ភ្នំពេញៈ អ្នក​ក្នុង​វិស័យ​ក​សិ​​កម្ម និង​អ្នកសេដ្ឋកិច្ច បាន​លើកឡើងថា ប្រសិនបើ​កម្ពុ​ជាមាន​រោងចក្រ​ផលិត​ជី​កសិកម្ម​កាន់​​តែ​ច្រើន វា​នឹងមិន​ត្រឹមតែ​ជួយ​ឱ្យ​តម្លៃ​ជី​នៅក្នុង​វិស័យ​កសិកម្ម​ធ្លាក់ចុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជួយ​លើកកម្ពស់​សមត្ថភាព​ប្រ​កួត​ប្រជែង​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម និង​ក​សិ​ឧស្សាហកម្ម​ទៅកាន់​ទីផ្សារ​អន្តរ​​ជាតិ​ផងដែរ​។​

​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិ​​វឌ្ឍន៍​កម្ពុជា ​កាលពី​ថ្ងៃ​ទី​ ២០ ខែ​មីនា លោក ជា វុទ្ធី អគ្គលេខា​ធិ​ការរង​នៃ​គណៈកម្មាធិការ​វិ​និ​យោគ​កម្ពុជា បាន​ជួប​ជាមួយ​ប្រ​តិ​ភូ​តំណាង​ក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd​។ តាមរយៈ​ជំនួប​នោះ​តំ​ណា​ង​ក្រុមហ៊ុន​ឱ្យដឹងថា ខ្លួន​មានបំណង​ស្វែងយល់​ពី​បរិស្ថាន​វិនិយោគ និង​ការ​​វិនិយោគ​លើ​ជី​កសិកម្ម​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក ជា វុទ្ធី ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​រួសរាន់​ដាក់ពាក្យ​ស្នើសុំ​វិនិយោគ​ឱ្យបាន​ឆាប់​ផងដែរ​។ ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Bayon Heritage Holding Group ដែល​នាំចូល​ជី​កសិកម្ម លោក ចាន់ សុខ​ឃាំង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២១ ខែមីនា ថា ការបង្កើត​រោងចក្រ​ផលិត​ជី​កសិកម្ម​ក្នុងស្រុក គឺជា​រឿង​ល្អ ព្រោះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​តម្លៃ​ជី​ធ្លាក់ចុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជួយ​ទាក់ទាញ​ឱ្យមាន​ការវិនិយោគ​លើ​វិស័យ​កសិកម្ម និង​ក​សិ​​ឧ​ស្សហកម្ម​កាន់តែច្រើន​ផងដែរ​។ បច្ចុប្បន្ន​ជី​ត្រូវបាន​នាំចូល​មកពី​ក្រៅប្រទេស​យ៉ាងច្រើន​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​អ្នក​នៅក្នុង​វិស័យ​កសិកម្ម និង​ក​សិ​ឧស្សាហកម្ម គឺ​ពិតជា​ត្រេកអរ និង​អបអរសាទរ​ចំពោះ​គោលបំណង​របស់​អ្នកវិនិយោគ​ដែល​ចង់​ចូលរួម​វិនិយោគ​លើ​ការផលិត​ជី​កសិកម្ម ដោយ​វា​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​បាន​កាន់តែច្រើន ហើយ​ការធ្វើ​ជំនួញ​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​ឧស្សាហកម្ម​ក៏មាន​ចំនួន​កាន់តែច្រើន​ដែរ​។ តម្លៃ​ជី​ធ្លាក់ចុះ តម្លៃ​ដើម​ផលិត​នឹង​ធ្លាក់ចុះ​»​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ និយាយថា នេះ​ជា​ចំណុច​សំខាន់​ដែល​ប្រទេស​កម្ពុជា​ចង់បាន ព្រោះ​កម្ពុជា​ជា​ប្រទេស​កសិកម្ម​ដែល​ត្រូវការ​ជី​សម្រាប់​យកមក​បង្កបង្កើន​ផល​។ នៅពេល​ការផលិត​ក្នុងស្រុក​កាន់តែច្រើន វា​នឹង​ជួយ​ឱ្យ​តម្លៃ​ជី​ធ្លាក់ចុះ ដែល​នេះ​ជា​ចំណុច​សំខាន់​ក្នុងការ​ទាញ​ឱ្យ​ថ្លៃដើម​ផលិត​ចុះ​ទាប ហើយ​ប្រជាកសិករ និង​អ្នកវិនិយោគ​ក៏​ទទួល​បាន​ចំណូល​កាន់តែ​ខ្ពស់​។

​លោក​បន្តថា រោងចក្រ​ក្នុងស្រុក គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​តម្លៃ​ជី​ទាប​ជាង​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បង្កើត​ការងារ និង​ការប្រើប្រាស់​ធនធានធម្មជាតិ ឬ​កសិផល​ដាំ​ដុះ​ក្នុងស្រុក​ដូច​ជា ពោត សណ្តែក និង​ដំឡូង ... ខណៈ​បច្ចុប្បន្ន​ដោយសារតែ​មិនមាន​រោងចក្រ​ផលិត​ធំៗ កម្ពុជា​បាន​នាំចេញ​ផលិតផល​ទាំងអស់នេះ​ទៅ​លក់​ឱ្យ​ប្រទេសជិតខាង​យកទៅ​កែច្នៃ និង​លក់​ជា​ផលិតផល​សម្រេច ​(​ជី​) មកឱ្យ​កម្ពុជា​វិញ​។​

​លោក​បញ្ជាក់ថា​៖ «​នេះ​ជា​ចំណុច​សំ​ខាន់​ដែល​ប្រៀប​ទៅនឹង​ការ​អេះ​ចំ​រមាស់​របស់​ប្រជាកសិករ ក៏ដូចជា​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ដែល​ពួកគេ​សុទ្ធតែ​ចង់ឱ្យមាន​រោងចក្រ​ផលិត​ជី​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ស្រុក ព្រោះ​អាចជួយ​ឱ្យ​តម្លៃ​ជី​កសិកម្ម​ធ្លាក់ចុះ ខណៈ​តម្លៃ​ជី​បាន​កើន​ឡើង​រៀងរាល់ឆ្នាំ​។ ការផលិត​ក្នុងស្រុក​នឹងធ្វើ​ឱ្យ​តម្លៃ​ជី​ធ្លាក់ចុះ នៅពេលនោះ​សមត្ថភាព​ប្រកួតប្រជែង​សម្រាប់​ទីផ្សារ​នាំចេញ​នឹង​កើនឡើង​»​។

​បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច​ខាងលើ ក្នុង​ ១ ​ឆ្នាំៗ​កម្ពុជា​បាន​នាំចូល​ជី​កសិកម្ម​ជាច្រើន​មកពី​ប្រទេសមួយ​ចំនួន​ដូចជា វៀតណាម ថៃ និង​ជប៉ុន សម្រាប់​មក​បំពេញតម្រូវកា​រ​ប្រើប្រាស់​ក្នុងស្រុក​។​

​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំ​ចូល​ជី​កសិកម្ម និង​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ស្មៅ ក្នុង​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​សរុប​ជាង ៤៨០ ​លាន​ដុល្លារ កើនឡើង​ប្រមាណ ៦​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២១៕