ភ្នំពេញៈ កម្ពុជា​បានប្រកាស​ដាក់ឱ្យអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធារ​ណៈ ដំណាក់កាល​ទី​៤ «​គណ​នេ​យ្យ​ភាព​សមិទ្ធកម្ម​» (២០២៣-២០២៧) ខណៈ​កម្មវិធី​នេះ​ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកជា​សមាសភាគ​ដ៏​សំខាន់​សម្រាប់​ធានាបាន​វឌ្ឍនភាព​ជាតិ​តាម​បង្គោល​ចរ​ឆ្នាំ​ ២០៣០ និង​ឆ្នាំ​ ២០៥០​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ «​គណនេយ្យ​​ភាព​សមិទ្ធកម្ម​»​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​ថ្ងៃទី ២០ ខែមីនា លោក ហ៊ុន សែន បានឱ្យដឹងថា ការរស់រាន​របស់​ក​ម្ពុ​ជា​ឈាន​មកដល់ពេលនេះ គឺ​បានមក​ដោយ​ការធ្វើកំណែទម្រង់ ក្នុងនោះ​មាន​កំណែទម្រង់​ចំនួន ២​ សំខាន់ ​(​ក្នុងពេល​លោក​ដឹក​​នាំ​) គឺ​ការកែទម្រង់​ខាង​ន​យោ​បាយ ​(​ដោះស្រាយ​ជម្លោះ​តាមរយៈ​ការចរចា​រក​សន្តិភាព​) និង​កំណែទម្រង់​ខាង​សេដ្ឋកិច្ច (​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​)​។ លោក​បន្តថា ការកែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធារ​ណៈ រយៈពេល​ប្រមាណ ​២ ទសវត្សរ៍​មកនេះ​បាន​ជួយ​ឱ្យ​កម្ពុជា​អាចបង្កើត​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ទាំង​សមិទ្ធផល​ក្នុងការ​កែលម្អ​អភិបាលកិច្ច​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​សមិទ្ធផល​ក្នុង​ទិដ្ឋភាព​នៃ​ការរីក​ចម្រើន​ផ្នែក​សង្គម​សេដ្ឋកិច្ចកម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយនឹង​សមិទ្ធកម្ម​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឬ​ថវិកាជាតិ​រយៈពេល ២០ ​ឆ្នាំក្រោយ ចំណូល​ថវិកាជាតិ​ក្នុង​ឆ្នាំ​ ២០២៣ ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​រហូតដល់ ៣២,៩៣៦​ ប៊ី ​(​ពាន់​)​ លាន​រៀល រីឯ​ចំណាយ​ថវិកាជាតិ​សរុប​មាន​ប្រមាណ ៤១,៥៣៧ ​ប៊ី​លាន​រៀល​។ សូចនាករ​សមិទ្ធកម្ម​ដ៏​ល្អប្រសើរ​នេះ គឺជា​ឃ្នា​ស់​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​មួយ​ដែល​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​កំណើន និង​បន្ត​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់​រហូតដល់​សម្រេច​បាន​ចំណាត់​ថ្នាក់​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​ ២០១៥ និង​កំពុង​បោះជំហាន​ប្រកបដោយ​ភាពជឿជាក់​ទៅកាន់​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០»​។​

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​ដំណាក់​កាល​ទី​៤ ​ដែល​យើង​កំពុង​ប្រកាស​ឱ្យ​ចាប់ផ្តើម​អនុវត្ត​នាពេលនេះ ត្រូវបាន​គ្រោង​ចាប់​អនុវត្ត​ពី​ឆ្នាំ​ ២០២៣ នេះ​រហូតដល់​ឆ្នាំ​ ២០២៧ ដែលមាន​គោល​ដៅ​គន្លឹះ​សំដៅលើ​ការបង្កើន​គណ​នេ​យ្យ​ភាព​សមិទ្ធកម្ម​។ បុព្វហេតុ​ឯក​រាជ្យ និង​អធិបតេយ្យ​ជាតិ សមិទ្ធកម្ម​ដ៏​ល្អ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ​បាន​ពង្រឹង​ឱ្យ​កាន់តែ​មាំមួន​ឡើង​នូវ​ភាពជា​ម្ចាស់ និង​តួ​​នាទី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទទួលខុសត្រូវ​លើ​ជោគវាសនា​របស់​ប្រទេសជាតិ ដោយបាន​កាត់បន្ថយ​ការពឹង​ពាក់​លើ​ការខ្ចី​ពី​ក្រៅប្រទេស ដែល​បច្ចុប្បន្ន​ការខ្ចី​ពី​ក្រៅប្រទេស​ប្រ​ចាំ​ឆ្នាំមាន​ទំហំ​មិន​ស្មើនឹង ២០ ​ភាគរយ​នៃ​ថវិកាជាតិ​សរុប​នោះទេ​»​។​

