​ភ្នំពេញៈ កម្ពុជា​កំពុង​ទទួល​បានការ​សាទរ​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​លើ​ដំណើរ​វិវឌ្ឍន៍​ល្អ​ជុំវិញ​ការសម្រេចបាន​នូវ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​ដែលជា​វឌ្ឍនភាព​ថ្មី​មួយទៀត​នៃ​ការអភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​របស់​កម្ពុជា​រួមទាំង​អាស៊ាន​ផងដែរ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​និយតករ​មូល​​ប​ត្រ​កម្ពុជា​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​និយតករ​មូល​ប​ត្រ​កម្ពុជា ​(SERC)​ ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​ប្រធាន​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន លើក​ទី​ ៣៨ (38th ACMF Chairs Meeting) នៅ​ទីក្រុង​យ៉ូ​យ៉ា​រកា​តា ប្រទេស​ឥណ្ឌូនេស៊ី បាន​ថ្លែង​មក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២១ ខែ​មីនា​ថា ប្រទេស​អាស៊ាន​ទាំង​អស់​សាទរ​ចំពោះ​កម្ពុជា​ក្នុងការ​​ជំរុញ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​អាស៊ាន​បៃតង​សង្គម ឬ​និរន្តរ​​ភាព ​(Green Social and Sustainable Bond) គឺជា​អ្វីដែល​បណ្តា​ប្រទេស​ជា​សមាជិក​កំពុង​ធ្វើ ដែល​នេះ​គឺជា​ទិសដៅ​រួម ហើយ​កម្ពុជា​នឹង​ជំរុញ និង​បន្ត​ការណ៍​នេះ​ទាំងអស់គ្នា​បន្ថែមទៀត​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ក៏ដូចជា​លើកទឹកចិត្ត​ក្រុមហ៊ុន​ឱ្យធ្វើ​ការបោះ​ផ្សាយ​ក្នុង​គោល​ដៅ​នេះ​ទាំងអស់ ព្រោះ​ការបោះ​​ផ្សាយ​នេះ​គឺ​បាន​ប្រយោជន៍​ទាំង​ក្រុមហ៊ុន បរិស្ថាន និង​សង្គម​ជាតិ​របស់​មនុស្ស​ជារួម​។​

​លោក​បន្តថា បណ្តា​ប្រទេស​សមាជិក​ទាំង​ ១០ បាន​ជជែក​គ្នាច្រើន​ក្នុងការ​ជំរុញ​ការបោះ​​ផ្សាយ​មូល​ប​ត្រ​បៃតង​នេះ ក្នុងការ​ចូលរួម​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ក្នុង​បរិ​យា​​កាស​។ ពេលនេះ​កម្ពុ​ជាមាន​ក្រុមហ៊ុន Golden Tree មួយ​ដែល​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង និង​ទទួលបាន​ស្តង់ដា​សញ្ញា​បណ្ណ​បៃតង សង្គម និង​និរន្តរភាព​អាស៊ាន ​(Asean Label)​។ កម្ពុជា​នឹងមាន​ក្រុម​ហ៊ុន​ផ្សេងទៀត​នឹងធ្វើ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​។​

​លោក​ថ្លែងថា​៖ «​ក្នុង​កិច្ចប្រជុំ​នេះ យើង​ក៏​ទទួលបាន​ការ​សា​​ទរ​ពី​បណ្តា​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​ចំពោះ​សមិទ្ធផល​ដែល​យើង​សម្រេចបាន​ថ្មីៗ ទោះបី​ទំហំ​នៃ​ការបោះ​ផ្សាយ​តូច ប៉ុន្តែ​វា​ជា​គោលដៅ​នៃ​ការ​ចូលរួម​ធ្វើ​ទាំងអស់គ្នា​។ នៅ​ឆ្នាំ​ ២០២៣​ នេះ យើង​ក៏មាន​ការ​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​ដែរ គឺ​ធនាគារ​អេស៊ីលីដា​កំពុង​រៀបចំ​បោះផ្សាយ​»​។​

