
លោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យថ្លែងក្នុងសន្នសីទកាសែត។ ហេង ជីវ័ន
ឧត្តរមានជ័យៈ ខេត្តឧត្តរមានជ័យមានអំណោយផលលើវិស័យកសិកម្ម លើការដាំដុះដំណាំស្រូវ និងដំណាំសក្តានុពលសំខាន់ៗមួយចំនួនទៀតដែលថ្នាក់ដឹកនាំខេត្តនេះ អះអាងដែរថា នឹងបន្តជំរុញការកៀរគរបណ្តាវិនិយោគិននានា មកវិនិយោគអភិវឌ្ឍន៍រោងចក្រកែច្នៃ លើកសិផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាកស្រុក ពិសេសលើកកម្ពស់សេដ្ឋកិច្ចខេត្ត។
នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២១ មីនា លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា សេដ្ឋកិច្ចរបស់ខេត្តពឹងផ្អែកលើវិស័យសំខាន់ៗចំនួន ៣ រួមមាន វិស័យកសិកម្ម វិស័យរ៉ែ និងវិស័យទេសចរណ៍។
វិស័យកសិកម្ម ផ្តោតលើ ដំណាំកៅស៊ូ, ស្រូវ, ចេក, ស្វាយចន្ទី, ស្វាយកែវរមៀត និងដំឡូងមី ចំណែក វិស័យរ៉ែ ផ្ដោតលើរ៉ែមាស រ៉ែត្បូង សំណរ និងរ៉ែធ្យូងថ្ម) និងវិស័យទេសចរណ៍ ផ្ដោតលើទេសចរណ៍ធម្មជាតិ, ទេសចរណ៍វប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រចំនួន ១៤ ដែលជាកេរដំណែល។
លោកបញ្ជាក់ថា៖ «ការលើកកម្ពស់ក្នុងវិស័យកសិកម្មនេះ កន្លងមករដ្ឋបាលខេត្ត បានរៀបចំចងក្រងជា បណ្ដុំអាជីវកម្មដំណាំនានាដូចជាបណ្តុំដំឡូងមី ត្រសក់ផ្អែម ឪឡឹកលឿង ស្វាយកែវរមៀត បន្លែ និងស្រូវជាដើម»។
លោក កុសល្យ បន្តថា ៖ «បច្ចុប្បន្នខេត្តយើងកំពុងឈានមុខក្នុងការដាំដុះ និងផ្គត់ផ្គង់លើផលិតផល ឪឡឹកលឿង ឪឡឹកទឹកក្រូច និងត្រសក់ផ្អែម (ម៉ឺឡុង) រួមនឹងចេកអំបូងលឿងដែលបានដាំដុះលើផ្ទៃដីសរុបប្រមាណ ៨ ០៤៦ ហិកតាក្នុងទូទាំងខេត្ត និងកំពុងប្រមូលផលជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រទេស»។
លើសពីនេះទៀត ដើម្បីជំរុញឱ្យការផលិតលើផលិតផលកសិកម្ម ផ្តោតលើគុណភាព ដើម្បីប្រកួតប្រជែងលើទីផ្សារ កាត់បន្ថយការចំណាកស្រុក របស់ប្រជាពលរដ្ឋក្នុងខេត្ត លោកអភិបាលខេត្តថ្លែងថា គោលដៅបច្ចុប្បន្ន និងទៅថ្ងៃមុខ គឺខេត្តនឹងខំជំរុញ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ និងកៀរគរអ្នកវិនិយោគទុននានា ឱ្យងាកមកបោះទុនវិនិយោគលើរោងចក្រ ឬសហគ្រាសនានា ពិសេសលើការកែច្នៃផលិតផលកសិកម្ម។
