
អ្នកស្រី សាន ទេវី និងទិដ្ឋភាពទីតាំងដាំដំណាំតាមបច្ចេកទេសកសិកម្មរបស់គ្រួសារគាត់បច្ចុប្បន្ន។ រូបថត សហការី
ក្រចេះៈ ការដាំដំណាំកសិកម្មផ្សេងៗរបស់ប្រជាកសិករនៅតាមសហគមន៍កន្លងមក ភាគច្រើនគាត់គ្រាន់តែដាំតាមទម្លាប់ប៉ុណ្ណោះ ហើយក៏មិនសូវទទួលបានទិន្នផលល្អដែរ ប៉ុន្តែវិធីដាំបែបនោះត្រូវបានកាត់បន្ថយជាបណ្តើរៗដោយប្តូរមកដាំដំណាំតាមបែបបច្ចេកទេសវិញហើយបានផលច្រើនជាងមុន។ ករណីដូចជាគ្រួសារកសិករមួយនៅស្រុកចិត្របុរី ខេត្តក្រចេះ បានប្ដូររបៀបដាំដំណាំរហូតអាចរកចំណូលបានច្រើនជាងទម្លាប់ចាស់ និងបានក្លាយជាកសិករគំរូទៀតផង។
ដោយមានសំនៀងរដឺនតាមតំបន់ ដែលយូរៗម្តងលាយនឹងសំណើចផងនោះ អ្នកស្រី សាន ទេវី អាយុ ៣៩ ឆ្នាំ បានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្វាមីអ្នកស្រីឈ្មោះ ទក គ្រិន អាយុ ៤១ ឆ្នាំ និងមានកូនស្រី ២ នាក់ដែលកូនស្រីច្បងអាយុ ១៥ ឆ្នាំ។
អ្នកស្រី រស់នៅភូមិកំប៉ោ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ បានដាំដំណាំតាមលក្ខណៈបច្ចេកទេសកសិកម្មដែលអាចរកចំណូលបានប្រមាណ ២ លានក្នុង ១ ខែរហូតបាន ៥ លានរៀលក្នុង ១ ខែ និងក្លាយជាកសិករគំរូនៅក្នុងឃុំទៀតផង។
អ្នកស្រី ទេវី បន្តថា ជាទម្លាប់របស់ប្រជាកសិករ តួយ៉ាងដូចគ្រួសារអ្នកស្រីជាដើម គឺថាក្រៅពីធ្វើស្រែតែងតែឆ្លៀតប្រែក្លាយធ្វើដីស្រែនោះមកធ្វើចម្ការបន្តទៀតដើម្បីរកចំណូលបន្ថែមពីរបរធ្វើស្រែ។ដូចជាដាំដំណាំប៉េងប៉ោះ ននោង ត្រឡាច ឬបន្លែសម្រាប់រដូវកាលខ្លី។ ទោះជាយ៉ាងណា ដោយសារអ្នកស្រីដាំតាមទម្លាប់ចាស់ ដោយរែកទឹកស្រោចធ្វើឱ្យទិន្នផលដែលទទួលបានមកវិញពីផ្ទៃដីទំហំ ១០ អា (បណ្តោយ ៤០ ម៉ែត្រទទឹង ២៦ ម៉ែត្រ) ហាក់មិនគាប់ប្រសើរឡើយ ពីព្រោះអ្នកស្រីនិងស្វាមីមិនចេះបច្ចេកទេសដាំដំណាំ។
អ្នកស្រីត្អូញត្អែរថា៖ «ខ្ញុំដាំបន្លែតាមទម្លាប់ អត់ចេះបច្ចេកទេសអីទេ ខ្ញុំរែកទឹកស្រោចដែលផលមិនសូវបាន ហើយហត់ទៀត។ ភាគច្រើនខ្ញុំដាំតែបន្លែយកផ្លែទេ ហើយពីមុន ដាំអត់កើតទេ ព្រោះអាកាសធាតុក្តៅតែឥឡូវដាំបានធម្មតា»។
លុះដល់ក្រោយមក ដោយសារតែអ្នកស្រីទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេសកសិកម្មពីខាងគម្រោងមួយចំនួន ពិសេសខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ អ្នកស្រីបានកែច្នៃដីដាំដំណាំជាលក្ខណៈប្រព័ន្ធវិញម្តង។ អ្នកស្រី សាន ទេវី បានប្រាប់ថា ការដាំលក្ខណៈជាប្រព័ន្ធនេះគឺរៀបចំដីជារងទាបៗហើយយកផ្ទាំងក្រណាត់កៅស៊ូស្តើងដែលម្ខាងមានពណ៌ខ្មៅ និងម្ខាងទៀតពណ៌ទឹកប្រាក់គ្របពីលើរងនោះដោយដាក់ពណ៌ទឹកប្រាក់ឡើងលើ។
