
ជយលាភីដែលកម្ពុជាទទួលបានពីកម្មវិធីពានរង្វាន់ទេសចរណ៍និងបដិសណ្ឋារកិច្ចអាស៊ី ។ រូបថត ក្រសួងទេសចរណ៍
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា ការទទួលបានពានរង្វាន់ជយលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ ២០២២» ពីកម្មវិធីពានរង្វាន់ទេសចរណ៍និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and HospitalityAwards) របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ី របស់កម្ពុជានឹងធ្វើឱ្យមានកំណើនទេសចរណ៍មួយកម្រិតទៀត។
នេះជាលើកទី១ ដែលសមាគម AHHRA សហការជាមួយក្រុមហ៊ុន TIN Media ក្នុងការរៀបចំកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី ដើម្បីប្រគល់ពានរង្វាន់ដល់ប្រទេសជយលាភី ក្នុងនោះមានប្រទេសកម្ពុជា តង់សានី ប៊ុលហ្គារី ឥណ្ឌា ហ្វីលីពីន និងម៉ាឡេស៊ី ទទួលដោយផ្ទាល់ ខណៈប្រទេសផ្សេងទៀតបានទទួលពានរង្វាន់តាមអនឡាញ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនាថា ពានរង្វាន់ជយលាភី ដែលក្រសួងទេសចរណ៍ ក៏ដូចជាប្រទេសកម្ពុជាទទួលបាន បានជួយពង្រីកទីផ្សារទេសចរណ៍កម្ពុជាបន្ថែមទៀត ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក។
លោកបានបញ្ជាក់ថា៖«ការទទួលបានជយលាភីនីមួយៗគឺបង្ហាញថា កម្ពុជាមានសមត្ថភាពក្នុងការជំរុញកំណើនភ្ញៀវទេសចរ តាមរយៈការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ថ្មីៗ ទាំងភ្ញៀវក្នុងតំបន់អាស៊ាន និងពិភពលោកទាំងមូល។យើងរំពឹងថា កេរ្តិ៍ឈ្មោះល្បីរបស់កម្ពុជានឹងទាក់ទាញទេសចរអន្តរជាតិបន្ថែម ជាពិសេសនៅអំឡុងពេលការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ»។
ចំណែក លោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATACC)ក៏បានថ្លែងដែរថា ពានរង្វាន់ទាំងអស់សុទ្ធតែមានគុណតម្លៃក្នុងការចូលផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា កម្ពុជាត្រូវធ្វើការងារជាច្រើនទៀតដើម្បីឱ្យស្ថានភាពវិស័យទេសចរណ៍កម្ពុជាកាន់តែល្អប្រសើរក្រោយពីវិបត្តិកូវីដ១៩។
លោកបានបញ្ជាក់ទៀតថា៖«យើងរីករាយ យើងសាទរនឹងការទទួលបានពានរង្វាន់នេះ ប៉ុន្តែយើងត្រូវតែធ្វើឱ្យបានច្រើនជាងនេះទៀត ព្រោះថាពិភពលោកសព្វថ្ងៃនេះ មានការប្រកួតប្រជែងខ្ពស់ណាស់ ជាពិសេសលើការផ្សព្វផ្សាយលើគោលដៅទេសចរណ៍»។
សូមជម្រាបដែរថា លោក ធួន ស៊ីណាន ក៏ទទួលបានពានរង្វាន់២ ក្នុងឆ្នាំ២០២២កន្លងទៅនេះដែរ ដោយពានរង្វាន់ទី១ សម្រាប់លោកផ្ទាល់ និងពានរង្វាន់ទី២សម្រាប់ក្រុមហ៊ុនរបស់លោកIMCT ក្នុងនាមជា Leading Event Management Company of the year 2022 ក្នុងតំបន់អាស៊ីអាគ្នេយ៍។
បើតាមក្រសួងទេសចរណ៍ «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» នេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
លោកប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសបានឱ្យដឹងថា ការទទួលបានពានរង្វាន់ជយលាភីនេះបង្ហាញយ៉ាងច្បាស់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងផ្នែកឯកជន ក្នុងការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩។
លោកបានបញ្ជាក់ថា៖«លទ្ធផលដែលកើតចេញពីកិច្ចសហការទាំងនេះ ដោយនៅឆ្នាំ២០២២កន្លងទៅ ក្រសួងទេសចរណ៍បានទទួលប្រតិភូ Familiarization Trip ពីទីផ្សារឥណ្ឌា កូរ៉េ ចិន និងបានរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជាដោយផ្ទាល់នៅប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម»។
លោក ប្រាក់ វុទ្ធី បន្តថា ៖ «ក៏ដូចជាការជំរុញការផ្សព្វផ្សាយលើទីផ្សារអន្តរជាតិតាមរយៈស្ថានទូត ស្ថានអគ្គកុងស៊ុល ទីប្រឹក្សា និងស្ថានតំណាងទេសចរណ៍នៅក្រៅប្រទេសនិងការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិផ្សេងៗនៅទីផ្សារចិនជាលក្ខណៈVirtual Exhibitions ព្រមទាំងបានជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស និងគោលដៅទេសចរណ៍កម្ពុជានៅលើប្រព័ន្ធឌីជីថល ដូចជា Website, Mobile App, Facebook Page, TikTok, WeChat, Instagram, YouTube ផងដែរ»។
សូមបញ្ជាក់ថា ពានរង្វាន់នេះគឺជាការបោះឆ្នោតតាមប្រព័ន្ធឌីជីថលពីសាធារណជន ៤៧ ៥១៥នាក់ ទទួលបាន៥៤,៨៥០ពិន្ទុ មានបេក្ខភាពចូលរួមជាង២០០នាក់មកពី២៣ប្រទេសជុំវិញពិភពលោក ដោយចែកជាប្រភេទផ្សេងៗរួមមាន ក្រុមប្រឹក្សាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកដឹកនាំដែលចូលរួមយ៉ាងសកម្មក្នុងឧស្សាហកម្មទេសចរណ៍៕