
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត កាលពីថ្ងៃទី ២១ ខែមីនា។ រូបថត SPM
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានលើកឡើងថា កំណើនភ្ញៀវទេសចរដើរកម្សាន្តក្នុងស្រុក គឺជាការផ្សព្វផ្សាយដ៏ល្អមួយទៅដល់បណ្តាក្រុមហ៊ុន/ទីភ្នាក់ងារទេសចរណ៍ និងភ្ញៀវទេសចរបរទេសពីសក្តានុពល និងសុវត្ថិភាពសម្រាប់ការធ្វើដំណើរមកកម្ពុជា ស្របពេលដែលកំណើននៃភ្ញៀវទេសចរបន្តកើនឡើងជាលំដាប់បន្ទាប់ពីកម្ពុជាបានប្រកាសបើកសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញកាលខែវិច្ឆិកាឆ្នាំ២០២១។
ទិន្នន័យពីក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល ១សប្តាហ៍ពីថ្ងៃទី១៣-១៩ខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៣០៦ ៥១៦នាក់ ក្នុងនោះភ្ញៀវជាតិ២៥៤ ៦១៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥១ ៨៩៨នាក់។ ក្នុងនោះខេត្តព្រះសីហនុទទួលបានភ្ញៀវច្រើនជាងគេ គឺ ៦៨ ០៦៧នាក់, សៀមរាប ៤២ ៨៦៣នាក់, ភ្នំពេញ ៤០ ៤៧៣នាក់, កំពត ២៥ ២៣៣នាក់, បាត់ដំបង ២៥ ១៩៩នាក់, កំពង់ចាម ១៤ ១៨០នាក់, បន្ទាយមានជ័យ ១២ ២៩៥នាក់, ពោធិ៍សាត់ ១០ ៦៣០នាក់។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា៖«ជាការកត់សម្គាល់ ចរន្តភ្ញៀវទេសចរក្នុងស្រុកបន្តស្ថិតក្នុងរង្វង់ប្រមាណ ៣០ម៉ឺននាក់ក្នុង១សប្តាហ៍ ខណៈសប្តាហ៍កន្លងមកយើងទទួលភ្ញៀវក្នុងស្រុកប្រមាណ ១,៥លាននាក់ ក្នុងនោះការប្រារព្ធពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ បានទាក់ទាញភ្ញៀវជាង ១លាននាក់»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ លោក ខៀវ ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២២ ខែមីនាថា បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ស្ងប់ស្ងាត់ ចរន្តទេសចរណ៍ក្នុងស្រុកបានស្ទុះងើបឡើងវិញយ៉ាងលឿន ដោយបច្ចុប្បន្នចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចេញដើរលេងកម្សាន្តនៅខេត្តសៀមរាបបានកើនឡើងជាបន្តបន្ទាប់ ពិសេសនៅពេលមានពិធីបុណ្យទានម្តងៗ។
លោកបន្តថា ក្នុងនាមអ្នកនៅក្នុងវិស័យទេសចរណ៍លោកពិតជារីករាយដែលចលនាភ្ញៀវមានភាពផុសផុលឡើងវិញ(ភាគច្រើនភ្ញៀវទេសចរក្នុងស្រុក)។ លោកបន្ថែមថា នៅពេលអំឡុងពិធីបុណ្យចូលឆ្នាំថ្មីខ្មែរខាងមុខ ក្រុងសៀមរាបនឹងរៀបចំពិធីបុណ្យសង្ក្រាន្ត ដូច្នេះចំនួនភ្ញៀវមកលេងខេត្តសៀមរាបនឹងមានចំនួនច្រើន ខណៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនបានរៀបចំឡើយដោយសារក្តីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ១៩។
លោកប្រាប់ថា៖«ទោះបីភ្ញៀវក្នុងស្រុកមិនចំណាយច្រើនដូចភ្ញៀវបរទេស ប៉ុន្តែវាពិតជាសំខាន់ណាស់ក្នុងដំណាក់កាលនេះក្នុងការជួយស្តារឱ្យវិស័យទេសចរណ៍ងើបឡើងវិញ។ នៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តសៀមរាបនៅថ្ងៃចុងសប្តាហ៍តែងតែមានភ្ញៀវទៅកម្សាន្តច្រើន»។
លោកលើកឡើងទៀតថា ចំនួនជើងហោះហើរពីបរទេសចូលមកក្នុងខេត្តសៀមរាប ក៏មានចំនួនកាន់តែច្រើនផងដែរ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាលោក ធួន ស៊ីណាន បាននិយាយថា កំណើនភ្ញៀវទេសចរដើរកម្សាន្តក្នុងស្រុក គឺជាការផ្សព្វផ្សាយដ៏ល្អមួយទៅដល់បណ្តាក្រុមហ៊ុន/ទីភ្នាក់ងារទេសចរណ៍ និងភ្ញៀវទេសចរបរទេសពីសក្តានុពល និងសុវត្ថិភាពសម្រាប់ការធ្វើដំណើរមកកម្ពុជា។ នៅពេលភ្ញៀវចេញដើរកម្សាន្តកាន់តែច្រើន ចរន្តសេដ្ឋកិច្ចជាតិក៏មានភាពរស់រវើក និងរីកចម្រើនដែរ។
លោកអះអាងថា៖«ក្នុងដំណាក់កាលដំបូងនៃការងើបចេញពីវិបត្តិកូវីដ១៩ ទេសចរណ៍ក្នុងស្រុកគឺមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវបរទេសឱ្យចូលមកកម្សាន្តនៅកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីដើមខែមករា ឆ្នាំ២០២៣ ធ្លាប់បាននិយាយថា ក្នុងឆ្នាំ២០២៣ នេះទេសចរផ្ទៃក្នុងអាចមានក្នុងរង្វង់ ១៥លាននាក់។
តារាងសូចនាកររបស់ក្រសួងទេសចរណ៍ ឱ្យដឹងថា កាលពីឆ្នាំ២០២២ ទេសចរជាតិ(Domestic Tourists) ដែលចេញដើរកម្សាន្តក្នុងស្រុកមានចំនួនសរុប ១៣,៩៣លាននាក់ កើនឡើង ១៩៨,៨ភាគរយធៀបឆ្នាំ២០២១។ ជាមធ្យមទេសចរជាតិចំណាយរយៈពេលដើរកម្សាន្ត ៣ថ្ងៃ ២យប់ និងចំណាយជាមធ្យម ៥០ដុល្លារក្នុងម្នាក់ៗ ដែលស្មើនឹងទឹកប្រាក់សរុបប្រមាណ ៦៥០លានដុល្លារ៕