អ្នកស្រីបានរៀបរាប់ថា ការដាក់ពណ៌ទឹកប្រាក់ឡើងលើបែបនេះ ដើម្បីឱ្យជះកម្តៅថ្ងៃទៅវិញកុំឱ្យដំណាំស្រូបកម្ដៅថ្ងៃច្រើនពេក ហើយម្យ៉ាងសម្រាប់ដេញសត្វល្អិតផង។ រីឯទឹកសម្រាប់ស្រោចស្រពដំណាំវិញ គឺអ្នកស្រីរៀបទុយោជាប្រព័ន្ធដោយបើកទឹកឱ្យស្រក់ជាតំណក់ៗដែលក្នុង ១ ថ្ងៃ ឱ្យស្រក់តែ ១ ទៅ ២ ម៉ោងប៉ុណ្ណោះ។ បច្ចុប្បន្ននេះអ្នកស្រីដាំត្រសក់ និងម្ទេស ហើយក៏មានការប្តូរទៅដាំបន្លែប្រភេទផ្សេងៗគ្នាទៀត តែសុទ្ធតែជាបន្លែសុវត្ថិភាពមិនប្រើជីគីមី ដោយអ្នកស្រីមានម៉ូយមកទិញដល់ៗផ្ទះតែម្តង។
ចំពោះប្រាក់ចំណូលដែលបានពីការលក់ដំណាំកសិកម្មនេះមិនអាចកំណត់ថា បានថេរក្នុង ១ ថ្ងៃប៉ុន្មានទេ ព្រោះវាអាស្រ័យទៅតាមទីផ្សារបន្លែ បើឡើងថ្លៃក៏ប្រាក់ចំណូលកើនទៅតាមហ្នឹងដែរ តែក្នុង ១ ខែៗអ្នកស្រីអាចរកប្រាក់ចំណេញបាន ១ លានទៅ ២ លានរៀលក្នុងទំហំដី ១០ អានេះ។
អ្នកស្រី ទេវី បានបញ្ជាក់ថា៖ «កាលពីខ្ញុំ និងប្តីខ្ញុំមិនទាន់ទទួលបានការបណ្តុះបណ្តាលពីគម្រោងក្នុងសហគមន៍ ខ្ញុំលក់បន្លែក្នុង ១ថ្ងៃ បានលុយ ២ ម៉ឺនរៀលទេ ហើយហត់នឿយទៀត ប៉ុន្តែឥឡូវយ៉ាងហោចណាស់ក៏ខ្ញុំចំណេញបាន ១ លានរៀលដែរក្នុង ១ ខែ»។
បើតាមអ្នកស្រី ទេវី គម្រោងដែលអ្នកស្រីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរួមមាន គម្រោងរ៉ូលីប ណាប៉ា ឈេន កម្មវិធីអាស្ពាយ (Rullip,Napa,chain, aspire and pdaff) ដែលគម្រោងខ្លះបង្ហាត់បង្រៀនបច្ចេកទេសដាំដុះ ឯគម្រោងខ្លះទៀតជួយជាសម្ភារសម្រាប់ដាំដុះដូចជាទុយោទឹក ក្រណាត់កៅស៊ូ ឬក៏សម្ភារដាំដុះផ្សេងៗទៀត។ចំពោះបច្ចេកទេសមួយទៀតគឺដើមប៉េងប៉ោះកាត់ផ្សាំជាមួយដើមត្រប់ តែសម្រាប់ខែនេះអ្នកស្រីមិនទាន់ដាំទេ ព្រោះតម្លៃចុះថោក តែអ្នកស្រីនឹងដាំវិញចាប់ពីខែឧសភា និងខែមិថុនា ពីព្រោះខែទាំងនោះបន្លែមានតម្លៃខ្ពស់។
ពាក់ព័ន្ធនឹងភាពរីកចម្រើនរបស់ស្ត្រីកសិករខាងលើនេះ លោក ឈុំ ឆូយ មេឃុំគោលាប់ ស្រុកចិត្របុរី បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា នៅក្នុងឃុំគោលាប់ មានគម្រោងមួយចំនួនដូចជា រ៉ូលីប ណាប៉ា ឈេន កម្មវិធីអាស្ពាយបានជួយដល់ប្រជាកសិករមានជាសម្ភារស្រាលៗសម្រាប់ដាំដំណាំរួមនឹងគម្រោងផ្តល់ជាការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កសិករជាច្រើនគ្រួសារ ហើយពួកគេបានផ្លាស់ប្តូរទម្លាប់ពីការដាំដុះតាមបែបប្រពៃណីមកជាការដាំដុះតាមលក្ខណៈបច្ចេកទេសវិញ។ក្រោយពីកសិករប្តូរមកដាំបន្លែតាមបច្ចេកទេសកសិកម្មមកក៏ទទួលបានទិន្នផលខ្ពស់ហើយរកចំណូលបានកើនឡើងជាងមុនផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំត្រេកអរណាស់ដោយសារកសិករមានការរីកចម្រើនផ្នែកបច្ចេកទេសកសិកម្មហ្នឹង ហើយខ្ញុំក្នុងនាមអាជ្ញាធរឃុំ គឺខ្ញុំគាំទ្រគាត់។ ឃុំខ្ញុំនេះហើយដែលក្រុមកសិករដូចគាត់បានលើកស្ទួយមុខមាត់ឃុំ។ ពីមុនស្ត្រីឈ្មោះ សាន ទេវី រូបនេះ គាត់ដើរតែសួរគេទេ តែឥឡូវគាត់ក្លាយជាគ្រូគេវិញ»។
លោក លាង ពន្លឺ ជាប្រធានសម្របសម្រួលកម្មវិធីអាស្ពាយ ស្រុកចិត្របុរីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅតាមសហគមន៍មួយចំនួននៅក្នុងស្រុកចិត្របុរីមានគម្រោង Rullip, Napa, chain, aspire and pdaff បានជួយបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្មដល់ប្រជាកសិករដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ជាអ្នកបណ្តុះបណ្តាលយ៉ាងសកម្មដល់ប្រជាកសិករ។
ចំពោះនៅឃុំគោលាប់ក្នុងស្រុកចិត្របុរី មានប្រជាកសិករប្រមាណ ៦០ គ្រួសារ ដែលបានទទួលការបណ្តុះបណ្តាលពីគម្រោង Rullip, Napa, chain, aspire and pdaff ហើយប្រជាកសិករទាំងអស់នេះ គាត់បាននាំគ្នាចងក្រងគ្នាជាក្រុម ដើម្បីបង្កើនការងារដាំដុះទៅតាមលក្ខណៈបច្ចេកទេស។
លោកបានឱ្យដឹងថា ចំពោះបន្លែដែលប្រជាកសិករនិយមដាំមានដូចជា ត្រប់ ប៉េងប៉ោះ ត្រសក់ ត្រឡាច និងម្រះដែលបន្លែទាំងនេះមានតម្រូវការខ្ពស់សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកចិត្របុរី ក៏ដូចជានៅតាមស្រុកនានានៅជុំវិញតំបន់ដាំដុះនេះ បន្លែខាងលើនេះក៏ប្រើជីដែរ ប៉ុន្តែជីដែលប្រើនោះសុទ្ធតែជាជីធម្មជាតិ ដែលបន្លែទាំងនេះមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ឡើយ។ ចំពោះបន្លែដែលប្រជាកសិករដាំបានវិញគឺមានឈ្មួញមកទិញដល់ៗផ្ទះហើយមានតម្លៃលើសពីតម្លៃបន្លែលើទីផ្សារដោយសារបន្លែទាំងនោះជាបន្លែសុវត្ថិភាព។
លោក លាង ពន្លឺ បានបញ្ជាក់ប្រាប់ដូច្នេះថា៖ «ប្រជាពលរដ្ឋឥឡូវគាត់មានការយល់ដឹងច្រើនពីចំណីអាហារហូបចុក។ដូច្នេះមុននឹងគាត់សម្រេចចិត្តទិញអ្វីមួយគឺគាត់មានការប្រុងប្រយ័ត្នខ្លាំងណាស់ បែបនេះហើយទើបធ្វើឱ្យបន្លែរបស់គាត់លក់បានថ្លៃនៅពេលដែលគាត់បានអនុវត្តដាំទៅតាមបច្ចេកទេសកសិកម្ម»៕