សៀមរាបៈ មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​ចូលរួម​ទស្សនា​ថ្ងៃ​​រះ​នៅ​ប្រាសាទអង្គរវត្ត​នា​ថ្ងៃទី ​២១ ខែមីនា ឆ្នាំ​ ២០២៣​ មាន​ប្រមាណ ជិត ១ ​ម៉ឺន​នាក់ ក្នុងនោះ​ភ្ញៀវ​ទេសចរ​បរទេស​មាន​ប្រមាណ ២ ២២៦​ នាក់​។​

​ក្នុង​របាយការណ៍​រប​ស់លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេស​​ចរណ៍​ខេត្តសៀមរាប ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា ចំនួន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ បានមក​ទស្សនា​ថ្ងៃ​​រះ ចំ​កំពូល​ប្រាសាទអង្គរវត្ត ស្រប​ពេលដែល​កម្ពុជា​ប្រារព្ធ​ព្រះរាជ​ពិធី​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា អាស៊ីអាគ្នេយ៍​លើក​ទី​ ៣២ និង​កី​ទ្បា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ​១២ ឆ្នាំ​ ២០២៣​មាន​ប្រមាណ ៨ ៧២៦​ នាក់​។​

​លោក​បន្តថា​៖ «​ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត មាន​ប្រមាណ ៦ ៥០០​ នាក់ និង ភ្ញៀវទេសចរ​បរទេស ប្រមាណ ២ ២២៦​ នាក់​»​។

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​​ហ្វិ​ក បាន​សម្តែង​ការ​ត្រេកអរ​ចំពោះ​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវ​​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ទៅ​ទស្សនា​ព្រះអាទិត្យ​រះ ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរ​​វត្ត​នាពេលនេះ ដោយ​លោក​ថា ចំនួន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត និង​នៅក្នុង​ព្រឹត្តិការណ៍​នេះ ជា​សញ្ញា​ល្អ សម្រាប់​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​។ លោក រំពឹងថា នៅក្រោយ​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត នឹងមាន​ភ្ញៀវ​មកលេង​កម្សាន្ត​កាន់តែច្រើន​ថែម​ទៀត​។​

​បើតាម​ក្រសួង​ទេសចរណ៍ «​បាតុភូតធម្មជាតិ​ព្រះអាទិត្យ​រះ ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​» ឬ EQUINOX បាន​កើតឡើង​ចន្លោះ​ពីថ្ងៃ​ទី​ ២០ ដល់​ថ្ងៃទី​ ២៣​ មីនា ដែល​នេះ​ជា​ទស្សនីយភាព​ពិ​សេសមួយ​សម្រាប់​ភ្ញៀវទេសចរ​។​

​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត កើត​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​ ១​ ឆ្នាំ​ ២ ​ដង​គឺ​នៅ​ខែមីនា​ម្ដង និង​ខែកញ្ញា​ម្ដង​។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ស្តែង​ឱ្យឃើញ​ពី​អច្ឆរិយ​ភាព​នៃ​ប្រាសាទ​​អង្គរវត្ត ដែល​បុព្វបុរស​ខ្មែរ​បាន​កសាងឡើង ដោយមាន​ការគិត​គូរ​អំពី​ស្ថាបត្យកម្ម និង​ការ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ធម្មជាតិ​រវាង​ផែនដី និង​ព្រះអាទិត្យ​យ៉ាងច្បាស់​លាស់​គួរឱ្យ​ស្ញប់ស្ញែង​ជាទីបំផុត​។​

​ក្រសួងទេសចរណ៍​បញ្ជា​ក់ថា ជា​រៀងរាល់ឆ្នាំ​តែងតែមាន​ភ្ញៀវ​​ទេសចរ​ជាតិ​អន្តរជាតិ​រាប់ម៉ឺន​នាក់ បានមក​ទស្សនា និង​ផ្តិត​យក​រូប​ភាព​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​។​ទន្ទឹមនឹង​នេះដែរ ក្រសួង​ទេស​ចរណ៍ ក៏បាន​អំពាវនាវ​ដល់​គ្រប់​សមាគម​ទេសចរណ៍ អ្នកសារព័ត៌មាន ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ទូទៅ​ចូល​​រួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ដៃគូ​ពាក់ព័ន្ធ និង​ទៅ​ទស្សនា ផ្តិត​យក​រូបភាព​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣» ក្រោម​ពាក្យស្លោក «​គ្រប់​ថ្ងៃ​គឺជា​អច្ឆរិយ​ភាព​»​។​

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ និង​ជា​ប្រធាន​នាយកដ្ឋាន អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​ពន្យល់ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត ឬ​សម​រាត្រី គឺជា​ពេលវេលា​រវាង​ពេល​ថ្ងៃ និង​ពេលយប់ ឱ្យមាន​រយៈពេល​ស្មើគ្នា ដោយ​ខុសពី​ខែ​ធម្មតា​ខ្លះ រយៈពេល​យប់​វែង​ជាង​ពេល​ថ្ងៃ ឬក៏​រយៈពេល​ថ្ងៃ វែង​ជាង​យប់នោះ​គឺជា​ព្រឹត្តិការណ៍​ទូទៅ​របស់​ផែនដី ដែល​តែងតែ​កើតមាន​នៅក្នុង​ពិភពលោក​។

​ប៉ុន្តែ​សម្រាប់​ប្រាសាទអង្គរវត្ត ដែលមាន​ព្រឹត្តិ​ការណ៍​សម​រាត្រី​កើតឡើង​នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ វា​ជា​លក្ខណៈពិសេស របស់​បុព្វបុរស​ខ្មែរ ដែល​រៀបចំ​ស្ថាបត្យកម្ម ប្លង់​របស់​ប្រា​សាទ​ទុក​មុន​ជាស្រេច​ដោយ​តម្រូវ​តាម​បាតុភូតធម្មជាតិ​ឱ្យ​ប្រាសាទ​អង្គរវត្ត​បង្កើតជា​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​​អង្គរវត្ត​នេះ​ឡើង​៕