​បើតាម​លោក ហ៊ុន សែន កាលពី ៣០ ​ឆ្នាំមុន ចំណូល​នៅក្នុង​ស្រុក​ដែល​កម្ពុជា​រកបាន​ដោយ​ខ្លួនឯង មាន​ត្រឹម​ប្រមាណ​ ១/៣ នៃ​ថវិកាជាតិ​សរុប នេះ​មានន័យថា តម្រូវការ​ប្រមាណ ២/៣​ នៃ​ថវិកាជាតិ​ត្រូវបាន​ដោះស្រាយ​ដោយ​ប្រភពធនធាន​ជា​ជំនួយ​ហិរញ្ញវត្ថុ​ពី​ក្រៅប្រទេស​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើងថា សមិទ្ធផល​រយៈពេល​ជិត ២០ ឆ្នាំ​មកនេះ គឺ​បង្ហាញថា​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងធ្វើដំណើរ​នៅលើ​មាគ៌ា​ត្រឹមត្រូវ​ក្នុងការ​ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​ដែល​បានកំណត់​។ ជោគ​ជ័យ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​បានផ្ដល់​ផល​ជា​បណ្តើរៗ លើ​ការពង្រឹង​គុណភាព​ «​អភិបាលកិច្ច​​ល្អ​» និង​ការកសាង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​រឹងមាំ​មួយ ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​អាច​លើកកម្ពស់​ជីវភាព និង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាជន​កាន់តែ​ប្រសើរ តាមរយៈ​ការអភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែ​មានគុណ​ភាព​, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​ន្ត​ចាំបាច់​នានា​ដូចជា ប្រព័ន្ធ​គម​នា​គម​ន៍​, ប្រព័ន្ធធារាសាស្ត្រ និង​អគ្គិសនី​, ការកសាង​សាលារៀន និង​មន្ទីរពេទ្យ បាន​កាន់តែច្រើន និង​មាន​គុណភាព​កាន់តែ​ប្រសើរ​ឥតឈប់ឈរ​។​

​លោក​អះអាងថា​៖ «​យើង​នឹង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត​នៅក្នុង​ការអនុវត្ត​ដំណាក់កាល​ទី​ ៤ នេះ​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​កម្ពុជា ឱ្យ​ឆ្លើយតប​តាម​ស្តង់ដា និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ ដែលជា​សមាសភាគ​ដ៏​សំខាន់​មួយ​សម្រាប់​ធានាបាន​វឌ្ឍនភាព​ជាតិ​តាម​បង្គោល​ចរ​ឆ្នាំ ​២០៣០ និង ​២០៥០»​។​

​បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារ​ណៈ បាន​ឈាន​មកដល់​ដំណាក់​កាល​ទី ​៤ ដែលជា​ដំណាក់កាល​ចុង​ក្រោយ បន្ទាប់ពី​ដំណាក់កាល​ទី​ ១ ​ត្រូវបាន​អនុវត្ត​ពី​ចុងឆ្នាំ​ ២០០៤ ដល់​ឆ្នាំ​ ២០០៨ ដោយ​ផ្តោតលើ ​«​ការពង្រឹង​ភាពជឿ​ទុកចិត្តបាន​នៃ​ថវិកា​, ដំណាក់​កាល​ទី​ ២ អនុវត្ត​ពី​ឆ្នាំ​ ២០០៩ ដល់​ឆ្នាំ​ ២០១៥ «​ការពង្រឹង​គណនេយ្យភាព​ហិរញ្ញវត្ថុ​» និង​ដំណាក់កាល​ទី​ ៣ ត្រូវបាន​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០២២ «​ការផ្សារភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ​»៕