​ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Agrostudies កាលពី​ថ្ងៃទី ​២០ ខែមីនា បានស្នើ​ដល់​ក្រុម​ហ៊ុន​នេះ ពិនិត្យ​លទ្ធភាព​នាំចូល​កសិផល​កម្ពុជា ដែល​អាច​នាំ​ចូលទៅ​ទីផ្សារ​ប្រទេស​អ៊ីស្រា​​អែល​បាន និង​មាន​ទីផ្សារ​ជាក់​លាក់ តម្លៃ​ខ្ពស់ ចំណេញ​ច្រើន និង​មាន​និរន្តរភាព​សេដ្ឋកិច្ច ដូចជា​ដំណាំ​ប៊័រ មណ្ឌលគិរី ដែល​ត្រូវមាន​ការសិក្សា​ទាំង​លើ​ប្រព័ន្ធ​ស្រោចស្រព និង​គោលដៅ​ទីផ្សារ​។

​លោក​ថ្លែងថា​៖​ «​ត្រូវយក​ចិត្ត​ទុកដាក់​ស្វែងយល់​ពី​ខ្សែចង្វាក់​ផលិតកម្ម និង​តម្លៃ​នៃ​ប្រទេស​ទាំង​ ២ ពិសេស​ឱកាស​ទីផ្សារ​ទាំង​ការនាំចេញ និង​នាំចូល ហើយ​សម្រាប់​ក្រសួង​ស្វាគមន៍​រាល់​ការវិនិយោគ​កសិកម្ម​ម​ក​កាន់​កម្ពុជា ដើម្បី​សន្តិសុខ និង​សុវត្ថិភាព​ស្បៀង ធានាបាន​នូវ​ស្ថិរភាព​ផ្គត់ផ្គង់​ក្នុងស្រុក និង​លទ្ធភាព​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​ផ្សេងៗ​ដូចជា​ជប៉ុន​ជាដើម​»​។​

​ក្រៅពី​ការស្នើ​ឱ្យ​ក្រុមហ៊ុនអ៊ីស្រា​​អែល​នាំចូល​កសិផល​កម្ពុជា​ហើយ លោក ឌិ​ត ទីណា ក៏បាន​ស្នើ​ឱ្យមាន​ការបន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​កសិកម្ម​នេះ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យមាន​ភាព​ប្រសើរឡើង ដោយសារតែ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​ក្រុមហ៊ុន Agrostudies​ មាន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការរៀបចំ​កម្មវិធី​ហាត់​ការ​របស់​និស្សិត​កសិកម្ម​សម្រាប់​រយៈ​ពេល​ ១១ ​ខែ នៅ​ប្រទេស​អ៊ីស្រា​​អែល​។

​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​ណែនាំ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ចុះសួរសុខទុក្ខ​ដល់​និស្សិត​ហាត់​ការ ព្រមទាំង​ជំរុញ​និស្សិត​ឱ្យ​ចាប់យក​ជំនាញ​ភាសាបរទេស​ពិសេស​ភាសា​អង់គ្លេស ដើម្បី​ពង្រីក​ការ​សិក្សា​ស្រាវជ្រាវ និង​ទំនាក់​ទំនង​ទៅកាន់​ពិភពលោក​ឱ្យ​កាន់តែ​ទូលំទូលាយ រួមទាំង​បច្ចេកទេស​ផលិតកម្ម​ដំណាំ ការសិក្សា​ពី​ប្រព័ន្ធ​ស្រោចស្រព​នៅអ៊ីស្រា​​អែល ដែល​អាច​យកមក​សិក្សា​បន្ថែម​ពី​លទ្ធ​​ភាព​នៅ​កម្ពុជា ដើម្បី​ឈានទៅដល់​ការធ្វើ​កសិកម្ម​វៃឆ្លាត (Smart Farm)​។

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​ ២១ ខែមីនា ថា វិស័យ​ឯកជន​ក្នុងស្រុក​មានការ​គាំទ្រ​ចំពោះ​បច្ចេកវិទ្យា​ថ្មី មកពី​ប្រទេស​អ៊ីស្រា​​អែល ដោយ​កន្លងមក​ក៏មាន​ក្រុមហ៊ុន​មួយ​​ចំនួន បានមក​វិនិយោគ​នៅ​កម្ពុជា លើ​បច្ចេកវិទ្យា​ផ្នែក​ក​សិ​កម្ម​នេះដែរ​។​

​លោក​ហេង បាន​បញ្ជាក់ថា​៖ «​កន្លងមក​សូម្បីតែ​ចម្ការ​របស់ខ្ញុំ ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​កសិក​ម្ម​មកពី​អ៊ីស្រា​​អែល​ដែរ ដោយ​មិន​ត្រឹម​មានការ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​នោះទេ តែ​ក៏មាន​បច្ចេកវិទ្យា​លើ​ការធ្វើ​រង ការដាក់​ជី​កសិកម្ម និង​ការ​​បង្កាត់​ពូជ​ថ្មីៗ​ជាដើម​»​។​

