
ឡូហ្គោរបស់ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិត Amazon របស់អាមេរិកនៅឯមជ្ឈមណ្ឌលចែកចាយនៅ Moenchengladbach ភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩។ AFP
ក្រុមហ៊ុនAmazon កាលពីថ្ងៃចន្ទ បានប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ៩ ០០០ នាក់បន្ថែមទៀតនាប៉ុន្មានសប្តាហ៏ក្រោយនេះ បន្ទាប់ពីបានបញ្ឈប់កម្លាំងធ្វើការខ្លួនអស់ជាង ១៨ ០០០ នាក់មកហើយ កាលពីប៉ុន្មានខែមុន។ នេះបើយោងទៅតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន លោក Andy Jassy។
ការបញ្ឈប់កម្លាំងបុគ្គលិកនេះ ជាការបញ្ឈប់ដ៏ធំមួយបើរាប់ចាប់តាំងពីខែមករាមក នេះគឺជាលើកទី២នៅក្នុងប្រវត្តិ សាស្រ្តរបស់ខ្លួន ដែលបុគ្គលិកភាគច្រើនសុទ្ធសឹងតែជាអ្នកចូលធ្វើការនាអំឡុងពេលកូវីដ១៩ ខណៈពេលដែលពិភព លោកបានបិទខ្ទប់មនុស្ស មិនអាចចេញទៅណាបាន ក្រៅពីទិញតាមអនឡាញ។
នេះក៏ដូចជាក្រុមហ៊ុនដទៃទៀតផងដែរដូចជា Facebook Meta និងGoogles Alphabet ដែលកំពុងរស់រាន់បញ្ឈប់ចំនួនបុគ្គលិក ដែលកើនឡើងក្នុងពេលមេរោគរាតត្បាង ដើម្បីបំពេញការទិញដូររបស់ប្រជាជន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក Jassy ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុននៅតែបន្តរើសបុគ្គលិកបន្ថែមទៀត តែសម្រាប់តែមុខជំនាញមួយចំនួនប៉ុណ្ណោះ ហើយការកាត់បន្ថយនេះមិនបានធ្វើតាមការវិភាគឱ្យបានល្អិតល្អន់នោះទេ វាកើតឡើងពីការសម្រេចចិត្តរបស់ក្រុមហ៊ុន។
លោកបានបន្ថែមទៀតថា លោកនៅមិនទាន់សម្រេចិត្ត ក្នុងការជម្រុះក្រុមចុងក្រោយនោះទេ ដូចនេះហើយក្រុមហ៊ុននឹងធ្វើការជូនដំណឹងទៅរាល់បុគ្គលិកដែលត្រូវបានបញ្ឈប់នាពាក់កណ្តាលខែមេសា។
កាលពីដើមខែកន្លងទៅ ក្រុមហ៊ុន Amazon ក៏បានប្រកាសផ្អាកការសាងសង់នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួន ភាគខាងជើងរដ្ឋ Virginiaនិងសន្យាបើកដំណើរការនាខែមិថុនាជាមួយនឹងបុគ្គលិកធ្វើការ ៨ ០០០នាក់។
ការប្រកាសបញ្ឈប់ចំនួនបុគ្គលិកនេះ បានធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់ប្រាក់ចំណេញនិងផ្នែកផ្សេងទៀតនៃ ប្រព័ន្ធអេឡិកត្រូនិករបស់ខ្លួមរួមមាន អង្គភាពកុំព្យូទ័រ AWS ,Twitch, PXT, Amazon Fresh, Amazon Go និង Alexa ផងដែរ។
សូមបញ្ជាក់ផងដែរថា កម្លាំងបុគ្គលិករបស់ក្រុមហ៊ុន Amazon បានកើនឡើងដល់ ១,៦ លាននាក់ក្នុងរយៈពេល ២ ឆ្នាំ ប៉ុន្តែត្រូវបានថយចុះទៅវិញបន្ទាប់ពីកូវីដ ១៩ បានរំសាយ ដោយសារក្រុមហ៊ុនលុបផែនការពង្រីកកម្លាំងបុគ្គលិក។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានបិទសេវាកម្មលក់ក្រណាត់រយៈពេល ៣០ឆ្នាំ ព្រមទាំងសេវាកម្មថែទាំតាមផ្ទះ Amazon Care ដើម្បីកាត់បន្ថយប្រាក់ចំណាយរបស់ខ្លួនផងដែរ៕