ក្តីបារម្ភ​និង​ការរំពឹង​សម្រាប់​បច្ចុប្បន្ន​និង​អនាគត​ពិភពលោកថា ​តើ​អ្វី​ទៅជា​ចំណោទបញ្ហា​សកល​ដែល​យើង​គ្រប់គ្នា​កំពុង​ប្រឈម និង​ផ្តោត​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​? ដូចនេះ​យើង​ត្រូវធ្វើ​ការថ្លឹងថ្លែង​រវាង​ការរីកលូតលាស់​នៃ​ពាណិជ្ជកម្ម និង​កត្តាបរិស្ថាន​។

​យ៉ាងណា​មិញ កិច្ចការពារបរិស្ថាន​ជាការ​ងារ​ដែល​ស្ថិតក្នុង​ចំណោម​ការងារ​អាទិភាព​ចម្បងៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទោះបីជា​បច្ចុប្បន្ន ប្រទេស​កម្ពុជា​បាន​ចូលរួមចំណែក​ត្រឹមតែ ០,០២% ក្នុងការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជា​សកល​ក៏ដោយ ក៏​ប្រទេស​នេះ​ជា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​យ៉ាងខ្លាំង​ផងដែរ​។ ប្រទេស​កម្ពុជា​អាច​ជួបប្រទះ​គ្រោះ​ទឹក​ជំនន់ និង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ដែលមាន​ផលប៉ះពាល់​ចំពោះ​ផលិតកម្ម​ស្បៀងអាហារ ជា​ពិ​សេស​ដំណាំ​ស្រូវ​។

​នៅក្នុង​ខែមីនា ឆ្នាំ​ ២០១៣ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​បៃតង (National Policy on Green Growth) ​ក្នុង​គោលបំណង​អភិវឌ្ឍ​សេដ្ឋ​​កិច្ច​ជាតិ​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ដែល​បំ​ភាយ​កាបូន​ទាប​។ ដោយមាន​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដ៏​សមស្រប ទីផ្សារ​មូលធន​ពិតជា​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រមូល​មូល​ធន​ឯកជន សម្រាប់​ការ​វិ​និ​យោគ​ប្រកបដោយ​និរន្តរភាព​។

​ទោះបីជា​ទីផ្សារ​ភាគហ៊ុន​ស្ថិត​នៅ​ដំណាក់កាល​ចាប់ផ្តើម​នៃ​ទីផ្សារ​សញ្ញា​បណ្ណ​សាជីវកម្ម ដោយមាន​សញ្ញា​បណ្ណ​ចុះបញ្ជី និង​វិនិយោគិន​ចូលរួម​ក្នុង​ទីផ្សារ​នៅមាន​ទំហំ​តិចតួច​នៅឡើយ ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅតែ​បន្ត​បេសកកម្ម​ផ្សព្វផ្សាយ និង​លើក​ទឹកចិត្ត​ទៅដល់​ក្រុមហ៊ុន​សក្តា​​នុព​ល​ទាំងឡាយ អាច​ពិចារណា​ដោយ​ជ្រើសរើស​នូវ​ប្រភព​ហិរញ្ញប្បទាន​ថ្មី​នេះ​ក្នុង​ការធ្វើ​ពិពិធ​កម្ម​មូលធន​របស់ខ្លួន​។

​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២២ កន្លងទៅនេះ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តីពី​ការលើកទឹកចិត្ត​ពន្ធដារ​ក្នុង​វិស័យ​មូល​ប​ត្រ ដើម្បី​លើកទឹកចិត្ត​ក្រុម​ហ៊ុន​ឱ្យចូល​ក្នុង​ទីផ្សារ​មូលធន​។ សំខាន់​ជាងនេះទៀត អត្ថ​​ប្រយោជន៍​ពន្ធ​ផ្សេងទៀត​អាច នឹង​ទទួលបាន ប្រសិនបើ​ទឹក​ប្រាក់​ដែល​ទទួលបាន​ពី​ការបោះ​ផ្សាយ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​អភិវឌ្ឍ​បែប​បៃតង និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ក៏ដូចជា​ការអភិវឌ្ឍ​នៅក្នុង​វិស័យ អាទិភាព​ណាមួយ​ផងដែរ​។

​ជាមួយគ្នានេះដែរ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី បានដាក់ចេញ​នូវ​គោលការណ៍​ណែនាំ លម្អិត​សម្រាប់​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​បៃតង​កាលពី​ខែកក្កដា ឆ្នាំ ​២០២២ កន្លងទៅ នេះ ដើម្បី​ជា​ជំនួយ​ដល់​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ និង​ក្រុមការងារ​បោះផ្សាយ​ឱ្យ​យល់ដឹង​កាន់តែច្បាស់​អំពី​ដំណើរការ និង​ចំណុច​ពិចារណា​គន្លឹះ​សម្រាប់​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​បៃតង​ផងដែរ​។ សញ្ញា​បណ្ណបៃតង និង​ឧ​បក​ណ៍​ហិរញ្ញវត្ថុ​និរន្តរភាព​ដទៃទៀត កំពុងតែ មាន​តម្រូវ​ការកើនឡើង​យ៉ាង​ខ្លាំង​។