នាឱកាសនោះដែរ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឱ្យដឹងដែរថា ដោយមើលឃើញពីសក្តានុពលនៃដំណាំកសិកម្ម កន្លងមករដ្ឋបាលខេត្តក៏បានរៀបចំ និងចងក្រងផលិតកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន និងឈ្មួញប្រមូលទិញក្នុងខេត្តក្រៅខេត្ត ដើម្បីចុះកិច្ចសន្យាផ្ទាល់ក្នុងការប្រមូលទិញផលិតផលកសិកម្មក្នុងតម្លៃមួយសមរម្យដោយមានការឯកភាពគ្នារវាងអ្នកផលិត និងអ្នកប្រមូលទិញ។
ក្រៅពីកៀរគរបណ្តាអ្នកវិនិយោគបន្ថែម លោកថា៖ «មន្ទីរក៏នឹងផ្តោតការយកចិត្តទុកដាក់ជំរុញបងប្អូនប្រជាពលរដ្ឋ ឱ្យទទួលយកនូវបទពិសោធន៍ និងបច្ចេកទេសថ្មី ដើម្បីបង្កើនការដាំដុះដំណាំសក្តានុពលរបស់ខេត្ត សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល»។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ខេត្តមានផ្ទៃដីសរុប ៦ ៨៤០,៩១ គីឡូម៉ែត្រការ៉េ ចែកជា ៥ស្រុក-ក្រុង មាន ២៤ ឃុំ សង្កាត់ ស្មើនឹង ៣០៨ ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន ២៦៤៩៦៩ នាក់ (សី ១៣០ ៩៨៥ នាក់) ស្មើនឹង ៦៤ ៦៥៦ គ្រួសារ។ គិតត្រឹមខែមីនា ឆ្នាំ ២០២៣ ការងារដីដាំដុះដំណាំស្រូវ សម្រេចបានលើផ្ទៃដីចំនួន ៩៥ ០០០ ហិកតា ទទួលបានបរិមាណផល ២៦២ ៦៩០ តោន ដោយមានអត្រាកំណើនជាមធ្យម ៨,១២% ក្នុង ១ ឆ្នាំក្នុងនោះមានអតិរេកស្រូវ ១៦៩ ៣៨០ តោន ក្នុងឆ្នាំ ២០២២ កន្លងមក ដែលមានអត្រាកំណើនជាមធ្យមនៃអតិរេកស្រូវមានចំនួន ១១,៣៤% ក្នុង ១ ឆ្នាំ។
ក្រៅពីស្រូវជាដំណាំយុទ្ធសាស្ត្រ ដំណាំកសិឧស្សាហកម្មផ្សេងទៀត ក៏មានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ផងដែរក្នុងនោះដំណាំដំឡូងមីសម្រេចបានលើផ្ទៃដី ៧០ ៨៦០ ហិកតា កើនឡើងប្រមាណ ២១,០៦% ដោយទទួលបានបរិមាណផលសរុបចំនួន ១ ៤៣៣ ៥២២ តោន។
ក្នុងនោះដែរដំណាំស្វាយចន្ទីសម្រេចបានលើផ្ទៃដី ១៨ ៣៨២ ហិកតា កើនឡើង ប្រមាណ ១០៥,៤០% ដោយទទួលបានបរិមាណផលសរុប ១៤ ៦០០ តោន មានអត្រាកំណើន ជាមធ្យម ២២,៥៩% ក្នុង ១ ឆ្នាំ។ ដំណាំស្វាយកែវរមៀតសម្រេចបានលើផ្ទៃដី ១៣ ៥១៥ ហិកតា កើនឡើងប្រមាណ ៧៤,២៩% ដោយទទួលបានបរិមាណផលសរុប ២៨៣ ២៥០ តោន មានអត្រាកំណើនជាមធ្យម ២៨,៤០% ក្នុង ១ ឆ្នាំ។ ដំណាំកៅស៊ូសម្រេចបានលើផ្ទៃដី ១៥ ១៥៣ ហិកតា ដោយទទួលបានបរិមាណផលសរុប ៨ ៧៥០ តោន មានអត្រាកំណើន ជាមធ្យម ៣៦,៣៨% ក្នុង ១ ឆ្នាំ៕