូលតាម ច្រកប៉ោយប៉ែត»។
លោកបន្តថា កន្លងទៅ ភាគីកម្ពុជាបានទទូចជាយូរមកហើយ ដោយស្នើសុំឱ្យភាគីថៃបើកច្រកនេះបណ្តោះអាសន្នសិន បើទោះបីជាមិនទាន់បញ្ចប់ការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យនៃប្រទេសទាំង ២ ក៏ដោយ ប៉ុន្តែស្ពានបានសាងសង់រួចរាល់ហើយ ដោយមានការគាំទ្រពី JICA ផង ប៉ុន្តែភាគីថៃមានការលំបាកច្រើនលើការអនុវត្តនីតិវិធី។
តែបច្ចុប្បន្ន ភាគីថៃបានអនុញ្ញាតហើយ ក្រោយច្រកប៉ោយប៉ែតមានអគ្គិភ័យ។លោកបានបញ្ជាក់ទៀតថា៖ «បើតាមមន្ត្រីច្រកស្ទឹងបត់រាយការណ៍មកខ្ញុំ រថយន្តទំនិញចេញតាមច្រកនេះងាយស្រួលជាងច្រកប៉ោយប៉ែត ដោយចំណេញពេលវេលាដល់ទៅ ៣ ម៉ោង ព្រោះគ្មានការកកស្ទះចរាចរណ៍។ នេះហើយជាគោលដៅធំរបស់សម្តេចតេជោហ៊ុន សែន គឺកិច្ចសហការជាមួយភាគីថៃ បើកច្រកទ្វារស្ទឹងបត់បាណងអៀននេះ ដើម្បីបញ្ចៀសការកកស្ទះ ដូចនេះច្រកនេះមានសារៈសំខាន់ណាស់។បើគ្មានច្រកនេះគឺនឹងមិនអាចមានទំនិញចេញចូលរវាងកម្ពុជា-ថៃ (អារញ្ញប្រាថេត) នោះទេ ព្រោះច្រកប៉ោយនោះមានអគ្គិភ័យឆេះទៅហើយ»។
លោកអះអាងថា ក្រសួងនឹងខិតខំពិភាក្សាជាមួយភាគីថៃឱ្យជំរុញនីតិវិធីរបស់ខ្លួនដើម្បីបើកថវិកាជូនអ្នកសាងសង់ឱ្យបានទាន់ពេលវេលា ដើម្បីជំរុញឱ្យច្រកព្រំដែនអន្តរជាតិបញ្ចប់ការសាងសង់បានទាន់ពេលវេលា។
ភាគីក្រុមហ៊ុនសាងសង់បានអះអាងប្រាប់លោករដ្ឋមន្ត្រីថា ដំណើរការសាងសង់ច្រកទ្វារអន្តរជាតិនេះសម្រេចបានជាង ៨០ ភាគរយហើយ ដែលគ្រោងនឹងរួចរាល់ ១០០ ភាគរយ ចុងខែឧសភា ខាងមុខ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាលោក ស៊ិន ចន្ទី បានថ្លែងថា ក្រោយមានការអនុញ្ញាតឱ្យបើកច្រកនេះជាបណ្តោះអាសន្នមក បានធ្វើឱ្យចរាចរណ៍ដឹកទំនិញរវាងកម្ពុជា និងថៃកាន់តែមានភាពងាយស្រួល លឿនរហ័ស និងមិនមានការកកស្ទះដូចការដឹកទំនិញចេញចូលតាមច្រកប៉ោយប៉ែតទេ។
លោកបានបញ្ជាក់ថា៖ «ការបើកច្រកស្ទឹងបត់បាណងអៀនជាបណ្តោះអាសន្ន បានធ្វើឱ្យការដឹកជញ្ជូនកាន់តែប្រសើរឡើង ហើយសកម្មភាពដឹកជញ្ជូននឹងលឿនរហ័សជាងមុន ចំណេញពេលវេលា និងជំរុញឱ្យការដោះដូរទំនិញរវាងកម្ពុជា និងថៃកាន់តែមានកំណើន។ យើងរំពឹងថា នៅពេលច្រកនេះបើកដំណើរការជាផ្លូវការ លំហូរចេញចូលទំនិញរវាងកម្ពុជា និងថៃ កាន់តែមានកំណើនបន្ថែមទៀត»។
តាមរបាយការណ៍ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ ក្នុងរយៈ ២ ខែ ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ សម្រេចបានជិត ៦៥៧ លានដុល្លារ ថយចុះជិត ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២៕