​សាច់ប្រាក់​ដែល​បាន​ពី​ការ​កៀរគរ​ទុន​នៃ​សញ្ញា​បណ្ណ​បៃតង​ត្រូវ​ចំណាយ​ទៅលើ​គម្រោងបៃតង និង​ពង្រីក​គម្រោង​ថ្មីៗ ដែល​ផ្តល់​អត្ថប្រយោជន៍​ទៅ​បរិស្ថាន និង​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​។ ភាពជា​បៃតង អាច​រួមបញ្ចូល​ថាមពល​កកើត​ឡើងវិញ ការប្រើប្រាស់​ធនធាន​ប្រកបដោយ​និរន្តរភាព ការ​អភិរក្ស ការដឹកជញ្ជូន​មិន​បង្ក​កង្វក់​បរិស្ថាន និង​ការ​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាស​ធាតុ​។

អគារ VTrust Tower ដែលជាស្នាក់កណ្តាលក្រុមហ៊ុន Golden Tree ស្ថិតនៅខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ រូបថត ផមក

​នៅក្នុង​សេដ្ឋកិច្ច​បៃតង កំណើន​ការងារ និង​ប្រាក់ចំណូល​ត្រូវបាន​ជំរុញ​ដោយ​ការ វិនិយោគ សាធារណៈ និង​ឯកជន​ទៅក្នុង​សកម្មភាព​សេដ្ឋកិច្ច ហេ​ដ្ឋា​រចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​ដែល​កាត់បន្ថយ​ការបញ្ចេញ កាបូន និង​ការបំពុល ការបង្កើន​ប្រសិទ្ធភាព​ថាមពល និង​ធន​ធាន ព្រមទាំង​ការទប់ស្កាត់​ការ បាត់បង់​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​។

សញ្ញា​បណ្ណ​បៃតង គឺ​សំដៅ​ទៅលើ​ការបោះ​ផ្សាយ មូល​ប​ត្រ​បំណុល ឬ​សញ្ញា​បណ្ណ ជា​លក្ខណៈ​បៃតង ដែល​ក្រុមហ៊ុន​បោះផ្សាយ​អាចធ្វើ​ការ​ជ្រើស​រើស​នូវ​ក្របខ័ណ្ឌ​មួយ​ក្នុង​ចំ​ណោម ៤ ​ក្របខ័ណ្ឌ​ខុសៗ​គ្នា​រួមមាន​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប (NextGenerationEU Green Bond framework), គោលការណ៍​សញ្ញា​បណ្ណ​បៃតង (Green Bond Principles), ស្តង់ដា សញ្ញា​បណ្ណ​បៃតង​អាស៊ាន (ASEAN Green Bonds Standard) and គំនិត​ផ្តួចផ្តើម​សញ្ញា​បណ្ណ​អា​កាស​ធាតុ (Climate Bonds Initiative)​។

​ក្របខ័ណ្ឌ​ទាំងនេះ ចែង​ពី​ការកំណត់​អត្តសញ្ញាណ និង​លក្ខខណ្ឌ​បែបណា​ដែល​ហៅថា អាជីវកម្ម​បៃតង​ដែល​អាច​ធ្វើការ​បោះផ្សាយ និង​ចុះ​បញ្ជី នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន ដើម្បី​ដើរ​ស្របទៅនឹង​ផែនការ បរិស្ថាន សង្គម និង​អភិ​បាល​កិច្ច​សាជីវកម្ម (ESG)​។ ជាមួយ​សមិទ្ធផល​ថ្មី​នេះ ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ចូលរួម និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹង​​ប្រែង​ជាស​កល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាស​ធាតុ និង​បាន​ចូលរួម​ក្នុងការ​​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ​ប្រកប​ដោយ​និរន្តរភាព​ផងដែរ​។

​ដូច្នេះ ក្រុមហ៊ុន​សក្តានុពល​អាច​ធ្វើការ​កៀរគរ​ទុន​ពីសា​ធារ​ណ​ជន​ក្នុង​ទម្រង់​ជា​សញ្ញា​បណ្ណ បៃតង ជាមួយនឹង​វិនិយោគិន​ស្ថាប័ន​អាច​ចាប់ផ្តើម​បញ្ចូល​កត្តា ESG ទៅក្នុង​ការសម្រេចចិត្ត​ធ្វើការ​វិនិយោគ​របស់​ពួកគេ ដើម្បី​ចូលរួម​លើកស្ទួយ​បរិស្ថាន និង​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ផ្លាស់ ប្តូរ​ទៅកាន់​សេដ្ឋកិច្ច​ដែលមាន​ការ​បំ​ភាយ​កាបូន​ទាប និង​មាន​ភាព​ធន់​នឹង​អាកាស​ធាតុ​៕

រៀបរៀង​ដោយ​៖ ផ្សា​រមូល​ប​ត្រ​កម្ពុជា នាយកដ្ឋាន ចុះបញ្ជី និង​ផ្តល់ព័ត៌មាន​

អ៊ី​មែ​ល​៖ listing@csx.com.kh ទូរស័ព្ទ​៖ 023 95 88 88/ 023 95 88 85

សេចក្តីប្រកាស​៖ អត្ថបទ​នេះ​ត្រូវ បាន​ចងក្រង​ក្នុង​គោលបំណង​ផ្តល់​ជា​ព័ត៌មាន និង​ការអប់រំ​ប៉ុណ្ណោះ​ដោយ​មិន​ផ្តល់​អនុសាសន៍​ណាមួយ ទាក់ទង​នឹង​ការវិនិយោគ​ទេ​។ ផ្សា​រមូល​ប​ត្រ​កម្ពុជា​មិន​ទទួលខុសត្រូវ​រាល់​ការបាត់បង់ ឬ​ខូចខាត​ណាមួយ​ដែល​កើតឡើង​ពី​ការប្រើប្រាស់​អត្ថបទ​នេះឡើយ​។