​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ​(NBC)​ បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល សាធារណជន ម្ចាស់​អាជីវកម្ម និង​វិស័យ​ឯកជន​បន្ត​រួមគ្នា​ប្រើ​ប្រាស់​ប្រាក់រៀល​ក្នុងការ​ទូទាត់​ដើម្បី​ចូលរួម​កាត់បន្ថយ​ដុល្លា​រូបនីយកម្ម ជាពិសេស​ការ​អនុ​វត្ត​នយោបាយ​រូបិយវត្ថុ​សំដៅ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​។​

​លោកស្រី ជា សិរី ទេ​សា​ភិ​បាល​រង​នៃ NBC បាន​ថ្លែង​នៅក្នុង​ខួប​លើក​ទី៤៣ នៃ​ការដាក់ឱ្យ​ច​រា​ចរណ៍​ប្រាក់រៀល​ឡើងវិញ​នៅ​ថ្ងៃទី​ ២០ ខែមីនា​ថា ចាប់ពី​ឆ្នាំ​ ១៩៩៨ មក​អត្រា​ប្តូរប្រាក់​មាន​កម្រិត​មធ្យ​ម គឺ ៤ ០៣៦ ​រៀល​ ក្នុង ​១ ​ដុល្លារ ដោយ​ប្រែប្រួល​ក្នុង​រង្វង់ ១ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។ ស្ថិរភាព​តម្លៃ​ប្រាក់រៀល​បានបង្ហាញ​ពី​សុខភាព​ល្អ​នៃ​សេដ្ឋកិច្ចកម្ពុជា និង​ការអភិវឌ្ឍ​ដ៏​រឹងមាំ ដែល​ធ្វើឱ្យ​ប្រជាជន និង​វិនិយោគិន​មាន​ជំនឿ​ទុកចិត្ត​កាន់តែ​រឹងមាំ​មកលើ​ប្រាក់​​រៀល និង​អនាគត​នៃ​សេដ្ឋកិច្ចកម្ពុជា​។​

​លោកស្រី​បន្តថា ការគ្រប់គ្រង​ចរាចរ​ណ៍​ប្រាក់រៀល​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​បំពេញតម្រូវការ​ប្រាក់រៀល​នៅ​ទូទាំងប្រទេស​។​

​លោកស្រី​និយាយថា​៖ «​ការប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន នឹង​ផ្តល់​លទ្ធ​​ភាព​ដល់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ និង​អត្រា​ប្តូរប្រាក់​កាន់តែ​មាន​ប្រសិទ្ធភាព ពិសេស​ការកំណត់​អត្រា​ការប្រាក់​គោល និង​ការ​ផ្តល់​សាច់ប្រាក់​បន្ថែម​ដល់​សេដ្ឋកិច្ច​ដែល​អាចមាន​ឥទ្ធិពល​ទៅលើ​អត្រា​ការប្រាក់​ទីផ្សារ ការវិនិយោគ និង​ផលិតកម្ម និង​ឈានទៅ​ជំរុញឱ្យមាន​ការបង្កើត​ការងារ​និង​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាជន​។ ប្រាក់រៀល គឺជា​រូបិយវត្ថុ​ជាតិ​របស់​យើងទាំងអស់គ្នា ដូច្នេះ​ការចូលរួម​ប្រើប្រាស់​ប្រាក់រៀល ពិតជា​បានរួម​ចំណែក​ដោយផ្ទាល់ និង​ប្រយោល​ដល់​កិច្ចការពារ និង​ពង្រឹង​អធិបតេយ្យ​សេដ្ឋកិច្ច អត្តសញ្ញាណ​​ជាតិ សាមគ្គីភាព និង​ការរីកចម្រើន​សេដ្ឋកិច្ច និង​សង្គម​»​។​

​លោកស្រី​បន្តថា កម្រិត​ដុល្លា​រូប​នី​យ​កម្ម​ខ្ពស់​នៅ​កម្ពុជា​បានដាក់​កំហិត​ដល់​ប្រសិទ្ធភាព​នយោបាយ​រូបិយវត្ថុ ដោយ​​សារ NBC អាចមាន​ឥទ្ធិពល​តែ​ទៅលើ​ការផ្គត់ផ្គង់​ប្រាក់រៀល​ប៉ុណ្ណោះ ខណៈ​ប្រាក់​ដុល្លារ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ធនាគារកណ្តាល​អាមេរិក​។

​លោកស្រី​លើកឡើងថា​៖ «​ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន​/​សហគ្រាស ម្ចាស់​អាជីវកម្ម ប្រជាពលរដ្ឋ​ទូទៅ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​រួមចំណែក​ប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ប្រតិបត្តិការ​របស់ខ្លួន ដូចជា​តាមរយៈ​ការទូទាត់ ការ​បិទ​ស្លាក​តម្លៃ​ទំនិញ និង​សេវា​នានា ការ​ផ្តល់​ឥណទាន និង​ការ​សន្សំ​ជា​ប្រាក់​រៀល ព្រមទាំង​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ឱ្យបាន​ច្រើន​ចំពោះ​ការប្រើ​ប្រាក់រៀល​ដែលជា​រូបិយវត្ថុ​ជាតិ​របស់​យើង​»​។​

​លោក ស្រ៊ុន សុភ័ក្ត្រ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បានធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​នោះ​ថា ប្រទេស​កម្ពុ​ជា មាន​បញ្ហា​ពិសេស​មួយ គឺ​ការប្រើ​រូបិយប័ណ្ណ​ ២ គឺ​ប្រាក់រៀល និង​ដុល្លារ​អាមេរិក​ដែល​ដំណើរការ​ស្របគ្នា​ក្នុង​ចរន្ត​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រយៈពេល​ជិត ៣ ​ទស​​វត្សរ៍​មកហើយ​។ លោក​បន្តថា សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​ដោយ​ប្រាក់​ដុល្លារ​ជា​បន្ត អាច​ប៉ះពាល់​ទៅដល់​អធិបតេយ្យភាពរ​បស់​កម្ពុជា ដើម្បី​ដាក់ចេញ​នូវ​គោល​នយោបាយ​រូបិយវត្ថុ​ដែលមាន​មូលដ្ឋាន​ទូលំទូលាយ ខណៈ​ជោគវាសនា​ដុល្លារ​ពឹងផ្អែក​លើ​ធនាគារកណ្តាល​អាមេរិក​។​

​លោក​បាន​ថ្លែងថា​៖ «​ឥឡូវនេះ​អាចជា​ពេលវេលា​អំណោយផល​ក្នុងការ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​របៀបវារៈ​របស់រ​ដ្ឋា​ភិ​បាល ខណៈ​ប៉ារ៉ាម៉ែត្រ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​កម្ពុជា​បង្ហាញថា ទីផ្សារ​បច្ចុប្បន្ន គឺ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​រូបិយប័ណ្ណ​ជាតិ​ដើម្បី​ធ្វើជា​មធ្យោបាយ​ចម្បង​ក្នុងការ​ទូទាត់​»៕