​លោក​ឱ្យដឹងទៀតថា កម្ពុជា​ក៏​កំពុងធ្វើការ​បន្ថែម​ជាមួយនឹង UNESCAP និង GGI ដែល​ខ្លួន​ទើប​ចុះហត្ថលេខា​ថ្មីៗ​ដើម្បី​ជំរុញ​ការបោះ​ផ្សាយ​ខាង​ផ្នែក​ក្រោម​ស្លាក​សញ្ញា​បណ្ណ​អាស៊ាន បៃតង សង្គម ឬ​និរន្តរភាព​។

Golden Tree បាន​ក្លាយជា​ក្រុមហ៊ុន​នៅក្នុង​ស្រុក​ដំបូង​គេ​បង្អស់​ដែល​បាន​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​នៅលើ​ផ្សារ​មូល​ប​ត្រ​កម្ពុជា ​(CSX) ដោយបាន​កៀរគរ​មូលធន​ប្រមាណ​ជា ១,៤៦​ លាន​ដុល្លារ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​កាល​​ពីថ្ងៃ​ទី​ ១៩ ខែមករា​។​

​យោងតាម​សេចក្តីប្រកាស​​រួម​នៃ 38th ACMF Chairs Meeting បណ្តា​ប្រទេស​អា​​ស៊ាន​ទាំង​ ១០ បានអនុម័ត​ឱ្យ​ដាក់​ដំណើរការ​មជ្ឈមណ្ឌល​ចំ​ណេះ​ដឹង​ហិរញ្ញវត្ថុ​និរន្តរភាព ដែល​កំពុង​អភិវឌ្ឍ​ដើម្បី​បម្រើ​ជា​មជ្ឈមណ្ឌល «​ច្រក​តែមួយ​» សម្រាប់​បង្កើន​ការយល់ដឹង និង​អប់រំ​អ្នកចូលរួម​អំពី​បញ្ហា​ទាក់​ទង​នឹង​ហិញ្ញ​វត្ថុ​និរន្តរភាព​នៅ​ចុងខែ​មីនា ឆ្នាំ​ ២០២៣​ នេះ​។​

​ជាមួយគ្នានេះ ក្រោម​ស្តង់ដា​សញ្ញា​បណ្ណ​បៃតង​សង្គម និង​និរន្តរភាព​អាស៊ាន ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​ ២០១៧ និង​២០១៨ គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ចំនួន ៣៨,០៦​ ពាន់​លាន​ដុល្លារ​ត្រូវបាន​បោះផ្សាយ​ក្រោម​ស្លាក​សញ្ញា​បណ្ណ​អាស៊ាន បៃតង សង្គម ឬ​និរន្តរភាព​។​

​បើ​យោងតាម​លោក សុជាតិ គិត​មក​ត្រឹម​ថ្ងៃទី​ ១៩ ខែមករា CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំ​នួន ១៨ ដែល​រួមមាន​ក្រុមហ៊ុន​ចំនួន​ ៩ បាន​ចុះបញ្ជី​ជា​ភាគ​ហ៊ុន និង ៩ ​ទៀត​ចុះបញ្ជី​ជា​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុម​ហ៊ុន​ទាំង ១៨ នេះ​បាន​ប្រមូល​ទុន​ពី​ផ្សា​រមូល​ប​ត្រ​ប្រមាណ ៣១៧​ លាន​ដុល្លារ​។

​ទន្ទឹមនឹង​ការកើនឡើង​នៃ​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី បរិមាណ និង​ទំហំ​ជួញ​​ដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម​ក៏មាន​ការកើនឡើង​ជា​លំដាប់​។ ជាក់ស្តែង​ក្នុង​ឆ្នាំ ​២០២២ ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​មាន​ប្រមាណ ៥០ ​ម៉ឺន​ដុល្លារ និង​ចំនួន​គណនី​ជួញដូរ​កើនឡើង​ដល់ ៣៦ ០០០​ គណនី​៕