​លោក លឹម ហេង បាន​បន្តថា​៖ «​យើង​រំពឹងថា នឹងមាន​ការវិនិយោគ​បន្ថែមទៀត​ពី​ខាង​អ៊ីស្រា​​អែល ជាពិសេស​ក្រោយពី​មានការ​សហការគ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​អ៊ីស្រា​​អែល​។​ម្យ៉ាងវិញទៀត​ការអភិវឌ្ឍ​ធន​ធាន​មនុស្ស​ក៏​រឹតតែ​សំខាន់ បើ​សិន​ជា​សិស្ស​និស្សិត​កសិកម្ម​យើង ទៅ​សិក្សា​រៀន​សូត្រ​នៅ​អ៊ីស្រា​​អែលបាន​ច្រើន ខ្ញុំ​ជឿថា វិស័យ​កសិកម្ម​កម្ពុជា នឹង​កាន់តែ​រីកចម្រើន​»​។​

​បើតាម​ក្រសួងកសិកម្ម កម្ម​​វិធី​ហាត់​ការ​របស់​និស្សិត​ក​សិ​កម្ម​សម្រាប់​រយៈពេល ​១១ ​ខែ នៅ​ប្រទេស​អ៊ីស្រា​​អែល ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​កសិកម្ម បានចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​ ២០០៨ មកដល់​បច្ចុប្បន្ន ហើយ​គិត​ត្រឹម​ឆ្នាំ ​២០២៣​ នេះ និស្សិត មាន​ ១៥​ ជំនាន់​ហើយ ដែលមាន​និស្សិត​បាន​ចូលរួម​កម្មវិធី​ហាត់​ការសរុប​ចំនួន ១ ៧១៩ ​នាក់​។ សម្រាប់​ឆ្នាំ​សិក្សា ២០២៣-២០២៤​ ខាងមុខនេះ នឹងមាន​និស្សិត​ចំនួន ២០០ ​នាក់​បន្ថែមទៀត​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

​លោក ដែង តារា អគ្គ​លេ​​ខា​ធិ​ការ​សភាពាណិជ្ជកម្ម​កម្ពុជា​-​អ៊ីស្រា​​អែល នៅ​ថ្ងៃទី ​២១ ខែមីនា បាន​ថ្លែងថា កន្លងទៅ សមាគម​បានធ្វើ​ការងារ​មួយចំនួន ក្នុងការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ស្ថាប័នរដ្ឋ និង​ឯក​​ជន របស់​កម្ពុជា និង​អ៊ីស្រា​​អែល ដោយ​បច្ចុប្បន្ន កំពុង​ជំរុញ​ការផ្សព្វផ្សាយ​ពី​វិនិយោគ​ពី​កម្ពុជា​ទៅកាន់​អ៊ីស្រា​​អែល​។​

​លោក តារា បាន​ថ្លែងថា​៖ «​យើង​ក៏បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ស្ថាប័នរដ្ឋ​នៃ​ប្រទេស​ទាំង ​២ ​ដែល​នឹង​នាំទៅដល់​ការចុះ​អនុស្សរណៈ​ផ្សេងៗ​ផងដែរ ជាក់ស្តែង​យើង​ក៏​កំពុងធ្វើការ​ជាមួយ​ក្រសួង​អប់រំ​ដើម្បី​មានលទ្ធភាព​បញ្ជូន​និស្សិត​កម្ពុជា​ទៅ​អ៊ីស្រា​​អែលដើម្បី​ទទួល​​បាន​នូវ​ការអប់រំ​ស្តង់ដា អាចជា​លក្ខណៈ​អាហារូបករណ៍ ឬ​បង់ថ្លៃ​»​។​

​លោក ដែង តារា បាន​បន្ថែមថា ខាង​សមាគម រង់ចាំ​កិច្ច​សហការ​ជានិច្ច ជាពិសេស​ជា​​មួយ​ក្រសួងកសិកម្ម ក្នុងការ​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា និង​អ៊ីស្រា​​អែល មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​លើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ការងារ​កសិកម្ម​។

​លោក តារា ថ្លែងថា ជា​​ពិសេស​ការ​នាំចូល​បច្ចេក​វិទ្យា​ទំនើប មកប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ក៏ដូចជា​ទាក់ទាញ​អ្នក​​វិនិយោគ​ពី​អ៊ីស្រា​​អែល​មក​កម្ពុជា​កាន់តែច្រើន​ថែមទៀត ព្រោះ​កម្ពុ​ជាមាន​សក្តានុពល​ជាច្រើន​ដូចជា កត្តា​ធនធាន​មនុស្ស ទីតាំង​ភូមិសាស្ត្រ និង​ការគ្រប់គ្រង​ដ៏​ល្អ​របស់​រាជ​រដ្ឋាភិបាល​ជាដើម​៕